(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវនេះ បានស្នើសុំឲ្យអាជ្ញាធរជួយបើកផ្លូវ៨៣០ ខណៈដែលផ្លូវមានលក្ខណៈតូចចង្អៀត ពិបាកក្នុងការធ្វើដំណើរឆ្លងពីផ្លូវនរោត្តម ទៅផ្លូវសុធារស់ ហើយតែងតែកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ថែមទៀតនោះ។

ប្រជាពលរដ្ឋ បាននិយាយថា បើតាមប្លង់គោលរបស់មន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ កំណាត់ផ្លូវលេខ៨៣០នេះ មានទំហំទទឹង ៦ម៉ែត្រ ប៉ុន្តែមកដល់ពេលនេះ ត្រូវបានគេរំលោភយក ដោយកន្លែងខ្លះនៅសល់មិនដល់ ៤ម៉ែត្រផងទេ។ ដូច្នេះហើយពួកគាត់ស្នើសុំឲ្យអាជ្ញាធរ មេត្តាជួយអន្តរាគមន៍បើកផ្លូវ៨៣០នេះ ឲ្យធំទូលាយផង ដើម្បីងាយស្រួល ក្នុងការធ្វើដំណើរ និងនៅពេលមានហានិភ័យ ដូចជា អគ្គិភ័យកើតឡើង សមត្ថកិច្ចអាចអន្តរាគមន៍ទាន់ពេល។

ប្រជាពលរដ្ឋដដែល បានបន្ថែមទៀតថា ប៉ុន្តែទោះបីជាយ៉ាងណាក្តី កំណាត់ផ្លូវ៨៣០នេះ ត្រូវបានមន្ត្រី នៃមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ បានចុះបាញ់កំណត់ទំហំផ្លូវហើយ ដើម្បីឲ្យប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់បានដឹង និងចូលរួមសហការបើកផ្លូវនេះឲ្យបានធំទូលាយ។

គួរបញ្ជាក់ថា កំណាត់ផ្លូវ៨៣០នេះ ស្ថិតនៅជាប់របងខាងត្បូងសាលាបញ្ញាសាស្ត្រ ក្រោយវត្តស្វាយពពែ ភូមិ៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយចាប់ពីផ្លូវព្រះនរោត្ដម ឆ្លងកាត់ផ្លូវលេខ២១ បន្តទៅដល់ផ្លូវសុធារស់៕