(សៀមរាប)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨ កម្ពុជាផលិតស្រូវ បានជាង១០លានតោន សល់ស្រូវជាង៥លានតោន សម្រាប់នាំចេញ និងបាននាំចេញផលិតផលកសិកម្ម សរុប៤លានតោន។

ការគូសបញ្ជាក់យ៉ាងដូច្នេះបានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ដ្រី វេង សាខុន អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបិទវេទិកាថ្នាក់ជាតិ ស្តីពី វិធានការចម្រុះគ្រប់គ្រងដំណាំ (Integrated Pest Management - IPM) និង សុវត្ថិភាពស្បៀងអាហារ (Food Safety) ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩នេះ។

លោក វេង សាខុន បានលើកឡើងថា គោលដៅអភិវឌ្ឍន៍វិស័យកសិកម្ម គឺត្រូវជំរុញកំណើនកសិកម្ម និងបង្កើនការនាំចេញ ផលិតផលកសិកម្មប្រកបដោយគុណភាព និងសុវត្ថិភាព តាមរយៈការលើកកម្ពស់ ផលិតភាពកសិកម្ម បង្កើនតម្លៃបន្ថែម និងពង្រីកការប្រកួតប្រជែងទីផ្សារ ព្រមទាំងរក្សាបានតុល្យភាព នៃការប្រើប្រាស់ដីកសិកម្ម និងធានាការគ្រប់គ្រងធនធានព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព។

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបន្ថែមទៀតថា ជារួចការវិវឌ្ឍន៍រីកចម្រើន ក្នុងវិស័យកសិកម្ម បានលើកស្ទួយប្រទេសកម្ពុជា ឲ្យក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសនាំចេញអង្ករធំៗ១០ និងជាប្រទេសទី៥ ដែលកំពុងនាំចេញអង្ករសរីរាង្គ ទៅកាន់ទីផ្សារអ៊ឺរ៉ុប។

លោករដ្ឋមន្ដ្រីបានបញ្ជាក់ថា «ក្នុងឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាផលិតស្រូវ បានចំនួនជាង ១០.៨លានតោន សល់ស្រូវចំនួនជាង ៥.៨លានតោន សម្រាប់នាំចេញ បាននាំចេញអង្ករជាផ្លូវការចំនួនជាង ៦៣៥ពាន់តោន និងបាននាំចេញផលិតផលកសិកម្មសរុប ៤,២៣លានតោនផងដែរ»។

ទាំងអស់នេះបញ្ជាក់យ៉ាងច្បាស់ថា ប្រជាកសិករកម្ពុជាកំពុងកែប្រែទម្លាប់ ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការរបស់ខ្លួន មកជាការផលិតតាមលក្ខណៈប្រពលវប្បកម្ម ឈានដល់ការផលិតសម្រាប់នាំចេញ និងការប្រកួតប្រជែងទីផ្សារនៅអន្តរជាតិ ព្រោះមានតម្រូវការទីផ្សារខ្ពស់។ នេះជាការបញ្ជាក់បន្ថែម របស់លោករដ្ឋមន្ដ្រី វេង សាខុន។

លោកបន្ដទៀតថា ការរៀបចំវេទិកាថ្នាក់ជាតិខាងលើនេះ គឺសមស្របនឹងនិន្នាការពិភពលោក ដែលបានងាកទៅរកការប្រើប្រាស់ ផលិតផលកសិកម្ម មានគុណភាព និងមិនប៉ះពាល់ដល់សុខភាព ដូចជាកសិផលសរីរាង្គ (Organic) ការអនុវត្តកសិកម្មល្អ (GAP) តាមស្តង់ដារ និងកសិផលក្នុងប្រព័ន្ធធានាសុវត្ថិភាព ដោយមានការចូលរួម (PGS) ដើម្បីទទួលបាននូវឧត្តមភាពប្រកួតប្រជែង នៅលើទីផ្សារអន្តរជាតិ។

លោករដ្ឋមន្ត្រីបានបន្ថែមថា ដោយទទួលបានកិច្ចគាំទ្រយ៉ាងល្អប្រសើរពីដៃគូអភិវឌ្ឍន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវគោលការណ៍ និងរូបសញ្ញាជាតិ នៃការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ជាស្តង់ដារជាតិ ដែលជាវិធាននៃការអនុវត្ត និងអាចបញ្ជាក់បានទាំងគុណភាព និងសុវត្ថិភាពនៃផលិតផលកសិកម្ម ជាពិសេសលើដំណាំបន្លែ និងផ្លែឈើ។

ទន្ទឹមនឹងនេះ ដើម្បីលើកកម្ពស់វិធានការចម្រុះគ្រប់គ្រងដំណាំ និងសុវត្ថិភាពស្បៀងអាហារ លោករដ្ឋមន្ត្រីបានណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម និងអង្គភាពពាក់ព័ន្ធ ត្រូវបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយអង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ក្នុងការលើកស្ទួយវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងមានសុវត្ថិភាពស្បៀងអាហារ ដោយផ្តោតជាសំខាន់ទៅលើ៖

