(តាកែវ)៖ លោក ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារចុះជួយស្រុកត្រាំកក់ រួមជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនាគត ភីអិលស៊ី បាននាំយកអំណោយជាសំលៀកបំពាក់ និងសម្ភារសិក្សាមួយចំនួន ចែកជូនសិស្សានុសិស្សមត្តេយសិក្សា និងបឋមសិក្សា នៅសាលាបឋមសិក្សាស្រែជើងរាស្ត្រ
ស្រុកត្រាំកក់ ខេត្តតាកែវ។
ពិធីនេះក៏មានការចូលរួមពីលោក អ៊ូច ភា អភិបាលខេត្តតាកែវ, លោក តាំង ជុងលី បណ្ណាធិការនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអនាគត ភី អិល ស៊ី, លោក ទូច វន្នី នាយកសាលា ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើន ដែលធ្វើឡើងនៅ សាលាបឋមសិក្សាស្រែជើងរាស្ត្រ ស្ថិតនៅឃុំត្រពាំក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។
លោក ច័ន្ទ សារុន បានលើកឡើងអំពីសមិទ្ធិផលជាច្រើន ដែលលោកនិងភិយា បានចូលរួមចំណែកកសាង ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកត្រាំកក់នាពេលកន្លងមក ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពិសេសផ្លូវក្រាលកៅស៊ូលេខ៣១ ចាប់ពីផ្សារអង្គតាសោម រហូតដល់ភូមិបុសតាផង់ ឃុំត្រពាំងក្រញូង ដែលមានប្រវែងជាង៣០គីឡូម៉ែត្រ ដើម្បីសម្រួលការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋ និងបានបំរើដល់វិស័យទេសចរទៀតផង។
លោកបានណែនាំដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ ដោយត្រូវយកពេលវេលាហាត់អានសៀវភៅ និងធ្វើលំហាត់ឲ្យបានច្រើន ដើម្បីចេះចាំស្ទាត់ និងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតដោយលោកបានបញ្ជាក់ថា កក្តាដែលនាំឲ្យយើងអាចសិក្សាបានពូកែទៅបាន គឺទី១គឺខ្លួនឯង ទី២ក្រុមគ្រួសារ និងមិត្តភ័ក្តដែលនៅជុំវិញខ្លួន និងទី៣ការចូលរួមរបស់លោកគ្រូអ្នកគ្រូ។
លោកតំណាងរាស្ត្រខេត្តតាកែវ ក៏បានផ្តាំផ្ញើរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ទៀតថា ត្រូវខិតខំប្រឹងប្រែងរៀនសូត្រស្តាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ គោរពវិន័យឲ្យបានខ្ជាប់ខ្ជួន ដើម្បីឲ្យក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ ដើម្បីជាទំពាំងស្នងឫស្សីសំរាប់ការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។
នាឱកាសនោះ អភិបាលខេត្តតាកែវលោក អ៊ូច ភា បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការកែទម្រង់យ៉ាងស៊ីជម្រៅទៅលើវិស័យអប់រំ ជាពិសេសក្រោមការខិតខំសិក្សារៀនសូត្ររបស់ក្មួយៗ និងក្រោមការយកចិត្តទុកដាក់បង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូជាលទ្ធផលស្រុកត្រាំកក់ មានសិស្សានុសិស្សដែលជាប់និទ្ទេសA និងសិស្សបានប្រឡងជាប់មធ្យមសិក្សាទុតិយ្យភូមិ រួមនិងសិស្សពូកែបានច្រើនគួរជាទីមោទនៈ ហើយលទ្ធផលនេះក៏បានបង្ហាញយ៉ាងច្បាស់ថាអ្នកចេះគឺជាប់។
លោក តាំង ជុងលី បណ្ណាធិការនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអនាគត ភី អិល ស៊ី បានលើកឡើងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអនាគត ភី អិល ស៊ី បាននាំយកអំណោយមកចែកដល់សិស្សានុ សិស្សមត្តេយ្យ និងសិស្សសាលាបឋមសិក្សាស្រែជើងរាស្ត្រ ដោយសារសាលានេះ ស្ថិតនៅតំបន់ដាច់ស្រយាល ហើយបើទោះបីជាអំណោយទាំងនេះតិចតួចក្តី ប៉ុន្តែវាអាចជួយលើកទឹកចិត្ត និងសម្រាលការលំបាកខ្វះខាតរបស់ប្អូនៗសិស្សានុសិស្សបានមួយចំណែកផងដែរក្នុងការសិក្សារៀនសូត្រ។
ជាមួយគ្នានោះ លោក ទូច វន្នី នាយកសាលាបឋមសិក្សាស្រែជើងរាស្ត្រ បានឲ្យដឹងថា នៅដើមឆ្នាំសិក្សាឆ្នាំ២០១៩ ២០២០ សាលាបឋមសិក្សាស្រែជើងរាស្ត្រ មានសិស្សចំនួន១៨២នាក់ ស្រី៨៩នាក់ ចែកជា៧កម្រិតថ្នាក់ចាប់ពីថ្នាក់មត្តេយ្យ ដល់ ថ្នាក់ទី៦និងមានគ្រូបង្រៀនសរុបចំនួន៥នាក់។
លោកនាយកសាលាបឋមសិក្សាស្រែជើងរាស្ត្រ បានឲ្យដឹងបន្តថា ក្រោមការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសំណាក់លោក ច័ន្ទ សារុន និងភរិយាលោកស្រី សុខ កែវ ច័ន្ទ សារុន នៅចុងឆ្នាំ២០១៥-២០១៦ ដោយមើលឃើញថា សាលាបឋមសិក្សានេះ មានការខ្វះខាតអគារសិក្សា ហើយដោយសារកំណើនសិស្សចេះ តែមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ លោក ច័ន្ទ សារុន និងលោកស្រី បានជួយកសាងនូវអគារសិក្សា១ខ្នង ស្មើនឹង៣បន្ទប់។
សូមបញ្ចាក់ថា លោកគ្រូ អ្នកគ្រូចំនួន៥នាក់ ម្នាក់ៗទទួលបានទទួលបានអង្ករ៥គីឡូក្រាម ស្បោងដាក់សម្ភារចំនួន២ និងថវិកា១០ម៉ឺនរៀល, សិស្សមត្តេយ្យចំនួន៣៣នាក់ ម្នាក់ៗទទួលបានសម្លៀកបំពាក់២កំប្លេ កំប៉ុងដាក់ទឹក១ និងស្បោងដាក់សម្ភារ១, និងសិស្សបឋមសិក្សាចំនួន១៧៣នាក់ ម្នាក់ៗទទួលបានប៊ិច២ដើម ខ្មៅដៃ២ដើម សៀវភៅ៤ក្បាល ស្បោងដាក់សម្ភារ និងកំប៉ុងដាក់ទឹក១៕