(សៀមរាប)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលរៀបចំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃសមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន (Association Des Cours Constitutionelles Francophones- ACCF) ដែលរៀបចំធ្វើឡើងនៅថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ លើទឹកដីនៃខេត្តសៀមរាប។
កិច្ចប្រជុំនេះ ដឹកនាំដោយលោកប្រធានតុលាការកំពូល នៃប្រទេសកាណាដា លោក Wagner Richard ដែលបានទទួលអាណត្តិជាប្រធានសមាគម តុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន (ACCF) និងមានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំចំនួន២២រូប នៃក្រុមប្រឹក្សាធម្មនុញ្ញ តុលាការធម្មនុញ្ញ និងតុលាការកំពូល មកពីប្រទេសចំនួន១១។ ក្នុងនោះ មានថ្នាក់ដឹកនាំកំពូលចំនួនប្រាំរូប រួមមាន៖
ទី១៖ លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
ទី២៖ លោក Meyer ULRICH ប្រធានតុលាការសហព័ន្ធស្វីស
ទី៣៖ លោក Papa Oumar SAKHO ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃប្រទេសសេណេហ្គាល់
ទី៤៖ លោក François DAOÛT ប្រធានតុលាការធម្មនុញ្ញនៃប្រទេសប៊ែលហ្សិក
ទី៥៖ លោកស្រី MANASSA DANIOKO ប្រធានតុលាការធម្មនុញ្ញនៃប្រទេសម៉ាលី ព្រមទាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាធម្មនុញ្ញ តុលាការធម្មនុញ្ញ និងតុលាការកំពូលនៃប្រទេស រ៉ូម៉ានី បារាំង ម៉ារ៉ុក និងប្រទេសហ្គាបុង។
កិច្ចប្រជុំនេះ បានធ្វើការពិភាក្សា និងសម្រេចលើរបៀបវារៈមួយចំនួនរួមមាន៖
* ការអនុម័តសេចក្ដីព្រាង កំណត់ហេតុប្រជុំនៃកិច្ចប្រជុំលើកមុន ការបូកសរុបសមទ្ធផលការងារ និងទិសដៅការងាររបស់សមាគម
* ការពិនិត្យសម្រេចលើកម្មវិធីប្រជុំបីឆ្នាំម្តង ការពិនិត្យសម្រេចលើការរៀបចំគេហទំព័ររបស់សមាគម ការពិនិត្យ សម្រេចលើស្ថានភាពហិរញ្ញវត្ថុរបស់សមាគម
* ការពិនិត្យសម្រេចលើកិច្ចសហប្រតិបត្តិការ រវាងសមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន (ACCF) ជាមួយនឹងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (Organisation Internationale de la Francophonie - OIF)
* ការពិនិត្យសម្រេចលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយនឹងសន្និសីទយុត្តាធិការធម្មនុញ្ញអាហ្រ្វិក (Conférence des Juridictions Constitutionnelles Africaines - CJCA) និងបញ្ហាផ្សេងៗ។
គូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន (ACCF) ត្រូវរៀបចំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍របស់ខ្លួន នៅតាមបណ្តាប្រទេស ជាសមាជិកអចិន្ត្រៃយ៍។
ដោយឡែកសម្រាប់ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសត្រូវបានកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃសមាគម តុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន ស្នើសុំឲ្យទទួលរៀបចំ កិច្ចប្រជុំជាលើកទី១ ក្នុងនាមជាសមាជិកគណៈអចិន្ត្រៃយ៍ នៃសមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន (ACCF)។ នេះក៏ជាការប្រជុំលើកទី១ របស់សមាគម ACCF នៅទ្វីបអាស៊ីចាប់តាំងពីពេលសមាគមនេះ ត្រូវបានបង្កើតឡើង។
សមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន (ACCF) នេះ ដែលទើបតែប្តូរពីឈ្មោះ ACCPUF នៅឆ្នាំ២០១៩ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧ ក្រោមការផ្តួចផ្តើមគំនិត ពីក្រុមប្រឹក្សាធម្មនុញ្ញនៃប្រទេសបារាំង។ ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានក្លាយជាសមាជិក នៃសមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន (ACCF) ក្នុងឆ្នាំ១៩៩៨។
បច្ចុប្បន្នសមាគមតុលាការ ធម្មនុញ្ញហ្វ្រង់កូហ្វូន (ACCF) មានសមាជិកសរុបចំនួន៤៨ ប្រទេស ដែលសុទ្ធសឹងតែជាប្រទេស ដែលនិយាយភាសាបារាំង៕