(កណ្ដាល)៖ ស្នងការនគរបាលខេត្ដកណ្ដាល លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន បាននៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ចេញ និងប្រមូលផ្ដុំកងកម្លាំងសរុបជិត ៦០០នាក់ នៅស្នងការដ្ឋាននគរបាលខេត្ដ ដើម្បីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងដាក់ផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសបុណ្យជាតិធំៗ ដែលនឹងប្រព្រឹត្ដិទៅនាពេលឆាប់ៗខាងមុខនេះ។
បន្ទាប់ពីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបែកចែករៀបចំកងកម្លាំងចំនួន ៤ក្រុម ដើម្បីត្រៀមចេញអន្ដរាគមន៍រក្សាសន្ដិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនបងប្អូន ប្រជាពលរដ្ឋ ក្នុងពិធីបុណ្យជាតិធំដែលនឹងប្រព្រឹត្ដទៅនាពេលខាងមុខឆាប់ៗនេះ ក្នុងនោះមានបុណ្យឯករាជ្យជាតិ បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «អ្វីដែលសំខាន់ កងកម្លាំងត្រូវមានភាពស្មោះត្រង់ការពារជាតិសាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ កុំចាញ់បោកឧបាយកលរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលមានបំណងញោះញុង លាបពណ៌មកលើកងកម្លាំងប្រដាប់អាវុធ និងប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា»។
បើតាមលោកឧត្តមសេនីយ៍ស្ន ងការ, កងកម្លាំងនគរបាលទូទាំងខេត្តកណ្តាល រង់ចាំបទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រូវត្រៀមប្រចាំការរាល់ថ្ងៃ និងប្តេជ្ញាការពារសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ឲ្យបានដាច់ខាតជូនប្រជាពលរដ្ឋ មិនឲ្យក្រុមណាមកបំផ្លាញនោះឡើយ។
ក្រោយពីបែកចែកកម្លាំងតាមក្រុម និងមានមតិផ្ដាំផ្ញើររួចមក លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន បាននាំយកថវិការបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឧបត្តម្ភដល់កងកម្លាំងក្នុងម្នាក់ៗទទួលបាន៤០.០០០៛ សរុបថវិកាចំណាយ ២២.៨០០.០០០រៀល៕