(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអមដំណើរដោយ លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាង នៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជាផងដែរ និងគណៈប្រតិភូ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំពាក់បំប៉នប្រព័ន្ធអប់រំឥស្លាមកម្ពុជា ប្រគល់វិញ្ញាបនបត្រកម្រិតបឋមសិក្សា ផ្នែកសាសនាដល់សិស្ស ជ័យលាភី គម្ពី អាល់គួរអាន និងសៀវភៅសិក្សាផ្នែកសាសនាឥស្លាម ដល់គណៈអ៊ីម៉ាំខេត្ត នាយក និងគ្រូបង្រៀនខ្មែរឥស្លាមទូទាំងប្រទេស។
ពិធីនេះត្រូវបានរៀបចំឡើងដោយ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា នៅឯបរិវេណវិហារឥស្លាម គីឡូម៉ែតលេខ៩ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួម ទាំងភ្ញៀវជាតិ និងអន្តរជាតិប្រមាណ៤០០នាក់ ក្នុងនោះក៏មានការចូលរួមពីស្ថាប័នចំនួន៤ មកពីប្រទេសម៉ាឡេស៊ីផងដែរ រួមមាន JAIS, MAIS, PKNS, និង ZAKAT SELANGOR ក្រោយពីបានបញ្ចប់វគ្គសិក្ខាសាលាចំនួនពីរថ្ងៃ គឺនៅថ្ងៃទី២៦-២៧ ខែតុលាថ្មីៗនេះ ដែលមានសិក្ខាកាមចូលរួម៥៨នាក់ ជាគណៈអ៊ីម៉ាំខេត្ត នាយក និងគ្រូបង្រៀនឥស្លាមទូទាំប្រទេស។
បើតាមរបាយការណ៍របស់ លោកឧកញ៉ា សុះ កំរ៉ី បានឲ្យដឹងថា គណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានរៀបចំប្រឡងសិស្សឥស្លាមផ្នែកសាសនា ថ្នាក់ទី៦ ជាជំហានសាកល្បងក្នុងរាជធានី ខេត្តចំនួន៦ សម្រាប់ឆ្នាំសិក្សា២០១៧-២០១៩ ដើម្បីបញ្ចប់កម្រិតបឋមសិក្សា ដែលមានពីរវគ្គ គឺប្រឡងផ្ទាល់មាត់ រយៈពេលមួយខែ នៅក្នុងខែកក្តដា និងប្រឡងប្រលងជាសំណេរ នៅថ្ងៃទី២៦-២៨ ខែសីហា ទៅលើមុខវិជ្ជាចំនួន៦ ក្នុងនោះរួមមាន ការទន្ទិញចាំមាត់គម្ពីអាល់គួរអាន តាវហ៊ីត ហ្វីកោះ អាខ្លើក ភាសាអារ៉ាប់ និងតាជ្ជវីត ដែលមានសិស្សចូលរួមប្រឡងចំនួន២២៦នាក់ ស្រី១៦៧នាក់។
លទ្ធផលផ្លូវការ នៃការប្រឡង គឺសិស្សដែលប្រឡងជាប់ចំណាត់ថ្នាក់ល្អណាស់ មាន២៩នាក់ស្មើនឹង១០.៨២%, ចំណាត់ថ្នាក់ល្អ មាន៨៤នាក់ ស្មើនឹង៣០.៣៤%, ចំណាត់ថ្នាក់ល្អបង្គួរមាន ចំនួន៧១នាក់ ស្មើនឹង២៦.៤%, ចំណាត់ថ្នាក់មធ្យមមាន ចំនួន៤៦នាក់ ស្មើនឹង១៧.១៦%។ សម្រាប់សិស្សជ័យលាភី ដែលមានពិន្ទុខ្ពស់បំផុតមាន ចំនួន៦នាក់ ស្រី៣នាក់។ សាលាដែលទទួលបានចំណាត់ថ្នាក់ល្អ សម្រាប់ឆ្នាំ២០១៩នេះ គឺសាលាអាន់នៀកម៉ាទិលឥស្លាមីយ៉ះ ភូមិរការ សាលា អាន់នៀកម៉ះ ចាមលើ និងសាលា អាន់នៀកម៉ះ ចាមក្រោម។
លោកឧកញ៉ា ក៏បានបញ្ជាក់ជូនផងដែរថា ស្ថាប័នឥស្លាមរដ្ឋស្លាង៉រ (JAIS) បានជួយរៀបចំកម្មវិធីសិក្សាពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ ខែផ្ទាំងជួយចាត់ចែងការប្រឡង ខាងលើផងដែរ ក្រុមហ៊ុនអភិវឌ្ឍន៍រដ្ឋស្លាង៉រ (PKNS) បានជួយបោះពុម្ពសៀវភៅប្រវត្តវិជ្ជា ចំនួន៨,០០០ក្បាល មានតម្លៃស្មើនឹង១០,៨០០ដុល្លារ សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីសិក្សាអប់រំនេះស្លាមកម្ពុជា ស្ថាប័នហ្សាកាត់រដ្ឋស្លាង៉រ ឧបត្ថម្ភថវិកាចំនួន៥០,០០០រីងហ្គីត ស្មើនឹង១២,៥០០ដុល្លារ សម្រាប់សិស្សសាលានៀកម៉ះ ភ្នំពេញ។
ក្នុងឱកាសថ្លែងសន្ទរកថា ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះស្ថាប័នពីប្រទេសម៉ាឡេស៊ី ដែលបានឧបត្ថម្ភគាំទ្រ ទាំងថវិកា សម្ភារបច្ចេកទេស និងបានសហការជាមួយគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ធ្វើឲ្យដំណើរការល្អ លើវឌ្ឍនភាពនៃកម្មវិធីសិក្សា ក៏ដូចជាប្រព័ន្ធអប់រំ ផ្នែកសាសនាឥស្លាមនៅកម្ពុជា ដែលនេះជាការរួមចំណែកមួយដ៏សំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានបន្តថា បច្ចុប្បន្ននេះកម្រិតវប្បធម៌ និងអប់រំ របស់ប្រជាពលរដ្ឋកម្ពុជា គឺមានកំណើនខ្ពស់ខុសគ្មា បើធៀបនិងសម័យមុន រាប់បញ្ចូលទាំងជីវភាពធូរធារបស់គ្រូបង្រៀនខ្មែរ និងខ្មែរឥស្លាម ដែលទទួលបានប្រាក់បៀវត្សពីរាជរដ្ឋាភិបាល ស្របពេលដែលប្រាក់បៀវត្សរបស់ពួកគាត់ ត្រូវបានតំឡើងជារៀងរាល់ឆ្នាំ។ វឌ្ឍនភាពទាំងនេះ គឺទទួលបានពីប្រទេសយើង ដែលមានសុខសន្តិភាព ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