(ភ្នំពេញ)៖ លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី និងស្វាមី ព្រមទាំងក្រុមគ្រួសារបងប្អូន នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ បានចូលរួមផ្តល់អំណោយផ្ទាល់ខ្លួន រូមមានថវិកា និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងភេសជ្ជៈជាច្រើនទៀត ជូនចាស់ៗជិត២០០នាក់ និងចែកសម្ភារសិក្សាមួយចំនួនទៀត ជូនដល់ក្មេងៗជិត១០០នាក់បន្ថែមទៀត។
កម្មវិធីចែកអំណោយនេះ បានរៀបចំឡើងនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្បែរនឹងក្រុមហ៊ុនរបស់លោកស្រី ហើយក៏ជាកន្លែងកំណើតរបស់លោកស្រីផងដែរ។
លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី បានប្រាប់អង្គភាព Fresh News ថា ការចែកអំណោយនាពេលនេះ គឺធ្វើឡើងកើតពីក្តីស្រឡាញ់ចេញពីបេះដូងពិតៗ ហើយក៏មិនមែនជាការសម្តែងអ្វីនោះដែរ ម្យ៉ាងទៀត ដោយសារតែលោកស្រី ធ្លាប់ឆ្លងកាត់ជីវភាពក្រលំបាក តាំងពីក្មេង។
លោកស្រីបានបន្ថែមថា ការចែកអំណោយសម្រាប់ក្មេងៗជាសម្ភារសិក្សា គឺស្របពេលដែលសាលារៀនជិតចូលកងវិញ ដើម្បីឲ្យក្មេងៗបានយកទៅប្រើប្រាស់ សម្រាប់ការសិក្សារបស់ពួកគាត់។ ចំណែកចាស់ៗវិញ គឺសម្រាប់សម្រួលដល់ការលំបាករបស់គាត់បានមួយរយៈពេលដែរ ពីព្រោះថា ចាស់ៗភាគច្រើន ដែលទទួលបានអំណោយនាពេលនេះ គឺសុទ្ធតែគ្មានកូនចៅជាទីពឹងនោះឡើយ។
បន្ថែមពីលើនេះ អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ក៏បានសំណូមពរទៅដល់ក្មេងៗទាំងអស់ឲ្យជៀសឆ្ងាយពីគ្រឿងញៀន និងខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យបានមានចំណេះដឹង សម្រាប់យកទៅកសាងជីវភាពរស់នៅ នាពេលអនាគតផងដែរ។
នៅក្នុងឱកាសនោះដែរ លោកស្រី សូ ស៊ីថា តំណាងអភិបាលខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារ ខណ្ឌព្រែកព្នៅ បានអរគុណលោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី និងស្វាមី ព្រមទាំងក្រុមគ្រួសារបងប្អូន ដែលបានរៀបចំកម្មវិធីនេះឡើង នៅក្នុងមូលដ្ឋានសង្កាត់ព្រែកព្នៅនាពេលនេះ។ លោកស្រី សូ ស៊ីថា បានបន្ថែមថា នេះគឺជាអំពើដ៏ល្អមួយ ដែលបានចូលរួមចែករំលែក និងជួយគ្នាទៅវិញទៅមក។
ក្រោយទទួលបាននូវអំណោយពី លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនដីង ខូអ៊ិលធីឌី និងស្វាមី រួមនឹងក្រុមគ្រួសារបងប្អូនរបស់អ្នកស្រីរួចមក លោកតា លោកយាយចាស់ជរា បានសម្តែងអារម្មណ៍សប្បាយចិត្ត ដែលបានទទួលអំណោយទាំងនេះ ហើយក៏បានថ្លែងអំណរគុណ ដល់លោកស្រី ឲ្យមានសុខភាពល្អ និងជោគជ័យបន្ថែមទៀត លើអាជីវកម្មនាពេលបច្ចុប្បន្ននេះផងដែរ។
