(ភ្នំពេញ)៖ បេក្ខនារី កែវ ច័ន្ទដាលីន ដែលអាចច្រៀងជាភាសាអង់គ្លេសបានយ៉ាងពីរោះ និងធ្លាប់ ត្រូវបានកម្មវិធី X Factor Global យកការសម្ដែងរបស់នាងទៅបង្ហោះ និងក្រុម X Fighter ដែលមានសមត្ថភាពដ៏លេចធ្លោដែរនោះ ត្រូវបានជម្រុះចេញពីកម្មវិធី X Factor Cambodia ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តាមរយៈការទទួលបានសារគាំទ្រតិចជាងគេ។
តំណាងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ លោកស្រី គង់ កុសល បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមចូលរួមសោកស្តាយបេក្ខនារី និងក្រុម X Fighter។ ជាក់ស្តែង ខ្ញុំបានមើលឃើញសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នា ហើយក៏ទទួលស្គាល់ពីសមត្ថភាពកូនខ្មែរ ដែលអាចច្រៀងជាភាសាបរទេសក្នុងនាមជាបេក្ខជនក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ ធ្វើឲ្យប្រជាជនកម្ពុជាយើងលេចមុខក្នុងកម្មវិធី X Factor Global»។
គួរជម្រាបថា បេក្ខនារី កែវ ច័ន្ទដាលីន បានជ្រើសរើសបទ I will always love you មកបកស្រាយ និង ក្រុម X Fighter បានជ្រើសរើសបទ She’s Back ដែលជាការជ្រើសរើសដោយផ្ទាល់ខ្លួន។ នៅសល់តែបេក្ខជនបុរស៤រូបប៉ុណ្ណោះ ដែលមានឱកាសឡើងទៅដណ្តើមពានក្នុងវគ្គផ្តាច់ព្រ័ត្រនៅសប្តាហ៍ក្រោយ ដោយក្នុងនោះកូនក្រុមគណកម្មការ ឱក សុគន្ធកញ្ញា នៅសល់៣រូប និងកូនក្រុមគណកម្មការ សុខ សីឡាលីន នៅសល់១រូប៕