(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្ម ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ដែលសារលិខិតថ្វាយព្រះពរនោះ មានខ្លឹមសារថា ៖ « នៅក្នុងឱកាសដ៏នក្ខត្តឫក្សវិសេសវិសាល ប្រពៃថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃព្រះរាជពិធីបុណ្យខួបគម្រប់ ១៥ឆ្នាំ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតសម្តែងនូវក្តីអំណរសាទរឥតឧបមា អភិវន្ទលំឱនកាយវាចាចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីរាជមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ សូមព្រះអង្គស្តេចមានព្រះរាជសុខភាពល្អបរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណឈ្លាសវៃ ព្រះទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាពោធិម្លប់ដ៏ត្រជាក់ត្រជំ សុខដុមរមនា ចម្រើនរុងរឿង ដល់ប្រជានុរាស្រ្តរបស់ព្រះអង្គជ្រកកោន ជាដរាបតទៅ។
ក្នុងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជាប្រវត្តិសាស្ត្រ ប្រកបដោយព្រះបញ្ញាញាណ ព្រះមហាករុណាទិគុណ ព្រះព្រហ្មវិហារធម៌ ទសពិធរាជធម៌ ក្នុងវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជានុរាស្ត្រទាំងអស់ ព្រះអង្គបានប្រោសព្រះរាជទានព្រះរាជទ្រព្យរៀងរាល់ខែដល់កាកបាទក្រហមកម្ពុជា ជាពិសេសព្រះអង្គបានយាងចុះជួបផ្ទាល់ប្រាស្រ័យសាកសួរសុខទុក្ខ ព្រះរាជទានព្រះរាជអំណោយដល់ប្រជានុរាស្ត្រទីទ័លក្រ មានទុក្ខលំបាក រងគ្រោះដោយគ្រោះធម្មជាតិនានា ប្រកបដោយព្រះរាជហឫទ័យ មេត្តា ករុណា មុទិតា ឧបេក្ខា ធ្វើឲ្យខ្ញុំម្ចាស់ និងប្រជានុរាស្ត្រជាកូនចៅសូមអភិវន្ទថ្វាយនូវព្រះកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅបំផុត ចងចាំជានិច្ច
មិនអាចបំភ្លេចបាននូវព្រះរាជគុណូបការៈដ៏ឧត្តុង្គឧត្តមថ្លៃថ្លា របស់ព្រះអង្គ។
ក្នុងឱកាសដ៏មហាជ័យមង្គលនេះ ខ្ញុំម្ចាស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យ តេជបារមីទេវតារក្សាព្រះមហាស្វេតច្ឆត្រ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ បារមីនៃដួងព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ សូមព្រះមេត្តាអភិបាលគ្រងរក្សា ប្រោះព្រំព្រះពរជ័យគ្រប់ប្រការថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គស្តេចព្រះប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ
វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាព កុំបីឃ្លៀងឃ្លាតឡើយ។
សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសមេត្តាទទួលនូវភក្តីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទកិច្ចដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំម្ចាស់។
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតថ្វាយព្រះពរ៖