(ភ្នំពេញ)៖ លោក ម៉ូត ទូល័ស ទីប្រឹក្សាក្រសួងព័ត៌មាន បានជំរុញឱ្យអ្នកលក់ផ្សព្វផ្សាយតាមអនឡាញ ត្រូវលក់ផលិតផលដែលមានច្បាប់ ដើម្បីបញ្ជៀសបញ្ហាណាមួយដែលប្រឈមមុខនឹងផ្លូវច្បាប់ ព្រមទាំងធ្វើឱ្យមានការគាំទ្រពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ឋាន។
ការលើកឡើងបែបនេះរបស់លោក ម៉ូត ទូល័ស បានធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ នៅឱកាសដែលលោកបានអញ្ជើញចូលរួម ក្នុងពិធីប្រគល់វិញ្ញាបនបត្រ អ្នកបន្តវេនសម្រាប់ការ ដឹកនាំសិក្ខាសាលាមួយ ដែលមានម្ចាស់អាជីវកម្មលក់លើ Online ចូលរួមយ៉ាងច្រើនកុះករ នាពេលថ្មីៗកន្លងទៅនេះ។
លោក ម៉ូត ទូលូស បានបញ្ជាក់ថា អតិថិជនដែលចាប់អារម្មណ៍ ចំពោះផលិតផលរបស់លោកអ្នក អាចនឹងលែងចាប់អារម្មណ៍ បើសិនជាផលិតផលនោះ ពុំទាន់សុំច្បាប់អនុញ្ញាត្តិពីក្រសួងពាក់ព័ន្ធទេ ព្រោះថាការលក់លើ Online មានភាពទូលំទូលាយ មិនងាយគ្រប់គ្រងបានភ្លាមៗ ដូច្នេះ ប្រជាពលរដ្ឋត្រូវសួរ និងសុំមើលឯកសារបញ្ជីការពីក្រសួងជាមុនសិន មុននឹងសម្រេចជាវផលិតផល ណាមួយពីការលក់លើ Online។
ទីប្រឹក្សាក្រសួងព័ត៌មាន បានបន្ថែមថា បើសិនជាផលិតផលទាំងអស់នោះ មានច្បាប់ត្រឹមត្រូវ នោះគេមិនខ្លាចនឹងទិញទេ សំខាន់ គឺត្រូវតែជាផលិតផលល្អ ស្ថិតក្រោមច្បាប់ត្រឹមត្រូវ ហើយជាពិសេស គឺមានតម្លៃក្នុងការបង់ពន្ធជូនរដ្ឋ ជួយដល់សេស្ឋកិច្ចប្រទេសជាតិយើងទៀតផង។
នៅចំពោះមុខសមាជិក ដែលចូលរួមប្រមាណ៤០០នាក់ ទីប្រឹក្សាក៏បានលើកទឹកចិត្តយុវជន យុវតីទាំងអស់ ដែលជាអ្នកលក់ Online ត្រូវចេះតស៊ូ ព្យាយាមប្រឹងប្រែងលក់ ដើម្បីផ្លាស់ប្ដូរជីវិត និងជីវភាពប្រសើរឡើង។
ដោយធ្លាប់ឆ្លងកាត់កិច្ចប្រជុំធុរកិច្ច ក្រៅប្រទេសច្រើនលោក ចង់ឱ្យបងប្អូនក្លាយជាសហគ្រិន និងក្លាយជាមនុស្សខ្លាំង ជាពិសេសស្ដ្រីខ្មែរយើង ឱ្យមានសមត្ថភាពខ្ពស់ ដើម្បីក្លាយជាអ្នកធុរកិច្ចដ៏ខ្លាំងមួយ ក្នុងសង្គមកម្ពុជាយើង៕