(ភ្នំពេញ)៖ ផ្សារទំនើប «ព្រីនស៍ហ័នយូ» ដែលមានទីតាំងស្ថិត នៅខេត្តព្រះសីហនុ នឹងបើកសម្ភោធផ្លូវការ នៅចុងឆ្នាំនេះ។ នេះបើតាមការឲ្យដឹងពីលោក LEI BO អគ្គនាយកក្រុមហ៊ុន ព្រីនស៍ហ័នយូរៀលអ៊ិស្ទេត។
ការឲ្យដឹងរបស់លោក LEI BO ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលសម្រេចបាននៃ ការជួលទីតាំងក្នុងផ្សារទំនើប ព្រីនស៍ហ័នយូ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍អចលនទ្រព្យ ក្រុមហ៊ុនព្រីនស៍ហ័នយូរៀលអ៊ិស្ទេត។
លោក LEI BO ឲ្យដឹងថា «ផ្សារទំនើប ព្រីនស៍ហ័នយូ នឹងបើកសម្ភោធជាផ្លូវការនៅចុងឆ្នាំនេះ ហើយនឹងក្លាយខ្លួនជាមជ្ឈមណ្ឌលទិញទំនិញដ៏ធំជាងគេ ក្នុងក្រុងព្រះសីហនុ ហើយរហូតមកដល់ពេលនេះ ក៏បានទាក់ទាញក្រុមហ៊ុនលក់ផលិតផលល្បីៗជាង១០០ក្រុមហ៊ុនមកហើយ»។
លោកបានបន្តថា ក្នុងនោះមានក្រុមហ៊ុនជាច្រើនដូចជា៖ Coach, Starbucks, ADIDAS, Pedro, TEN11, Samsonite និងហាងល្បីៗជាច្រើនកំពុងជួលជុល និងតែងលំអរដូចជា៖ WINK KTV និងកន្លែងកំសាន្តជាច្រើនទៀត ក្នុងនោះក៏មានក្រុមហ៊ុនល្បីៗនៅកម្ពុជាដូចជា Legend Cinema ជាដើម។
លោកបន្ថែមថា «ខ្ញុំគិតថាពេលផ្សារទំនើប ព្រីនស៍ហ័នយូ បើកសម្ភោធជាផ្លូវការ មិនត្រឹមតែអាចបំពេញតម្រូវការអតិថិជនប៉ុណ្ណោះទេ តែនឹងក្លាយជាកន្លែងជួបជុំដ៏ល្អបំផុតក្នុងខេត្តព្រះសីហនុ និងភាគខាងត្បូងនៃប្រទេសកម្ពុជា»។
លោក LEI BO ក៏បាន បង្ហាញពីសក្ដានុពលនៃក្រុមហ៊ុន ព្រីនស៍ហ័នយូ រៀលអ៊ិស្ទេត ដែលបានយកប្រទេសកម្ពុជា ជាគោលដៅយុទ្ធសាស្រ្ត ពិសេសរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្នុងការពង្រីកការវិនិយោគទៅដល់ប្រទេសចំនួន៦ ក្នុងទីក្រុងចំនួន១០លើពិភពលោក ដើម្បីអនុវត្តគម្រោងយ៉ាងតិចចំនួន១៥។
លោកបន្តថា រហូតមកដល់ពេលនេះក្រុមហ៊ុន ព្រីនស៍ហ័នយូរៀលអ៊ិស្ទេត បានវិនិយោគជោគជ័យ ជាមួយគម្រោងជាច្រើនក្នុងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ។ គម្រោងទាំងនោះរួមមាន៖ គម្រោង Prince Huan Yu Center, គម្រោង Prince Huan Yu Golden Bay, គម្រោង Prince Huan Yu Financial Tower និងគម្រោងជាច្រើនទៀតដែលមានទីតាំងខុសៗគ្នា និងបានបង្កើតការងាររាប់ពាន់កន្លែង ដល់ប្រជាជនកម្ពុជាព្រមទាំង រួមចំណែកទាក់ទាញវិនិយោគគិន មកវិនិយោគនៅកម្ពុជាផងដែរ។
លោកបញ្ជាក់ថា ពិសេសបានជួយជំរុញឲ្យប្រទេសកម្ពុជាអភិវឌ្ឍន៍ទីក្រុង កាន់តែស្របតាមលក្ខណៈអន្តរជាតិ ព្រមទាំងធ្វើឲ្យប្រជាជនទាំងក្នុង និងក្រៅប្រទេសកាន់តែទទួលស្គាល់ការរីកចម្រើន របស់ប្រទេសកម្ពុជា ពិសេសមើលឃើញយ៉ាងច្បាស់ថា រាជធានីភ្នំពេញ និងខេត្តព្រះសីហនុពិតជាអភិវឌ្បន៍ យ៉ាងលឿនពិតប្រាកដមែន៕