(ភ្នំពេញ)៖ ក្នុងឆ្នាំ២០១៩នេះ ទិន្នផលអំបិលរបស់កម្ពុជា ទំនងជាមិនមែនមានខ្វះខាត ត្រូវការនាំចូលដូចឆ្នាំ២០១៨កន្លងទៅ សម្រាប់មកផ្គត់ផ្គង់តម្រូវការក្នុងស្រុកនោះទេ ដោយសារតែឆ្នាំនេះ អាកាសធាតុមានភាពអំណោយផលល្អ នៅក្នុងការផលិតអំបិល។ នេះបើតាមការលើកឡើងរបស់ កញ្ញា ថូង ធីដា ស្ថាបនិកសហគ្រាសផលិតអំបិល ថូង អ៊ិនធ័រប្រាយស៍។
លើកឡើងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទស្សន៍ Fresh News កញ្ញា ថូង ធីដា បានបញ្ជាក់យ៉ាងដូច្នេះថា «លទ្ធភាពនៅក្នុងឆ្នាំ២០១៩នេះ យើងផលិតបាន (អំបិល) ប៉ុន្ដែខ្ញុំគិតថា ប្រហែលជាអាចខ្វះតិចតួច ដោយសារតែអំណោយផលអាកាសធាតុ ដោយក្នុងនោះ យើងអាចផ្គត់ផ្គង់ក្នុងស្រុកបាន និងមានការខ្វះតិចតួចតែប៉ុណ្ណោះ»។
ឆ្លើយតបនឹងសំនួរ «នៅឆ្នាំ២០១៨ ក៏ដូចជាឆ្នាំ២០១៩ មានការខ្វះខាតអំបិល ក្នុងនាមជាស្ថាបនិកសហគ្រាសផលិតអំបិល ថូង អ៊ិនធ័រប្រាយស៍ មើលឃើញថា ការខ្វះខាតនេះ ដោយសារតែកត្ដាអាកាសធាតុ និងមានអ្វីដែលជួយនៅលើបញ្ហានេះ?
កញ្ញា ថូង ធីដា បានថ្លែងថា «នេះគឺជាការពិត ដោយសារតែនៅក្នុងឆ្នាំ២០១៨ យើងប្រឈមនឹងបញ្ហាកង្វះផលិតកម្ម ដោយសារអាកាសធាតុ។ ដោយសារតែយើងផលិតអំបិល លក្ខណៈបែបធម្មជាតិ តាមប្រពៃណី យើងមិនមានរោងចក្រដូចប្រទេសដទៃ ពឹងផ្អែកទៅលើអាកាសធាតុទាំងមូល នៅពេលអាកាសធាតុ (ភ្លៀងសឹងតែមួយឆ្នាំពេញ) យើងផលិតមិនបានទេ ដែលនេះជាបញ្ហាប្រឈមផ្ទាល់តែម្ដង»។
ស្ថាបនិកសហគ្រាសផលិតអំបិល ថូង អ៊ិនធ័រប្រាយស៍ បានបញ្ជាក់ថា កញ្ញាគិតថា ការផលិតអំបិល សម្រាប់ឆ្នាំ២០១៩ ឃើញថា អាកាសធាតុវាទៅរលូន យើងនៅតែផលិតបានធម្មតា ហើយយើងសង្ឃឹមថា ឆ្នាំ២០២០ ការផលិតនឹងមានអំណោយផលដូចគ្នា។
ជាមួយគ្នានោះ កញ្ញា ថូង ធីដា ក៏បានសំណូមពរ ឲ្យមានការលើកទឹកចិត្ដ ដល់ប្រជាកសិករខិតខំប្រឹងប្រែង ក្នុងការផលិតអំបិលឲ្យបានល្អ និងឲ្យបានច្រើន ទាំងម្ចាស់ដីកម្មសិទ្ធិ ដែលមានផ្ទៃដីតូច និងធំ ដោយជំរុញទឹកចិត្ត ឲ្យពួកគាត់។ ដោយសារតែយើង ឃើញសក្ដានុពលអំបិលធម្មជាតិរបស់យើង អាចមានលទ្ធភាពក្នុងការនាំចេញទៅក្រៅ ក៏ដូចជាការផ្គត់ផ្គង់នៅក្នុងស្រុក។
កញ្ញា ថូង ធីដា បានបន្ថែមថា «ការរក្សាប្រពៃណី ដូចជាវប្បធម៌ទាំងអស់នេះ គឺជាការលើកទឹកចិត្តឲ្យប្រជាជន ក្នុងការគាំទ្រផលិតផលខ្មែរឲ្យបានច្រើន ពីព្រោះថា បើសិនជាយើង នៅក្នុងស្រុក យើងមិនគាំទ្រផលិតផល ក្នុងស្រុក សួរថា អ្នកណាគេមកគាំទ្រ ផលិតផលរបស់យើង។ យើងគាំទ្រទាំងអស់គ្នា និងអាចកាត់បន្ថយនៃការនាំចូល»។
ស្ថាបនិកសហគ្រាសផលិតអំបិលវ័យក្មេងរូបនេះ ក៏បានគូសបញ្ជាក់ផងដែរថា គាំទ្រផលិតក្នុងស្រុក ក៏ដូចជាគាំទ្រសេដ្ឋកិច្ចក្នុងស្រុក និងធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករ មានជីវភាពធូរធារ ហើយរាជរដ្ឋាភិបាល ក៏ត្រូវតែជួយជំរុញ ក្នុងការរៀបចំគោលនយោបាយ និងយុទ្ធសាស្ដ្រផ្សេងៗ ក្នុងការជួយប្រជាកសិករ ក្នុងវិស័យអំបិល នៅក្នុងប្រទេសកម្ពុជាផងដែរ៕