(ព្រះសីហនុ)៖ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នាសាលាខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីបន្តពិនិត្យគោលការណ៍ ដោះស្រាយផលប៉ះពាល់ដី ក្នុងតំបន់អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងសមាជិកក្រុមការងារ និងមន្រ្តីជំនាញពាក់ព័ន្ធ។

ជាលទ្ធផលអង្គប្រជុំបានសម្រេចដូចខាងក្រោម៖

១៖ បន្តទប់ស្កាត់ និងមានវិធានការលើការសាងសង់សំណង់ថ្មី ក្នុងតំបន់៦២គ្រួសារ តំបន់ជាប់ក្បែររបងជុំវិញដីបរិវេណអាកាសយានដ្ឋាន និងនៅមុខចុងផ្លូវរត់ RWY 21 និង RWY 03។

២៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអាជ្ញាធរដែនដី(ភូមិ-ឃុំ-ស្រុក-ខេត្ត) ត្រូវសហការពិនិត្យលើលក្ខខណ្ឌបច្ចេកទេស ដោយអនុលោមទៅតាមសេចក្តីកំណត់ស្តីពី ការគ្រប់គ្រងកម្ពស់ឧបសគ្គព្រលានយន្តហោះ នៃអាកាសយានដ្ឋានខេត្តព្រះសីហនុ មុននឹងអនុញ្ញាតឱ្យមានការសាងសង់។

៣៖ ប្រគល់ភារកិច្ចជូនលោក ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមការងារ បន្តជួយសម្របសម្រួលបង្វែរថវិកាដោះស្រាយ គោលនយោបាយ ជូនប្រជាពលរដ្ឋដែលនៅសល់៧គ្រួសារ រងផលប៉ះពាល់មកក្នុងគណនី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីក្រុមការងារអាចចាប់ដំណើរការ ការងារបានតាមការគ្រោងទុក។

៤៖ ប្រគល់ភារកិច្ចជូនលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ នៃរដ្ឋបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យមើលទីតាំងដីសម្បទានសង្គមកិច្ចទំហំ ៤៧៤ហិកតា ស្ថិតនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រួមទាំងប្លង់ផែនទី និងឯកសារពាក់ព័ន្ធទាំងអស់ និងធ្វើរបាយការណ៍ជូនអភិបាលរង និងក្រុមការងារ ដើម្បីពិនិត្យ និងមានវិធានការ។

៥៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ត្រូវសហការជាមួយក្រុមហ៊ុន SCA បន្តការចាក់បំពេញដីលើកទំនប់ ស្របតាមព្រំខណ្ឌ និយាមការ នៃគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានខេត្តព្រះសីហនុ។

៦៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សូមគាំទ្រទាំងស្រុង ចំពោះគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្រុងក្នុងខេត្តព្រះសីហនុ។

៧៖ ក្រុមការងារ និងរៀបចំកិច្ចប្រជុំបន្ទាន់មួយជាមួយគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ក្រុមហ៊ុន SCA និងអាជ្ញាធរខេត្តព្រះសីហនុ ដើម្បីពិនិត្យពិភាក្សាលើលក្ខខ័ណ្ឌបច្ចេកទេស និងផលប៉ះពាល់ នៃគម្រោងអភិវឌ្ឍន៍មហាវិថីរាម (លេខ៤៥) និងមហាវិថីជំទាវម៉ៅ (លេខ៤៧) ក្នុងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

៨៖ ក្រុមការងារនឹងបន្តជួបជាមួយប្រជាពលរដ្ឋ រងផលប៉ះពាល់ចំនួន ៧ គ្រួសារ បន្ទាប់ពីកំណត់ទីតាំងដីសម្រាប់ ដោះដូរជូនថវិកា គោលនយោបាយដោះស្រាយផលប៉ះពាល់ ត្រូវបានបង្វែរមកក្រុមការងារ៕