(ភ្នំពេញ)៖ ថ្លែងក្នុងពិធីអបអរសាទរទិវាមនុស្សចាស់នៅអង្គការមូលនិធិកុមារកម្ពុជា (CCF) លោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានអប់រំចិត្ត និងលើកទឹកចិត្តឱ្យក្មួយៗកុមារាកុមារី ត្រូវចេះដឹងគុណ និងមានការគោរពចំពោះមនុស្សចាស់ ដែលជាអ្នកមានគុណចំពោះយើង ព្រោះថាបើយើងមើលថែរក្សាមនុស្សចាស់នៅពេលនេះ កូនចៅយើងនឹងមើលថែរក្សាយើងវិញ។
ថ្លែងនៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ លោកស្រី បានលើកឡើងទៀតថា មនុស្សចាស់នៅក្នុងប្រទេសកម្ពុជា មានសំណាងជាងមនុស្សចាស់ រស់នៅក្នុងបណ្ដាប្រទេសផ្សេង ដែលមិនមានកូនចៅមើលថែរក្សា។
លោកស្រី បានថ្លែងអំណរគុណលោក ស្កុតនី សិន (Scott Neeson) ប្រធានអង្គការ CCF ដែលបានលះបង់អ្វីៗគ្រប់យ៉ាងដើម្បីជួយដល់ក្មួយៗកុមារ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ស្ទឹងមានជ័យ។ លោកស្រី និងលោក ហ៊ុន ម៉ាណែត ក៏មានអារម្មណ៍រីករាយ ដែលបានចូលរួមជាមួយអង្គការមូលនិធិកុមារកម្ពុជា ក្នុងការផ្ដល់ថវិកាសម្ភារ គ្រឿងឧបភោគ និងការចុះព្យាបាលកុមារនៅក្នុងអង្គការ CCF។
លោក លោកស្កុត នីសិន បានលើកឡើងថា ការបង្កើតកម្មវិធីមនុស្សចាស់នេះឡើង ដើម្បីឆ្លើយតបទៅនឹងបញ្ហារបស់មនុស្សចាស់ជរាក្រីក្រ និងគ្មានទីពឹង។
លើសពីនេះ លោកយល់ឃើញថាមនុស្សចាស់ គឺពិតជាមានតម្លៃខ្លាំងណាស់ បីដូចជាបណ្ណាល័យមួយផ្តល់ចំណេះ ដឹងបទពិសោធន៍ វប្បធម៌ និងទំនៀមទម្លាប់ជាច្រើន ដែលមនុស្សជំនាន់ក្រោយអាចទទួលយកបាន។ ជាក់ស្ដែងសព្វថ្ងៃ មានសិស្សានុសិស្សរបស់អង្គការមូលនិធិកុមារកម្ពុជា ជាច្រើនបាននិងកំពុងទៅទទួលយកចំណេះដឹង បទពិសោធន៍ពីការរំលាយតាមរយៈការសួរសុខទុក្ខជាប់ជាប្រចាំ និងកម្មវិធីផ្សេងៗ។
សូមបញ្ជាក់ថា លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរ ទិវាមនុស្សចាស់ក្រោមប្រធានបទ «គាំទ្រសុខមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខភាពមនុស្សគ្រប់វ័យ នៅក្នុងសង្គមជាតិកម្ពុជា» ជាមួយថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងលោកយាយ លោកតា ដែលមានវ័យចំណាស់នៅក្នុងអង្គការ CCF នៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ប្រកបដោយបរិយាកាសស្និទ្ធស្នាល រីករាយក្រៃលែង៕