(កំពង់ធំ)៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ, ម្ចាស់សណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ទៅចែកជូនប្រជាពលរដ្ឋជួបបញ្ហាខ្វះខាតចំនួន ៩០គ្រួសារ មកពីឃុំពីរ គឺឃុំត្បែង និងឃុំសានគរ ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ។
ពិធីនេះបានរៀបចំធ្វើឡើងនៅវត្តបាគងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ក្រោមវត្តមានលោក គុយ លាងគី និងលោកស្រី ឃួន ឃុនឌី ម្ចាស់សណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ដែលមានទីតាំងនៅភូមិកំពង់ធំ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោមវត្តមានលោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ។
លោកស្រី ឃួន ឃុនឌី បានលើកឡើងថា បច្ចុប្បន្នប្រទេសមានសន្តិភាព និងស្ថេរភាពនយោបាយដោយសាមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបានផ្តល់ជូនជាតិមាតុភូមិ កម្ពុជាវិញនូវសុខសន្តិភាព ស្ថិរភាព សេរីភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមមាគ៌ានយោបាយឈ្នះ-ឈ្នះរបស់សម្តេច។ ជាពិសេសបងប្អូនទាំងអស់ ត្រូវចេះសហការគ្នាការពារ យោគយល់ និងអធ្យាស្រ័យ ថែរក្សាស្ថានភាពផ្ទៃក្នុង និងស្ថេរភាពនយោបាយឲ្យបានល្អ ជៀសវាងមានការបែកបាក់សាមគ្គី។
លោកស្រីថា «យើងត្រូវចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក នៅពេលដែលជួបនូវបញ្ហា និងការលំបាកផ្សេងៗ ទោះបីជាយើងជួយតាមលទ្ធភាពតិចក្តីច្រើនក្តី សុំឲ្យយើងទាំងអស់គ្នាចេះជួយរំលែកគ្នា ហើយយើងរៀនពីវប្បធម៌ ចែករំលែកគ្នាទៅវិញទៅមក ដោយមិនប្រកាន់ពូជសាសន៍ សាសនា ពណ៌សម្បុរ និងវណ្ណៈនោះឡើយ»។
ជាមួយគ្នានេះ លោកស្រីក៏បានផ្តាំផ្ញើដល់បងប្អូនពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ពិសេសថែរក្សាសុខភាព ដោយផឹកស្អាត ហូបស្អាតរស់នៅស្អាត និងចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសឆ្ងាយពីគ្រឿងញៀន។
អំណោយទាំងអស់នេះវាតិចតួច តែជួយសម្រួលនូវតម្រូវការចាំបាច់របស់បងប្អូនបានមួយគ្រា។ អំណោយដែលចែកជូននាពេលនោះ ក្នុង១គ្រួសារៗ រួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១ យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១យួរ សារ៉ុង១ និងថវិកា២០.០០០ រៀល៕