(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍-អាទិត្យចុងសប្តាហ៍នេះ មហាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំគឺ «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩» នឹងត្រូវបានរៀបចំឡើង ជាទីកន្លែងជួបជុំគ្នា ដោយងាយស្រួល សម្រាប់និយោជក អ្នកផ្តល់ការអប់រំ បណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតក្នុង ការទទួលបាន ឱកាសការងារ ជ្រើសរើសបុគ្គលិក និងចែករំលែកព័ត៌មានទីផ្សារការងារ។
បន្ថែមលើនេះ ព្រឹត្តិការណ៍ពិព័រណ៍នឹង នាំមកនូវសិក្ខាសាលា ផលិតភាពជាតិ ក្រោមប្រធានបទ «យុទ្ធសាស្ត្រផលិតភាព សម្រាប់កម្ពុជា-ការត្រួសត្រា យផ្លូវសម្រាប់ការប្រកួតប្រជែងជាសកល» ដែលនឹងចែករំលែកបទពិសោធន៍ ដោយវាគ្មិនជាតិ និងអន្តរជាតិល្បីៗ ស្របពេល នឹងព្រឹត្តិការណ៍ពិព័រណ៍នេះផងដែរ។
សន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៩ ត្រូវបានរៀបចំនាព្រឹកថ្ងៃទី២៨ ខែតុលាឆ្នាំ២០១៩នេះ ដើម្បីផ្សព្វផ្សាយជាផ្លូវការអំពីដំណើរការនៃ ការរៀបចំពិព័រណ៍នាថ្ងៃទី២-៣ វិច្ឆិកាខាងមុខនេះ បានផ្តល់ព័ត៌មានទៅកាន់តំណាងក្រុមហ៊ុនអញ្ជើញ ចូលរួមតាំងបង្ហាញជាច្រើនរូប រួមមានវត្តមានលោក ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ, លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងលោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។
គួរបញ្ជាក់ថា ពិព័រណ៍នេះ ត្រូវបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយ សហភាពសហព័ន្ធ យុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដោយមានរយៈពេលពីរថ្ងៃគឺ ថ្ងៃសៅរ៍-អាទិត្យទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨ព្រឹក ដល់ ៨យប់ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ ។
ឱកាសការងារសរុបជាង២ម៉ឺន នឹងត្រូវបានផ្តល់ដោយក្រុមហ៊ុន/ សហគ្រាសធំៗជាង១៥០មក ពីវិស័យសំខាន់ៗដូចជា៖ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, សំណង់, សណ្ឋាគារ និងបដិសណ្ឋារកិច្ច,ទូរគមនាគមន៍,ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ, កម្មន្តសាល និងភ្នាក់ងារជ្រើសរើសឯកជន នៅក្នុងបញ្ជរសរុបចំនួន៣០០។
ក្រៅពីទទួលបាន ឱកាសការងាររាប់ម៉ឺនកន្លែង អ្នកចូលរួមនឹង ទទួលបានព័ត៌មានពីផែនការ តម្រូវការ និងគោលនយោបាយ ក្នុងការជ្រើសរើសកម្លាំងពលកម្ម នាពេលបច្ចុប្បន្ន និងអនាគត កម្មវិធីសិក្សា អាហារូបករណ៍ វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញ។
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩ គឺជាការជំរុញយន្តការវេទិកាការងា ររបស់រាជរដ្ឋាភិបាលកម្ពុជា ដូចបានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីលើកកម្ពស់វិស័យការងារ និងព័ត៌មានទីផ្សារការងារ នៅកម្ពុជាជាពិសេសសំដៅផ្តល់ ឱកាសទូលំទូលាយដល់កម្លាំងពលកម្មទាំងមានជំនាញ និងមិនមានជំនាញ ឲ្យទទួលបានការងារ កាន់តែប្រសើរចំណេញ ពេលវេលាកាត់បន្ថយចំណាយ និងទទួលបានប្រាក់ចំណូលខ្ពស់។
លើសពីនេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ក៏រួមចំណែកកាត់បន្ថយគម្លាតរវាងការផ្គត់ផ្គង់ និងតម្រូវការ ជំនាញនៅក្នុងទីផ្សារការងា ព្រមទាំងបង្កភាពងាយស្រួល ដល់យុវជន ដែលត្រូវឈានចូលទីផ្សារការងារ ក្នុងការទទួលបានការងារបន្ទាប់ ពីបញ្ចប់ការសិក្សា នៅកម្រិតឧត្តមសិក្សា ឬជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ ពិព័រណ៍ដ៏ធំនេះ ត្រូវបានរំពឹងថា មានអ្នកចូលរួមទស្សនាជាង ៣ម៉ឺននាក់ ដែលភាគច្រើនជាសិស្ស-និស្សិត យុវជន អ្នកស្វែងរកការងារ និងកម្មករនិយោជិតពីគ្រប់វិស័យ។
ដូច្នេះដើម្បីទទួលបានឱកាសការងារល្អៗ និងការយល់ដឹងអំពីការបង្កើនផលិតភាពសូមយុវជន សិស្ស-និសិ្សត អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតទាំងអស់ ចូលរួមទស្សនា និងកុំភ្លេចយកប្រវត្តិរូបសង្ខេប (CV) មកជាមួយដើម្បីដាក់ពាក្យស្នើសុំការងារដោយផ្ទាល់ជាមួយនិយោជក ដែលកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្ម។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ 017 871 807, 096 2155 162 គេហទំព័រ www.nea.gov.kh ឬទំព័រ Facebook របស់ NEA neakhmer៕