(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានស្នើឲ្យស្ថាប័នមានសមត្ថកិច្ច ត្រូវរិះរកដំណោះស្រាយ និងមានវិធានការជាក់លាក់ សំដៅកាត់បន្ថយការលំបាករបស់បងប្អូនមានពិការភាពឲ្យបានខ្ពស់បំផុតស្របតាមផែនការយុទ្ធសាស្ត្រ របស់ក្រុមប្រឹក្សាសកម្មភាពជនពិការ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុង
ការឈានទៅសម្រេចបាននូវគោលដៅ «គ្មាននណាម្នាក់ត្រូវបានបំភ្លេចចោល»។
លោកបន្តថា ជនខ្សោយគំហើញ មានភាគរយខ្ពស់ជាងគេ ក្នុងចំណោមជនមានពិការភាពសរុបក្នុងប្រទេសកម្ពុជា ហើយអត្រាខ្ពស់នេះ មានការកើនឡើងដោយមូលហេតុបណ្តាលមកពីការកើនឡើង នៃពិការភាពផ្សេងៗ ហើយចំនួនជនមានពិការភាពនៅកម្ពុជា បាននឹងកំពុងកើនឡើងជារៀងរាល់ឆ្នាំដោយមូលហេតុផ្សេងៗដូចជា មានវ័យចាស់ជរាជំងឺស្ត្រក ទឹកនោមផ្អែម អូទីស៊ឹម និងផាគីនសុន ដែលការព្យាករណ៍មើលឃើញថានឹងមានការកើនឡើង។
ការលើកឡើងរបស់ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានធ្វើឡើងនៅក្នុងសិក្ខាសាលា «ពិគ្រោះយោបល់ប្រមូលធាតុចូល ដើម្បីឈានដល់ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាម៉ារ៉ាកេស»នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នាសណ្ឋាគារភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការក្រៅរាជរដ្ឋាភិបាលជាច្រើនរូបទៀត។
សិក្ខាសាលានេះ រៀបចំឡើងដោយ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សហការជាមួយ កម្មវិធីអភិវឌ្ឍសហប្រជាជាតិ ធ្វើឡើងដើម្បីពិគ្រោះយោបល់ប្រមូលធាតុចូល ដើម្បីឈានដល់ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាម៉ារ៉ាកេស ស្តីពីសិទ្ធិជនមានពិការភាពពិបាកអានឯកសារបោះពុម្ព ដែលហៅកាត់ថា «សន្ធិសញ្ញាម៉ារ៉ាកេស»។
ផ្អែកលើកកត្តាខាងលើនេះហើយ ធ្វើឲ្យកម្ពុជាមានមូលដ្ឋានច្បាស់លាស់ លើការពិនិត្យលើសិទ្ធិសញ្ញា ក៏ដូចអនុសញ្ញាផ្សេងៗ របស់អង្គការសហប្រជាជាតិ ដើម្បីឲ្យស្របនឹងស្ថានភាពវិវត្តន៍ជាក់ស្តែងរបស់កម្ពុជា ។ការផ្តល់សច្ចាប័នលើសន្ធិសញ្ញាម៉ារ៉ាកេស នឹងជួយជំរុញឱ្យកាន់តែប្រសើរ នូវការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិជនពិការ ដោយយោង លើកត្តាសំខាន់ៗជាច្រើននៃសន្ធិសញ្ញាម៉ារ៉ាកេស ដែលជាសន្ធិសញ្ញាសិទ្ធិអ្នកនិពន្ធដំបូង តម្កល់ គោលការណ៍សិទ្ធិមនុស្ស ជាចម្បង ហើយផ្សារភ្ជាប់ជាក់លាក់ទៅនឹងសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស និងអនុសញ្ញាស្តីពីសិទ្ធិជនពិការ។
លោក វង សូត បានបន្ថែមឲ្យដឹងថា «សន្ធិសញ្ញាម៉ារ៉ាកេស» ស្តីពីសិទ្ធិជនមានពិការភាពដែលពិបាកអាន ឯកសារបោះពុម្ព មិនត្រឹមតែគ្របដណ្តប់តែជនពិការភ្នែក និងអ្នកខ្សោយ គំហើញប៉ុណ្ណោះទេ វាក៏មានវិសាលភាពគ្របដណ្តប់ទៅដល់ជនមានពិការភាព តាមទម្រង់ផ្សេងៗទៀត ដែលពិបាកអានឯកសារបោះពុម្ព។ មិនតែប៉ុណ្ណោះ សន្ធិសញ្ញានេះ ក៏បានចែងអំពីលទ្ធភាពដែលជនមានពិការភាពអាចអាន ឯកសារបោះពុម្ពក្នុងទម្រង់ងាយស្រលអាន និងងាយស្រួលយល់ បង្កឱ្យ ជនមានពិការភាពអាចអាន និងទទួលបាន ចំណេះដឹង-ព័ត៌មានបានទូលំទូលាយទាំងថ្នាក់ជាតិ-អន្តរជាតិ ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព។
គួរបញ្ជាក់ថា កម្ពុជាបានចុះហត្ថលេខា លើសន្ធិសញ្ញាម៉ារ៉ាកេស នាសម័យ ប្រជុំនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣ និងជាប្រទេសមួយ ក្នុងចំណោម សមាជិកអាស៊ានតែពីរប្រទេសប៉ុណ្ណោះ ដែលបានចុះហត្ថលេខាលើសន្ធិសញ្ញានេះ។ បន្ទាប់ពីបានចុះហត្ថលេខារួច កម្ពុជានៅពុំទាន់បានផ្តល់ សច្ចាប័នលើសន្ធិសញ្ញានេះនៅឡើយទេ ប៉ុន្តែកម្ពុជាមានឆន្ទៈយ៉ាងមុតមាំ ក្នុងការផ្តល់សច្ចាប័ន លើសន្ធិសញ្ញានេះ សំដៅបំពេញបន្ថែមឱ្យបានពេញ លេញនូវសិទ្ធិទាំងអស់របស់ជនមានពិការភាពគ្រប់រូប និងគ្រប់ប្រភេទ៕