(បាត់ដំបង)៖ លោក ស៊ូ អារ៉ាហ្វាត់ អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង និងជាអនុប្រធានក្រុមការងារបក្សចុះជួយស្រុកសង្កែ ទទួលបន្ទុកយុវជន បានលើកឡើងថា យុវជនបក្ស គឺជាកម្លាំងរឹងមាំ ជាអ្នកបន្តវេនជំនាន់ក្រោយ ពិសេសថ្មីៗនេះ យុវជនបក្សមានតួនាទីសំខាន់មួយ គឺត្រូវតាមដានក្តាប់សភាពការណ៍ ពីសកម្មភាពរបស់អតីតសកម្មជនគណបក្ស សង្គ្រោះជាតិនៅតាមមូលដ្ឋានដែលគាំទ្រទណ្ឌិត សម រង្ស៊ី ដែលមានចេតនាផ្តួលរំលំរាជរដ្ឋាភិបាល និងរំលាយរបបរាជានិយមនៅកម្ពុជា។
ការលើកឡើងបែបនេះរបស់លោក ស៊ូ អារ៉ាហ្វាត់ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោក បានអញ្ជើញបើកកិច្ចប្រជុំសំណេះសំណាល ដើម្បីពង្រឹងយុវជនបក្សស្រុកសង្កែ និងប្រតិភូអមដំណើរ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុក និងយុជវជនបក្សមកពីបណ្តាឃុំទាំង១០ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ប្រមាណជាង១០០នាក់។
នៅក្នុងឱកាសនោះដែរ លោក ស៊ូ អារ៉ាហ្វាត់ ក៏បានអនុញ្ញាតឱ្យតំណាងយុវជនតាមឃុំឡើងមានមតិ ស្តីពីការងារយុវជន ក្នុងស្រុកសង្កែកន្លងមក និងរាយការណ៍ អំពីការតាមដានសកម្មភាព នយោបាយថ្មីៗ ដោយធ្វើការតាមដានអតីតសកម្មជនបក្សប្រឆាំង នៅតាមមូលដ្ឋាននានា ដើម្បីទប់ស្កាត់រាល់ សកម្មភាពខុសច្បាប់ របស់ក្រុមទាំងនេះរួចមក។
បើតាមលោក ឡុង ផលគុណ អនុប្រធានក្រុមការងារបក្សប្រជាជនកម្ពុជាស្រុកសង្កែ និងជាអនុប្រធានក្រុមការងារបក្សចុះឃុំតាប៉ុន បានរំលើកឡើង និងផ្តល់អនុសាសន៍សំខាន់ៗ មួយចំនួនចែកចាយដល់យុវជនទាំងអស់ ដើម្បីស្វែងយល់ និងយកចំណេះដឹងទាំងនេះ យកទៅអនុវត្តការងារ នៅមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ។
លោកបានបញ្ជាក់ថា ដើម្បីឱ្យប្អូនៗទាំង អស់ក្លាយជាទំពាំងស្នងឬស្សី ជាអ្នកបន្តវេណជំនាន់ក្រោយនោះ សូមប្អូនៗម្នាក់ៗ ត្រូវខិតខំរៀនសូត្របង្កើនចំណេះដឹងរបស់ខ្លួន ដើម្បីជាប្រយោជន៍យកមកប្រើប្រាស់ដូចជាទី១៖ មានចំណេះដឹង សម្រាប់អាជីពខ្លួនយើង, ទី២៖ ដើម្បីតបស្នងខ្លួនឯង និងក្រុមគ្រួសារ និងទី៣៖ មានតព្វកិច្ចតបស្នងសងគុណដល់ប្រទេសជាតិ តាមរយៈធ្វើកិច្ចការសង្គមជូនជាតិមាតុភូមិ ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឍ។
លោក ស៊ូ អារ៉ាហ្វាត់ បានបន្តថា ប្រមុខរាជរដ្ឋាភិបាលធ្លាប់ បានលើកឡើងហើយថា រឿងក្រុមទណ្ឌិត សម រង្សី ចង់ចូលមកស្រុកខ្មែរវិញនោះ គឺចូលមកបាន ឬមិនបានអាស្រ័យលើក្រុមក្បត់ជាតិនោះទេ ឯរាជរដ្ឋាភិបាលស្របច្បាប់ខ្មែរ បច្ចុប្បន្នគ្រាន់តែបំពេញតួនាទីរបស់ខ្លួន គឺអនុវត្តតាមសាលដីកាតុលាការ គឺចាប់ខ្លួនមេក្លោង បក្ខពួក និងទប់ស្កាត់រាល់សកម្មជនគាំទ្រខាងក្នុងមិនឱ្យមានសកម្មភាព អ្វីខុសច្បាប់ឡើយ ព្រោះក្រុមទាំងនេះជាក្រុមក្បត់ជាតិចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់រឿងដែលធ្ងន់ធ្ងរជាងនេះ គឺបានប្រមាថព្រះមហាក្សត្រ ដែលត្រូវបានការពារដោយច្បាប់រដ្ឋធម្មនុញ ម្យ៉ាងវិញទៀតអាចនឹងមិនហ៊ានចូលទេ ព្រោះខ្លាចជាប់គុក។
ក្នុងឱកាសនេះដែរ រាជរដ្ឋាភិបាលបានប្រារព្ធទិវាហូបអំបុកសន្តិភាព ទូទាំងប្រទេស នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ ស្របនឹងថ្ងៃកំណត់ របស់ក្រុមទណ្ឌិត សម រង្សី ប្រកាសថាខ្លួនចូលស្រុកខ្មែរវិញផងដែរ៕