(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាព នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីប្រណាំងទូក ដែលត្រូវប្រារព្ធធ្វើឡើងនាថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្របតាមបណ្តោយដងស្ទឹងព្រែកត្នោត មុខសួនច្បារសម្ដេចព្រះសង្ឃរាជ ជួន ណាត។
លោក វ៉ី សំណាង អភិបាលខេត្តបានលើកឡើងថា ឆ្នាំនេះតាមរយៈលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បាននាំការប្រគុំតន្ត្រី ព្រមទាំងការប្រកួត កីឡាប្រដាល់អន្តរជាតិជាច្រើនគូរ និងមានការតាំងពិព័ណ ជូនប្រជាពលរដ្ឋសប្បាយ រយៈពេល២ថ្ងៃ ក្រោមកិច្ចការការពារយ៉ាងយកចិត្តទុកដាក់ ពីសំណាក់កងកម្លាំងប្រមាណជាង៥០០នាក់ ដើម្បីធានាបានបញ្ហាសុខសុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋកម្សាន្ដ។
លោកអភិបាលខេត្ត បានបន្តថា ឆ្នាំនេះរដ្ឋបាលខេត្តកំពង់ស្ពឺ មិនអនុញ្ញាតិឲ្យបងប្អូនដែលមកកម្សាន្ដយកយានជំនិះចូល ក្នុងបរិវេនប្រារព្ធពិធីទេ ចំពោះបញ្ហាការលក់ដូរវិញ មិនអនុញ្ញាតិលក់តាមសួនកម្សាន្ដ និងចញ្ចើមផ្លូវនានាក្នុងបរិវេន ដើម្បីបង្កការងាយស្រួលដល់រថយន្តពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះបន្ទាន់។
ចំណែកសុវត្ថិភាព ក្រុមកីឡាករវិញ រដ្ឋបាលខេត្តបានចាត់តាំងអង្គភាពការពារកោះឆ្នេរ អតីតកងពលលេខ៣១ ដែលទូក អូប័រ និងសម្ភារផ្សេងៗ សម្រាប់ជួយក្រុមកីឡា ដែលកើតមានជាយថាហេតុដោយប្រការផ្សេងៗ។
លោកអភិបាលខេត្ត បានបញ្ជាក់ជូនពលរដ្ឋឲ្យជ្រាបដែរថា បងប្អូនដែលមានអាយុត្រូវធ្វើអត្តសញ្ញាណប័ណ្ណ ឬអត្តសញ្ញាណប័ណ្ណ អស់សុពលភាព ឬបានបាត់អត្តសញ្ញាណប័ណ្ណ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងធ្វើជូនបងប្អូន ក្នុងរយៈពេល២ថ្ងៃនេះ ដោយគ្មានអស់ថ្លៃអ្វីឡើយ ដោយគ្រាន់បងប្អូនដាក់តាមមក នៅសៀវភៅគ្រួសារ សំបុត្របញ្ជាក់កំណើត ឬឯកសារពាក់ព័ន្ធផ្សេងៗ មកជាមួយជាការស្រេច៕