ជាមួយគ្នានោះដែរ ក្មេងៗដែលមានអាយុមិនលើសពី១៥ឆ្នាំ ហើយបានទទួលអំណោយពី លោកស្រី ទ្រី ដាណា និងក្រុមគ្រួសារ ក៏បានថ្លែងអរគុណ និងសូមឲ្យលោកស្រី និងក្រុមគ្រួសារ រកទទួលទានមានបាន និងមានសុខភាពល្អ ហើយក្មេងៗទាំងអស់នោះ ក៏ស្នើឲ្យលោកស្រី ទ្រី ដាណា បង្កើតកម្មវិធីចែកសម្ភារសិក្សាជូនពួកគាត់ផងដែរ ដើម្បីបានទៅប្រើប្រាស់សម្រាប់ការសិក្សា។
គួរបញ្ជាក់ថា លោកស្រី ទ្រី ដាណា និង លោក ហ៊ីង បញ្ញារិទ្ធ ជាស្វាមី បានបើកក្រុមហ៊ុនលក់គ្រឿងសំអាង ដែលមានម៉ាកឈ្មោះថា N.N.P ផ្តាច់មុននៅកម្ពុជាហើយ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ នៅទីស្នាក់ការក្រុមហ៊ុនផ្ទាល់ ដែលមានទីតាំងស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ៥ ផ្លូវចូលផ្សារថ្មីព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ដំបូងឡើយ អ្នកស្រី ទ្រី ដាណា គ្រាន់តែជាអ្នកលក់ខោអាវជជុះ និងឥវ៉ាន់ក្រោមឆត្រ មុខរោងចក្រប៉ុណ្ណោះ។ ក្នុងជីវិតជាក្មេងកំព្រាឪពុកម្ដាយតាំងពីតូច អ្នកស្រីតស៊ូគ្រប់បែបយ៉ាង និងសន្សំបានប្រាក់មួយចំនួន ក៏ទៅដាក់ទុនរកស៊ីតិចតួច។ ចាប់ផ្ដើមរកស៊ីដំបូង គឺយកគ្រឿងសម្អាងពីគេ មកដើរលក់តាមផ្សារ ដោយជំពាក់ខ្លះ និងឱ្យថ្លៃដើមខ្លះ។ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលឡើយ ព្រោះអ្នកខ្លះមិនលក់ឱ្យ ព្រោះគេខ្លាចជំពាក់មិនសង។
ដោយសារមានភាពរួសរាយ និងការអាណិត ទើបធ្វើឱ្យអ្នកលក់តាមផ្សារស្រលាញ់ចូលចិត្ត ហើយជួយយកឥវ៉ាន់កាន់តែច្រើន។ ក្រោយមក អ្នកស្រីមានដើមទុនច្រើនគួរសម ពោលគឺនៅអំឡុងឆ្នាំ២០១២ ក៏ចាប់ផ្ដើមស្គាល់គេ និងប្រថុយយកគ្រឿងសម្អាងពី ប្រទេសថៃមកលក់បន្ត។
ទំនុកចិត្តពីអ្នកតំណាងចែកចាយ ធ្វើឲ្យអ្នកស្រីសម្រេចចិត្តបើកក្រុមហ៊ុននាំចូលគ្រឿងសម្អាងជាផ្លូវការ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ដោយដាក់ឈ្មោះថា ដាណា ទ្រី ខេមបូឌា ត្រេនដីង ខូអិលធីឌី។ សព្វថ្ងៃ ក្រុមហ៊ុននេះ មានអ្នកតំណាងចែកចាយបន្ត រហូតដល់រាប់ម៉ឺននាក់ គ្រប់ខេត្ត រាជធានី ទូទាំងប្រទេសកម្ពុជា។ ជាមនុស្សមានក្ដីស្រមៃធំ អ្នកស្រី ទ្រី ដាណា មិនបានបញ្ចប់គោលដៅត្រឹមនេះទេ គឺស្វែងយល់ពីជំនួញថ្មីៗបន្តបន្ទាប់។
ជាមួយគ្នានោះដែរ អគ្គនាយិកាក្រុមហ៊ុនសម្អាងរូបនេះ កឺនឹកឃើញទៅដល់គ្រឿងអលង្ការ មាស ពេជ្រ សម្រាប់តែងខ្លួនរបស់នារី។ បន្ទាប់ពីព្យាយាមសិក្សាពីវាអស់រយៈពេលប៉ុន្មានឆ្នាំរួចមក អ្នកស្រី ទ្រី ដាណា ក៏បានសម្រេចបើកហាងពេជ្រមួយទៀត ដាក់ឈ្មោះថា «ដាណា » កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩៕