(សៀមរាប)៖ នៅសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តសៀមរាប បានរៀបចំសន្និសីទស៊ីយូអេស២០១៩ ស្តីពី «ឧត្តមសិក្សា ដើម្បីឧត្តមភាពការងារ» ដែលមានសិស្ស និស្សិត សាស្រ្តាចារ្យចូលរួមជាង៣០០នាក់។

ក្នុងពិធីដែលបានរៀបចំធ្វើឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ ក៏មានការតាំងពិព័រណ៍ដោយក្រុមហ៊ុន ជាង១០ ព្រមទាំងមានការចុះ អនុស្សារណៈយោគយល់ រវាងសាកលវិទ្យាល័យ និងស្ថាប័ន ដៃគូដើម្បីសហការជួយគ្នាទៅវិញទៅមក សម្ដៅជួយនិស្សិតទទួលបានការងារ កន្លែងហាត់ការ និងមានការងារល្អ។

ក្នុងកម្មវិធីបើកលោកបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ បានសង្កត់ធ្ងន់ថា គោលបំណងសន្និសីទនេះ គឺជួយសិស្សដែលបញ្ចប់ការសិក្សាមធ្យមសិក្សា ទុតិយភូមិ និងនិស្សិតកំពុងរៀន អំពីគន្លឹះក្នុងអាជីពជំនាញ វិធីសាស្រ្តសិក្សាឲ្យបានជោគជ័យ ត្រៀមលក្ខណៈការងារក្នុងកំឡុងពេលសិក្សា និងក្រោយពីបញ្ចប់ការសិក្សា។ សន្និសីទនេះ រួមមានបទបង្ហាញជាកញ្ចប់ពាក់ព័ន្ធគោលបំណងខាងលើ ធ្វើឡើងដោយតំណាងសាកលវិទ្យាល័យ ក្រុមហ៊ុនដៃគូជា ស្ថាប័នហិរញ្ញវត្ថុ មជ្ឈមណ្ឌលការងារ វាគ្មិនទាំងអស់សុទ្ធតែជាបុគ្គលជោគជ័យ។

បើតាមរបាយការណ៍លោក ឃី វណ្ណេត នាយកសាខាខេត្តសៀមរាប បានឲ្យដឹងថា ក្នុងឆ្នាំសិក្សាថ្មីនេះ CUS ទទួលបានកំណើននិស្សិតថ្មីច្រើនគួរ ឲ្យកត់សម្គាល់។

លោកបណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង ក៏បានធ្វើបទបង្ហាញពី «សិក្សានៅឧត្តមសិក្សា ដើម្បីចំណេះដឹងសមត្ថភាពការងារ» ដោយសង្កត់ធ្ងន់លើការតស៊ូ ព្រមទាំងបានប្រៀបធៀបអំពីវិធីសាស្រ្តសិក្សា ជោគជ័យរបស់យុវជនប្រទេសជប៉ុន ដែលចាប់ផ្តើមពីការសន្សំពេលវេលាឡើងទៅ។ ក្នុងនោះអ្នកសិក្សាស្រាវជ្រាវ ដែលជោគជ័យក្នុងការងារ ត្រូវចេះពិនិត្យស្វែងយល់ ក្នុងការរៀបចំយុទ្ធសាស្រ្ត និងផែនការដើម្បីអភិវឌ្ឍន៍ការសិក្សា និងគំហើញនៃការសិក្សាស្រាវជ្រាវ ដើម្បីបានជាធាតុផ្សំដ៏សំខាន់ នៃយុទ្ធសាស្រ្តប្រកួតប្រជែង។

លោកបន្ថែមថា សមត្ថភាពវិជ្ជាជីវៈនៅកម្រិតឧត្តមសិក្សា និស្សិតទទួលបានអប់រំពីសាស្ត្រាចារ្យផ្ដល់ឲ្យ បានប្រែកា្លយទៅជាអ្នកមានចំណេះដឹង ជាបញ្ញវន្ត មានកាយវប្បកម្មមាំមួន ចេះវិភាគរាល់បាតុភាពដែលកើតឡើងនៅក្នុងសង្គម មានការទទួលខុសត្រូវខ្ពស់ មានភាពស្មោះត្រង់ និងទម្លាប់ល្អចំពោះអាជីពរបស់ខ្លួន និងបង្កភាពជឿជាក់ នូវសមត្ថភាពរបស់ខ្លួន ផ្តល់នូវចំណេះដឹងប្រកបដោយបរិយាកាសវិជ្ជមាន ដកស្រង់បទពិសោធន៍ពីសង្គម និងបរិស្ថានការងារនៅជុំវិញ ផ្ដល់គុណភាពបណ្ដុះបណ្ដាល ទ្រឹស្ដី-ការអនុវត្ដឲ្យនិស្សិតមានសមត្ថភាពវិជ្ជាជីវៈ។

លោក ទ្រី ធីម នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ប្រចាំតំបន់សៀមរាប បានធ្វើបទឧទ្ទេសនាមលើប្រធានបទ «ឱកាសការងារនៅគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុអម្រិត» បានលើកឡើងអំពីវឌ្ឍនភាពរបស់អម្រិត ផលិតផល និងសេវាកម្មរបស់អម្រិត រចនាសម្ព័ន្ធគ្រប់គ្រង ធនធានមនុស្ស និងឱកាសការងារ ឱកាសដែលអម្រិតផ្តល់ជូន ការត្រៀមខ្លួនដើម្បីទទួលឱកាសការងារជាមួយអម្រិត។ ជាងនេះទៅទៀតអម្រិត ក៏ផ្តល់ជូននូវអត្ថប្រយោជន៍ សម្រាប់មុខតំណែងផ្សេងៗ ទៅតាមសមត្ថភាពនៅក្នុងស្ថាបន ផ្តល់ឱកាសការងារប្រកបដោយនិរន្តភាព ផ្តល់ការ ហ្វឹកហ្វឺនជាប្រចាំ ផ្តល់ការអប់រំទាំងផ្លូវកាយ និងផ្លូវចិត្តដើម្បីក្លាយជាពលរដ្ឋល្អក្នុងសង្គម បង្កើតឱកាសសម្រាប់ក្លាយជាបុគ្គលដែលមានសមត្ថភាព។

លោកបានបញ្ជាក់បន្ថែម ដល់សិក្ខាកាមដែលបានចូលរួមថា សូមកុំភ្លេចនូវមូលដ្ឋានគ្រឹះមកពីក្រោម ដើម្បីបន្តយកកម្រិតឧត្តមសិក្សា និងឱកាសការងារ ពីព្រោះទាំងការសិក្សា និងការងារគឺត្រូវការជានិច្ចនូវមូលដ្ឋាន ព្រមទាំងបច្ចេកវិទ្យាទំនើបបន្ថែមដើម្បីឲ្យការសិក្សា និងការងារមានការរីកចម្រើននៅថ្ងៃខាងមុខ របស់យើងគ្រប់ៗគ្នា។

ចំណែកលោក អយ លាងសេង នាយកអង្គការដឺស៊ីស៊ីឌីអូកម្ពុជា «ហេតុអ្វីចាំបាច់ត្រូវបន្តការសិក្សា នៅឧត្តមសិក្សា» ការសិក្សាគឺជាវិថីដ៏សំខាន់មួយ សម្រាប់ផ្លាស់ប្តូរជីវិតឲ្យកាន់តែប្រសើរឡើង ព្រោះមានតែការសិក្សាទេ ដែលអាចធ្វើឲ្យមនុស្សក្លាយជាអ្នកដែលមានមូលដ្ឋាន នៃចំណេះដឹងគ្រប់គ្រាន់ ដើម្បីក្លាយជាបុគ្គលប្រកបដោយឧត្តមភាព សម្រាប់ការរស់នៅ និងមានតម្លៃសម្រាប់មនុស្សជាតិ។

ដោយឡែកលោក សៀង សុខុន ប្រធានមជ្ឈមណ្ឌលការងារខេត្តសៀមរាប បានលើកឡើងអំពី «ព័ត៌មានទីផ្សារការងារ និងកត្តាប្រឈម» គឺលោកបានលើកឡើងអំពីទីផ្សារការងារ ដែលមាននៅក្នុងខេត្ត រចនាសម្ព័ន្ធគ្រប់គ្រងធនធានមនុស្ស និងឱកាសការងារដែលយុវជន នឹងទទួលបានដោយផ្អែក ទៅតាមលទ្ធផលដែលខ្លួនមាន។

