(ព្រះសីហនុ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសសិង្ហបុរី និងក្រុមគ្រូពេទ្យខ្មែរ នឹងបន្តសកម្មភាពមនុស្សធម៌ផ្តល់ការព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ រយៈពេល ២ថ្ងៃ ចាប់ពីនៅថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ក្រោយពីបានបញ្ចប់ដោយជោគជ័យ បេសកកម្មមនុស្សធម៌ផ្តល់ការព្យាបាលជូនប្រជាពលរដ្ឋនៅស្រុកព្រៃនប់ កាលថ្ងៃម្សិលមិញ។
បើតាមយោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តព្រះសីហនុ ប្រជាពលរដ្ឋប្រមាណ ៣០០នាក់ បានទទួលពិគ្រោះ និងព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសិង្ហបុរី។ បេសកកម្មមនុស្សធម៌នេះ ក៏មានការចូល រួមសហការពីសំណាក់ក្រុមគ្រូពេទ្យកម្ពុជា មន្ត្រីក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ មន្រ្តីរដ្ឋបាល សាលាខេត្ត ក្រុមយុវជនស្ម័គ្រចិត្ត និងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់ទៀត។
សម្រាប់កិច្ចការមនុស្សធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រសិង្ហបុរិ និងក្រុមគ្រូពេទ្យខ្មែរនេះលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ ចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តសិង្ហបុរី និងក្រុមគ្រូពេទ្យខ្មែរព្រមទាំង និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៌នេះ និងផ្តល់វាយតម្លៃខ្ពស់ចំពោះការ ចូលរួមផ្តល់សេវាព្យាបាល ដល់ប្រជាពលរដ្ឋនៅតាមទីជនបទនានាផងដែរ។
សកម្មភាពមនុស្សធម៌នេះត្រូវបាន លោក សាយ សំអាល់ គូសបញ្ជាក់ថា ជាទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ បន្ថែមលើទំនាក់ទំនងការទូតដ៏ ល្អប្រពៃរវាងប្រទេស នៃសមាជិកអាស៊ានទាំង២៕