(សៀមរាប)៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ដែលទើបតែឡើងកាន់តំណែង នាពេលថ្មីនេះ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការរុះរើរោងគ្មានរបៀបរៀបរយ គ្មានច្បាប់ នៅក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី នាតំបន់ជើងភ្នំគូលែន ដែលមានប្រជាពលរដ្ឋ និងក្រុមឱកាសនិយមសរុបចំនួន ៩៤៨គ្រួសារ និងបុគ្គលមួយចំនួនទៀត បានចូលរុករាន ដុត ឈូសឆាយ ទន្ទ្រានហ៊ុព័ទ្ធ ដីរបស់រដ្ឋដោយខុសច្បាប់ ដែលធ្វើឲ្យមានផលប៉ះពាល់ដីធ្លី បរិស្ថានធម្មជាតិ ព្រៃឈើ និងភាពគ្មានសណ្ដាប់ធ្នាប់របៀបរៀបរយ។

នៅក្នុងលិខិតជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា នៅក្នុងចំណុចភូមិសាស្ត្រ ក្បែរជើងភ្នំគូលែន ស្ថិតនៅភូមិត្បែងលិច និងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប គឺមានការចូលទន្ទ្រានកាន់កាប់ដី និងសាងសង់រោងនៅលើដីសាធារណៈរបស់រដ្ឋដោយខុសច្បាប់ពីប្រជាពលរដ្ឋ ៨៤គ្រួសារ ៥៦២គ្រួសារ និង៣០២គ្រួសារ និងបុគ្គលមួយចំនួនទៀត បានបំផុសបំផុលចលនាធ្វើការចូល រុករាន ដុត ឈូសឆាយ ទន្ទ្រានហ៊ុព័ទ្ធ បែងចែកដីរបស់រដ្ឋ តាមរូបភាពការចូលចាប់យកដីដោយខ្លួនឯង ឬការទិញ-លក់ដីរដ្ឋ ដើម្បីយកធ្វើកម្មសិទ្ធិដោយខុសច្បាប់ ក្រោមលេសខ្វះដីសាងសង់លំនៅស្ថាន ឬអាស្រ័យផល ដែលធ្វើឲ្យមានផលប៉ះពាល់ដីធ្លី បរិស្ថានធម្មជាតិ ព្រៃឈើ និងភាពគ្មានសណ្ដាប់ធ្នាប់ របៀបរៀបរយជាដើម។

ក្នុងលិខិតរបស់រដ្ឋបាលស្រុកបានបន្តទៀតថា ដើម្បីពង្រឹងប្រសិទ្ធិភាព នៃការគ្រប់គ្រងដីរដ្ឋ ដែលស្ថិតនៅក្នុងតំបន់ភូមិសាស្ត្រខាងលើ រដ្ឋបាលស្រុកបន្ទាយស្រី សូមដាក់ចេញនូវវិធានការដូចខាងក្រោម៖

*ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពការទិញ-លក់ដីរដ្ឋ ដើម្បីយកធ្វើកម្មសិទ្ធិដោយខុសច្បាប់
*ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាព សាងសង់រោងគ្មានរបៀបរៀបរយគ្រប់ប្រភេទ លើដីសាធារណៈរបស់រដ្ឋ
*អ្នកដែលបានកាន់កាប់ទន្ទ្រានដីរដ្ឋដោយខុសច្បាប់កន្លងមក ត្រូវធ្វើការរុះរើ រោង ដោយខ្លួនឯង ក្នុងរយៈពេល ៧ថ្ងៃ (ប្រាំពីរថ្ងៃគត់) ដោយគិតចាប់ពីថ្ងៃទី២៤ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ជាកំណត់។ ក្នុងករណីបុគ្គលណាដែលប្រព្រឹត្តិល្មើស និងមិនគោរព ឬអនុវត្តតាម សេចក្ដីជូនដំណឹងខាងលើនេះ នឹងត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន។

សេចក្ដីជូនដំណឹងនេះ ក៏បានសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការអនុវត្តកុំបីអាក់ខានឡើយ ហើយរដ្ឋបាលស្រុកបន្ទាយស្រី មានសង្ឃឹមយ៉ាងមុតមាំថាបងប្អូន និងចូលរួមសហការ អនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងនោះក៏មានមតិមហាជន ក៏ដូចជា ភ្ញៀវទេសចរជាតិមួយចំនួន បានលើកឡើងថា ចលនានៃការចូលរុករាន ឈូសឆាយ ដុត ទន្ទ្រានហ៊ុព័ទ្ធ ទិញ-លក់ដីរបស់រដ្ឋនេះ ដោយខុសច្បាប់ ហើយបានបំផ្លាញ និងប៉ះពាល់ដីធ្លី បរិស្ថាន ព្រៃឈើ ធន់ធានធម្មជាតិ និងភាពគ្មានសណ្ដាប់ធ្នាប់ របៀបរៀបរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានច្រើនណាស់ដែរ ទាំងនៅលើតំបន់ភ្នំគូលែន និងតំបន់ជុំវិញនោះ។

ពួកគាត់ ក៏បានសុំណូមពរដល់សមត្ថកិច្ច រួមនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាពិនិត្យ អនុវត្តច្បាប់ឱ្យមានប្រសិទ្ធិភាពខ្ពស់ជាធរមាន ដើម្បីបានរក្សាការពារ គ្រប់គ្រង និងអភិរក្សឧទ្យានជាតិ ព្រះជ័យវរ្ម័យ-នរោត្តម «ភ្នំគូលែន» និងតំបន់ដីរដ្ឋ ដែលតំបន់នេះ គឺជាតំបន់ឧទ្យានជាតិ តំបន់ការពារធម្មជាតិ របៀងអភិរក្សជីវចម្រុះ ហើយក៏ជាផ្នែកមួយក្នុងការធានាឱ្យមានចីរភាព សម្រាប់កិច្ចការពារ ថែរក្សា និងគ្រប់គ្រងទាំងធនធានព្រៃឈើ ព្រោះឧទ្យានជាតិ «ភ្នំគូលែន» ដែលជាបេតិកភណ្ឌវប្បធម៌ មានអាយុកាលយូរអង្វែងមកហើយ សម្រាប់ជាប្រយោជន៍ដល់មនុស្សជមនាន់បច្ចុប្បន្ន និងជំនាន់ក្រោយៗទៀត។

ម្យ៉ាងពួកគាត់ ក៏បានសំណូមពរដល់គ្រប់ស្ថាប័នរដ្ឋ និងគ្រប់អាជ្ញាធរពាក់ព័ន្ធ គួរត្រូវបានពង្រឹងប្រសិទ្ធិភាពគ្រប់គ្រងលើការងារអភិរក្សធនធានធម្មជាតិ និងបុរាណស្ថានឱ្យមានចីរភាព នៅតំបន់ឧទ្យានជាតិ «ភ្នំគូលែន» ដោយពង្រឹងការអនុវត្តច្បាប់ ការបន្តរៀបចំតំបន់អេកូទេសចរណ៍ ជាមួយនិងការពង្រីកឱកាសបង្កើនមុខរបរចិញ្ចឹមជីវិតដ៏សមស្របរបស់ប្រជាសហគមន៍មូលដ្ឋាន ផងដែរ៕