(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែតុលានេះ បានអនុញ្ញាតឱ្យ លោក ខាំផាន់ ភុំម៉ាថាត (Khamphanh Phommathat) សមាជិកការិយាល័យនយោបាយលេខាមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួននៅវិមានសន្តិភាព។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានប្រាប់ក្រុមអ្នកព័ត៌មានក្រោយជំនួបថា ក្នុងជំនួបនេះ លោក ខាំផាន់ បានសម្តែងនូវអំណរសាទរចំពោះការរីកចម្រើន និងការអភិវឌ្ឍដ៏ប្រសើររបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបក្ស ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល។
លោក ខាំផាន់ ភុំម៉ាថាត ក៏បានជម្រាបសម្ដេចតេជោនាយករដ្ឋមន្ត្រីដែរថា ថ្នាក់ដឹកនាំឡាវ ក៏ដូចជាប្រជាជនឡាវ រីករាយ និងអបអរសាទរយ៉ាងខ្លាំង ចំពោះការលើកតម្កើង ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលថ្មីៗនេះ។
មន្ត្រីជាន់ខ្ពស់បក្សប្រជាជនបដិវត្តន៍ឡាវ បានបន្ថែមថាក្នុងដំណើរទស្សនកិច្ចរបស់លោកនៅកម្ពុជានៅពេលនេះ ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀត ស្របតាមកម្រិត នៃទំនាក់ទំនងប្រទេសទាំងពីរ។ ជាពិសេសជំរុញការងារ ដែលបានចុះហត្ថលេខាហើយ រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរឱ្យមានដំណើរការទៅមុខ និងទទួលបានជោគជ័យ។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា សម្តេចពិតជារីករាយយ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីឡាវ ថងលូន ស៊ីសូលីត កាលពីខែកញ្ញាកន្លងមកទៅនេះ ដោយបានលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងឡាវ ឲ្យទៅជាទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ដំណើរទស្សនកិច្ចនោះ ក៏បានជំរុញទំនាក់ទំនងនេះ ដើម្បីធ្វើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញការវិនិយោគលើវិស័យអគ្គិសនី ជាពិសេសការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជា។
សម្ដេចតេជោ បានលើកទឹកចិត្តឱ្យកម្ពុជា-ឡាវ យកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគលើវិស័យអគ្គិសនី។
សម្តេចតេជោ ក៏បានស្នើឱ្យប្រទេសទាំងពីរពិនិត្យមើលលទ្ធភាពមើលសក្ដានុពលផ្សេងទៀត ដែលប្រទេសទាំងពីរអាចសហកាគ្នាបាន ក្នុងន័យជំរុញ និងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យស្របតាមអ្វីដែលថ្នាក់ដឹកនាំបានលើកឡើង នូវកម្រិតនៃទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនោះ៕