លោកបានបញ្ជាក់បន្ថែមទៀតថា ដើម្បីជៀសបាននូវការប្រឈមអំពីការងារនិស្សិត ដែលជាយុវជនត្រូវគិតពីតួនាទី និងភារកិច្ចរបស់យុវជន គឺយុវជនជាទំពាំងស្នងឫស្សី យុវជនត្រូវតែមានចំណេះដឹង និងជំនាញច្បាស់លាស់ មានលក្ខណៈវិនិច្ឆ័យយុវជនល្អ គឺត្រូវមានសមត្ថភាពធ្វើការងារ និងបំពេញបន្ថែមនូវកង្វះ នៃជំនាញក្នុងការបំពេញការងារដូចជា៖

ជំនាញជាក់លាក់សម្រាប់ការងារ, ជំនាញភាសាបរទេស, ជំនាញប្រើប្រាស់កុំព្យូទ័រ, ជំនាញគ្រប់គ្រងអតិថិជន, ជំនាញដោះស្រាបបញ្ហា, ទំនាក់ទំនងផ្ទាល់មាត់, ជំនាញបំពេញការងារជាក្រុម, ជំនាញរៀបចំនិងធ្វើផែនការការងារ, ជំនាញទំនាក់ទំនងដោយសរសេរ, ជំនាញរដ្ឋបាល, ជំនាញគ្រប់គ្រងបែបយុទ្ធសាស្រ្ត, ជំនាញអនុវត្តការងារដោយរហ័សរហួន, ជំនាញជាអ្នកដឹកនាំ និងការទទួលខុសត្រូវ។ ក្នុងការកាត់បន្ថយបញ្ហា យុវជនត្រូវស្វែងយល់អំពីព័ត៌មានថ្មីៗ ទាក់ទងនឹងការអភិវឌ្ឍ ទទួលបទពិសោធន៍ថ្មី ដើម្បីចូលរួមដោះស្រាយបញ្ហាផ្សេងៗ ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាព កត្តាជោគជ័យរបស់យុវជន ដើម្បីជួយអភិវឌ្ឍន៍ និងទទួលបានផលពីការអភិវឌ្ឍ គឺផ្តើមពីយុវជនខ្លួនឯងជាចម្បង និងផ្តើមពីការងារប្រចាំថ្ងៃ។

នៅចុងបញ្ចប់លោកបណ្ឌិត មាស បូរ៉ា ក្នុងនាមប្រធានដឹកនាំ នៃអង្គសន្និសីទបានបូកសរុបថា ដើម្បីការរីកចម្រើនឥតមានព្រំដែនបុគ្គលខ្លួនឯង ជាអ្នកទទួលខុសត្រូវ លើជោគវាសនាខ្លួនឯង ជាពិសេសក្នុងយុគសម័យ ព័ត៌មានវិទ្យា និងសេដ្ឋកិច្ចចំណេះដឹង គឺចាំបាច់ណាស់ត្រូវអភិវឌ្ឍន៍ខ្លួន ហេតុនេះការបន្តការសិក្សា ជាការងារសំខាន់ អាទិភាពសម្រាប់ប្អូនៗ ដើម្បីទទួលបានដំណេះដឹងកាន់តែច្រើនពីកម្រិតមួយ ទៅកម្រិតមួយ នាំឲ្យមានបញ្ញាគិតត្រឹមត្រូវ នាំឲ្យជីវិតមានភាពប្រសើរឡើង។

CUS ត្រៀមខ្លួនជាស្រេចដើម្បីជួយ និងណែនាំប្អូនៗ ឲ្យដល់ត្រើយជោគជ័យ សាកលវិទ្យាល័យរៀបចំបទឧទ្ទេសនាម ដោយសាស្រ្តាចារ្យល្បីៗ រៀបចំកម្មវិធីសន្និសីទដោយទៀងទាត់ ដើម្បីផ្តល់ចំណេះដឹង ជំរុញការស្រាវជ្រាវ ផ្តល់វគ្គសិក្សាជំនាញខ្លីៗ ការចុះកម្មសិក្សា ទស្សនកិច្ចសិក្សា និងមានការចុះ MoU ជាមួយសាកលវិទ្យាល័យក្រៅស្រុកជាច្រើន ហើយថ្ងៃនេះសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តសៀមរាប ក៏បានចុះអនុស្សារណៈយោគយល់ ជាមួយស្ថាបនដៃគូជាច្រើនដើម្បីបើកផ្លូវឲ្យប្អូនៗ មានឱកាសបានសិក្សា ហាត់ការ និងទំនាក់ទំនងដើម្បីការងារនាពេលខាងមុខទៀតផង៕