(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ បានលើកឡើងថា ដើម្បីកែលម្អមុខមាត់ខេត្តពោធិ៍សាត់ឲ្យកាន់តែមានលក្ខណៈទាក់ទាញ និងល្អប្រសើរបានមួយកម្រិតថែមទៀតនោះ លោកគ្រោងបង្កើតផ្សាររាត្រីថ្មីមួយ ដែលមានឈ្មោះថា «ផ្សារវប្បធម៌» នៅត្រើយខាងកើតស្ទឹងពោធិ៍សាត់ ទល់មុខវេទិកាអុំទូក។ ផ្សាររាត្រីនេះ មិនត្រឹមតែជាកន្លែងទិញលក់ទំនិញ ឬរបស់របរអនុស្សាវរីយ៍ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបង្ហាញយ៉ាងច្បាស់ នូវផ្នត់គំនិត និងវប្បធម៌ជាតិរបស់យើងផងដែរ។
លោកបានលើកឡើងបែបនេះ ក្នុងឱកាសចុះពិនិត្យទីតាំងដោះស្រាយផលប៉ះពាល់ ជូនប្រជាពលរដ្ឋរស់នៅរ៉បមាត់ស្ទឹង ការរៀបចំសម្អាតបរិស្ថាន និងការតបណ្តាញភ្លើងព័ណ៌ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងដើម្បីអបអរសាទរ ក្នុងព្រឹត្តការណ៍អុំទូក «ង» ខ្នាតអន្តរជាតិ ជាលើកទី២ នៅខេត្តពោធិ៍សាត់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ឆាប់ៗខាងមុខនេះ។
លោក ម៉ៅ ធនិន បានបន្ថែមថា លោករួមជាមួយសហការី នឹងចូលរួមសហការលើកស្ទួយកែលំអរក្រុងពោធិ៍សាត់ ឲ្យបានស្អាតទាំងអស់គ្នា ដើម្បីឈានទៅប្រកួតប្រជែងទីក្រុងស្អាត ជាមួយខេត្តក្រុងដទៃទៀត។ លោកអភិបាលខេត្ត ក៏បានឆ្លៀតឱកាសអំពាវនាវ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមឲ្យបានច្រើនកុះករ ក្នុងព្រឹត្តការណ៍អុំទូក «ង» ខ្នាតអន្តរជាតិ ជាលើកទី២ នៅខេត្តពោធិ៍សាត់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីបង្កើនភាពសប្បាយនៅក្នុងខេត្តរបស់យើង ឲ្យកាន់តែអធឹកអធមជាងឆ្នាំកន្លងទៅ។ ដោយឡែកនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សូមប្រជាពលរដ្ឋ ចូលរួមហូបអំបុកសន្ដិភាពជាតិ ក្រោមពាក្យស្លោកថា «អំបុកខ្មែរថែជាតិ សាសនា និងព្រះមហាក្សត្រ»ទាំងអស់គ្នា។
ជាមួយនឹងសុខសន្តិភាព និងសមិទ្ធផលជាច្រើន ដែលលេចរូបរាងឡើងជាបន្តបន្ទាប់ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ថ្មីៗនេះរដ្ឋបាលខេត្ត ក៏បានចាប់ដំណើរការ Wi-Fi សារធារណៈ ជូនប្រជាពលរដ្ឋប្រើប្រាស់ ដោយឥតគិតថ្លៃ នៅរ៉បសួនច្បារមាត់ស្ទឹង ទល់មុខសាលាខេត្តពោធិ៍សាត់។
ឧបករណ៍បច្ចេកទេសប្រព័ន្ធ WiFiសាធារណៈនេះ មានល្បឿន Download រហូតទៅដល់ 90Mbps និងល្បឿន Upload រហូតទៅដល់ 90Mbps (ក្នុងមួយវិនាទី) ហើយត្រូវបានដំឡើងរួចរាល់ជាស្ថាពរ ដោយក្រុមជំនាញរបស់ក្រុមហ៊ុនMetfone សហការជាមួយមន្ត្រីព័ត៌មានរដ្ឋបាលខេត្ត នឹងបានដាក់ឲ្យប្រើប្រាស់ ដោយឥតគិតថ្លៃ នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ មានឈ្មោះ៖ «@Metfone_Free_Wifi»៕