ទី១៖ ការជំរុញអនុវត្តវិធានការចម្រុះគ្រប់គ្រងដំណាំ ក្នុងការធ្វើពិពិធកម្មដំណាំ ពិសេសការដាំបន្លែ ដែលមានឧត្តមភាពប្រកួតប្រជែង ដើម្បីជំនួសឲ្យការនាំចូល ដោយត្រូវគិតគូរជួយណែនាំលើកទឹកចិត្ត ដល់កសិករក៏ដូចជាសហគមន៍កសិកម្មទាំងអស់ ក្នុងការអនុវត្តឲ្យបានត្រឹមត្រូវតាមបច្ចេកទេសប្រកបដោយភាពវៃឆ្លាតក្នុងការដាំដុះ ការគ្រប់គ្រងទឹក ការគ្រប់គ្រងនិងប្រើប្រាស់ជី និងការកម្ចាត់សមាសភាពចង្រៃ។

ពិសេស ត្រូវជ្រើសរើសប្រភេទពូជដំណាំ ដែលផ្តល់ទិន្នផលខ្ពស់ សមស្របនឹងក្សេត្របរិស្ថាន ធន់នឹងការប្រែប្រួលអាកាសធាតុ ឆ្លើយតបនឹងតម្រូវការទីផ្សារ និងប្រើប្រាស់គ្រាប់ពូជសុទ្ធល្អ ដើម្បីទទួលបានទិន្នផលខ្ពស់ គុណភាពល្អ និងថ្លៃខ្ពស់នៅលើទីផ្សារ ដោយត្រូវគិតគូរអំពីការធ្វើទំនើបកម្ម លើប្រព័ន្ធផ្សព្វផ្សាយកសិកម្ម តាមលក្ខណៈឌីជីថល (E-Extension) ឲ្យបានខ្លាំងក្លាដោយផ្សារភ្ជាប់ ជាមួយនឹងកម្មវិធីចម្រុះគ្រប់គ្រងដំណាំជាចាំបាច់។

ទី២៖ ត្រូវបង្កើតស្តង់ដារគុណភាព នៃផលិតផលកសិកម្មស្របតាមគោលការណ៍ការ អនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ឬបន្លែសរីរាង្គ ប្រកបដោយនិរន្តរភាពឲ្យបានច្បាស់លាស់ ព្រមទាំងកំណត់យន្តការ ក្នុងការវាយតម្លៃបញ្ជាក់គុណភាពឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានផលិតផលល្អពិតប្រាក ដែលទទួលស្គាល់ដោយទីផ្សារជាតិ និងអន្តរជាតិ។ បន្តលើកកម្ពស់ស្តង់ដារមន្ទីរពិសោធន៍ជាតិកសិកម្ម ឲ្យមានការទទួលស្គាល់ជាលក្ខណៈជាតិ-អន្តរជាតិ ពិសេសត្រូវពង្រឹងការអនុវត្តវិធានភូតគាមអនាម័យ (SPS) ក្នុងការបង្ការ និងទប់ស្កាត់រាល់ការឆ្លង នូវសមាសភាពចង្រៃពីតំបន់មួយ ទៅតំបន់មួយទៀត តាមរយៈការចល័តគ្រាប់ពូជ បំណែក និងកំណាត់ដើមពូជដំណាំ ដែលមានផ្ទុកនូវសមាសភាពចង្រៃ។

ទី៣៖ បន្តជំរុញលើកទឹកចិត្តដល់កសិករ និងសហគមន៍កសិកម្ម ក្នុងការផលិតបន្លែតាមស្តង់ដារសុវត្ថិភាព ដោយអនុវត្តវិធីសាស្រ្តចម្រុះ ក្នុងការកម្ចាត់សមាសភាពចង្រៃ ការប្រើពូជធន់ ការគ្រប់គ្រងជីជាតិដី ការអនុវត្តវិធានការដាំដុះសមស្រប ការប្រើប្រាស់ជីជាលក្ខណៈចម្រុះរវាងជីធម្មជាតិ និងជីគីមី ដោយផ្អែកលើប្រភេទដី និងតាមតម្រូវការជាក់ស្តែងរបស់ដំណាំ។ អនុវត្តវិធានការមេកានិច វិធានការជីវសាស្រ្ត និងថ្នាំផ្សំពីរុក្ខជាតិជាដើម ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន សុខភាពមនុស្ស និងសត្វមានប្រយោជន៍។

ទី៤៖ ជំរុញការអភិវឌ្ឍកសិដ្ឋានគំរូ និងពង្រឹងការគ្រប់គ្រងសហគមន៍កសិកម្ម ដោយត្រូវផ្តល់ការលើកទឹកចិត្ត និងពង្រឹងសមត្ថភាពរបស់សហគមន៍កសិកម្ម ដើម្បីផលិតក្នុងទ្រង់ទ្រាយធំ ប្រកបដោយស្តង់ដារ ដោយអនុវត្តយន្តការផលិតកម្ម កសិកម្មតាមកិច្ចសន្យា។

ទី៥៖ ពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តវិធានការចម្រុះគ្រប់គ្រងដំណាំ ការអនុវត្តកសិកម្មល្អ និងកសិកម្មសរីរាង្គ ដើម្បីសុវត្ថិភាពស្បៀងអាហារ ជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ តាមអភិក្រម «រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍» និងត្រូវពិនិត្យលទ្ធភាពក្នុងការ រកទីតាំងលក់ផលិតផលសរីរាង្គ ឬផលិតផល GAP នៅក្នុងទីផ្សារកសិផល ដើម្បីឲ្យអ្នកប្រើប្រាស់ បានទទួលនូវផលិតផលដែលមានស្តង់ដារ និងអនាម័យខ្ពស់ និងការធានាចីរភាពបរិស្ថានស្របតាមគោលការណ៍ «អភិវឌ្ឍន៍បៃតង»៕