(ភ្នំពេញ)៖ លោក សេង វណ្ណារិទ្ធ សមាជិក CEO Master Club និងជាអគ្គនាយកសាលាអន្តរជាតិ ចុង អ៊ីង បានទទួលជ័យលាភីរហូតដល់ទៅ៣ ក្នុងចំណោមជ័យលាភីចំនូន៥ គឺទី១ ជ័យលាភីមេដាយសហគ្រិនឆ្នើម ទី២ ជ័យលាភីសហគ្រិនឆ្នើម និងទី៣ ជ័យលាភីគណនេយ្យឆ្នើម។
ការទទួលបានជ័យលាភីនេះ ធ្វើឡើងនារាត្រីចុងសប្តាហ៍កន្លងទៅ ក្នុងកម្មវីធីរាត្រីសមោសរ ជួបជុំម្ចាស់អាជីវកម្មកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ ដែលរៀបចំឡើងដោយ CEO Master Club និង វិទ្យាស្ថានស៊ីអ៊ីអូ ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកបណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា, លោក អោម សេងបូរ៉ា ស្ថាបនិក CEO Master Club អន្តរជាតិ។
លោក សេង វណ្ណារិទ្ធ បានលើកឡើងថា ២៦ តុលា ២០១៩ ជាមហាព្រឹត្តិការណ៍ក្នុងជីវិតជាសហគ្រិនរបស់ខ្ញុំ ព្រោះគ្រួសារ ចុងអ៊ីង បានបង្កើតមហាសមិទ្ធផលមួយទៀតគឺ ជាប់ជ័យលាភីធំៗចំនួន៣ ក្នុងការប្រកួតប្រជែងចំណោមសហគ្រិន ជាង១,០០០នាក់ ទូទាំងប្រទេសកម្ពុជា។
លោក បានថ្លែងទៀតថា ក្រោយភាពជោគជ័យនេះ គឺជាការមិនចុះចាញ់ទោះបីបរាជ័យ២លើក និងជាពិសេសគឺការគាំទ្រយ៉ាងពេញទំហឹងរបស់គ្រួសារ ចុង អ៊ីង រួមមាន គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ផ្នែក។ ខ្ញុំពិតជារំភើប និងមានមោទនភាពណាស់ចំពោះអ្នកទាំងអស់គ្នា។
សហគ្រិនវ័យខាងលើ បន្ថែមថា «ខ្ញុំសូមអរគុណយ៉ាងក្រៃលែង ចំពោះការលះបង់ តស៊ូប្រឹងប្រែងឆ្លងកាត់ព្យុះភ្លៀង រហូតចុងអ៊ីងមានថ្ងៃនេះ។ ចង្កឹះមួយ គេកាច់បាក់ ប៉ុន្តែចង្កឹះមួយបាច់ គេកាច់មិនបានឡើយ។ ដូច្នេះ យើងត្រូវរួមគ្នាបន្តដំណើរដ៏វែងឆ្ងាយនេះ ទៅមុខទៀតដើម្បីសម្រេចចក្ខុវិស័យរបស់យើង គឺអភិវឌ្ឍន៍ធនធានមនុស្សខ្លាំង ដើម្បីកម្ពុជាយើងរឹតតែខ្លាំង»។
សាលាអន្តរជាតិ ចុងអ៊ីង ផ្តល់ជូនសិស្សានុសិស្សនូវ ទី១ ជំនាញភាសា (ចិន អង់គ្លេស ខ្មែរ) ២ ជំនាញព័ត៌មានវិទ្យាសម័យទំនើប (ICT) ៣ ជំនាញភាពជាអ្នកដឹកនាំ ហើយសាលាអន្តរជាតិមួយនេះ បណ្តុះបណ្តាលសិស្សានុសិស្សឲ្យក្លាយទៅជា អ្នករកស៊ីពូកែ អ្នកដឹកនាំពូកែក្នុងថ្ងៃអនាគត ចុង អ៊ីង កសាងអនាគតអ្នកដឹកនាំសម្រាប់ពិភពលោក។
លើសពីនេះ ក៏មានការចូលរួមពី លោកស្រី Kerren Robinson អគ្គនាយិកា CEO Master Club អន្តរជាតិ, បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធាន សភាពាណិជ្ជកម្មកម្ពុជា, លោក ស៊ូ សុជាតិ អគ្គនាយក គណៈកម្មការមូលបត្រកម្ពុជា, លោក វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ម៉ម វណ្ណៈ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សូមបញ្ជាក់ផងដែរថា សាលាអន្តរជាតិ ចុង អ៊ីង ដែលមានបង្រៀន៣ភាសា ចិន អង់គ្លេស និងខ្មែរ ទើបតែត្រូវបានបង្កើតឡើង ក្នុងរយៈពេលត្រឹមតែ១ឆ្នាំ ជាងតែប៉ុណ្ណោះ ហើយមកដល់ពេលបច្ចុប្បន្ន សាលាបានពង្រីកវិសាលភាពរបស់ខ្លួន រហូតដល់៣សាខា គឺ សាខា បឹងឈូកពោធិ៍ចិនតុង សាខា អ៊ីអន២ និង សាខាក្រុងតាខ្មៅ។
តាមរយៈជោគជ័យលើកនេះ បានបង្ហាញដល់លោក លោកស្រី ដែលជាមាតាបិតា ឲ្យបានឃើញថា សាលាបានកំពុងនឹងរីកចម្រើនខ្លាំងទាំងផ្នែកសេវាកម្ម និងគុណភាពអប់រំ ព្រោះសមិទ្ធផលទាំង២នេះ គឺចេញមកពី ការដឹកនាំដែលមានស្តង់ដារ និងធនធានមនុស្សខ្លាំងពូកែ។
ទោះបីទទួលបានជ័យជំនះធំលើកនេះក៏ដោយ គណៈគ្រប់គ្រងសាលាអន្តរជាតិ ចុង អ៊ីង សន្យានិងបេ្តជ្ញាថា នៅតែបន្តខិតខំអភិវឌ្ឍខ្លួន ដើម្បីធ្វើជាស្ថាប័នអប់រំជាទីទុកចិត្ត និងកក់ក្តៅបំផុតសម្រាប់អាណាព្យាបាល និងចូលរួមកសាងអភិវឌ្ឍន៍ជាតិ តាមរយៈការសម្រេចនូវចក្ខុវិស័យ «កសាងអនាគតអ្នកដឹកនាំសម្រាប់ពិភពលោក»៕