(ភ្នំពេញ)៖ រយៈពេល៩ខែ ពោលចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៩ ចំណូលពីថ្លៃសូយសារព្រៃឈើ បានសរុបចំនួន២២ពាន់លានរៀល (ប្រមាណ៥.៥លានដុល្លារ) និងប្រាក់ដុល្លារសរុបចំនួន១២ម៉ឺនដុល្លារអាមេរិក។
នេះបើតាមរបាយការណ៍ ស្ដីពីសភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំនព្វមាស (៩ខែ) ឆ្នាំ២០១៩ និងទិសដៅអនុវត្ដបន្ដរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។
របាយការណ៍បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់នព្វមាស ឆ្នាំ២០១៩នេះ ចំណូលពីថ្លៃសូមសារព្រៃឈើ សរុបចំនួន២២,៥១១,៧១០,៤៨០រៀល និង១២៣,៨៧០.៣៤ដុល្លារ»។
របាយការណ៍បានឲ្យដឹងទៀតថា សម្រាប់៩ខែ ឆ្នាំ២០១៩ សំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងកាប់រានដីព្រៃសរុបចំនួន៦៩១ករណី ដោយពិន័យអន្តរការណ៍ចំនួន ៣៦២ករណី និងបញ្ជូនទៅតុលាការចំនួន៣២៩ករណី។ ចំពោះវត្ថុតាងនៃបទល្មើសព្រៃឈើ ដែលបានចាប់ឃាត់ និងដកហូតរួមមាន៖
* ឈើគ្រាក់ក្រញូងចំនួន ២ម៉ែត្រគូប និង២៣១គីឡូក្រាម
* ឈើមូល-ជ្រងសរុបចំនួន៣៤២ម៉ែត្រគូប
* ឈើអារសរុបចំនួន ១,៦៧៩ម៉ែត្រគូប
* សត្វព្រៃចម្រុះប្រភេទសរុបចំនួន២,៦៤៨ក្បាល និង៣៨១គីឡូក្រាម
* ផ្ទៃដីព្រៃដែលបានកាប់រានទំហំ ១,៥២២ហិកតា (ចំនួន៤៣ករណី) និងអនុផលព្រៃឈើព្រមទាំងសម្ភារផ្សេងៗទៀត។
គួរបញ្ជាក់ថា រយៈពេល៩ខែ ឆ្នាំ២០១៨ ក្រសួងកសិកម្ម ទទួលបានចំណូលពីវិស័យព្រៃឈើ មានប្រហែលជិត៤លានដុល្លារអាមេរិក ដែលក្នុងនោះ មានចំណូលពីសួយសារផល អនុផលព្រៃឈើសរុបចំនួន ជាង១៥ពាន់លានរៀល និងជាង១១ម៉ឺនដុល្លារ៕
សូមអានរបាយការណ៍ របស់រដ្ឋមន្ត្រីក្រសួងកសិកម្មទាំងស្រុង៖