(សៀមរាប)៖ ក្រុមហ៊ុនភ័ញធើប្រផឹធី ជាក្រុមហ៊ុនឈានមុខ ក្នុងវិស័យអចលនទ្រព្យក្នុងកម្ពុជា បានចូលរួមសហការជាមួយក្រុមហ៊ុន អ៊ីវ្យូរៀលធើ រៀបចំសិក្ខាសាលាស្តីអំពី «គម្រោងអភិវឌ្ឍន៍អចលនទ្រព្យនៅក្រុងសៀមរាប» ក្នុងគោលបំណងចែករំលែកយុទ្ធសាស្ត្រនៃការវិនិយោគ និងឱកាសទិញផ្ទះ ក្នុងទីក្រុងរណបថ្មី នៅក្រុងសៀមរាប។
កម្មវិធីនេះ បានប្រព្រឹត្តទៅនៅសណ្ឋាគារ អង្គរប៉ារ៉ាឌី ដោយមានការចូលរួមគាំទ្រ ភ្ញៀវកិត្តិយសជាង២០០នាក់ ដែលជាវិនិយាគិនម្ចាស់ក្រុមហ៊ុន សណ្ឋាគារ សភាពាណិជ្ជកម្មសមាជិក នៃសមាគមន៍កម្ពុជា និងភ្ញៀវកិត្តិយសផ្សេងទៀត នាពេលថ្មីៗនេះ ។
កម្មវិធីសិក្ខាសាលានេះ ក៏មានការចូលរួមពីលោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្ម ខេត្តសៀមរាប-ឧត្តរមានជ័យ និងសំណាក់វាគ្មិនទាំង៧រូប មកពីស្ថាប័នក្រុមប្រឹក្សាផ្នែកច្បាប់ និងផ្នែកហិរញ្ញវត្ថុ ដែលសុទ្ធសឹងតែបុគ្គល ដែលមានបទពិសោធន៍ការងារខ្ពស់ និងជោគជ័យលើវិស័យអចលនទ្រព្យ។
បទបង្ហាញសំខាន់ៗ ក្នុងសិក្ខាសាលារួមមាន៖
១៖ ការបង្ហាញពីគម្រោងភាគខាងកើត នៃក្រុងសៀមរាប និងពង្រីកការអភិវឌ្ឍន៍ទីក្រុងរណបថ្មី ជុំវិញតំបន់ផ្លូវ៦០ម៉ែត្រ ក្នុងគោលបំណងបង្កើតតំបន់ទេសចរណ៍បន្ថែមទៀត និង លើកស្ទួយកំណើនធនធានទេសចរណ៍ឡើងវិញ។
២៖ សក្តានុពលក្នុងការវិនិយោគលើគម្រោង «ភូមិបាគង» ដែលជាសំណង់គេហដ្ឋានបែបប្រណីតចំនួន៣៥០ខ្នង លើផ្ទៃដីសរុប៤.៧ហិកតា និងការរៀបចំបរិវេណដើមឈើបៃតង សួនច្បារជុំវិញ២២កន្លែង ស្មើនឹង៥០ភាគរយ នៃផ្ទៃដីសរុប។
ជាការពិតណាស់ គម្រោងភូមិបាគង មិនត្រឹមតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែមានការទទួលស្គាល់ពីជនបរទេសផងដែរ ដោយបានឲ្យតម្លៃខ្ពស់លើការរៀបចំសហគមន៍រស់នៅបែបថ្មី ជួបជុំគ្នាក្រោមការរស់នៅអម ជាមួយបរិយាកាសអំណោយផលពីធម្មជាតិ បណ្តុំនៃសួន សាលារៀន ផ្សារ ចំណតយានយន្តរួម និងស្ពានអាកាសថ្មើរជើង ដំបូងគេបង្អស់ក្នុងខេត្តសៀមរាប។
លោក ងួន ឆាយលាង នាយកប្រតិបត្តិ នៃក្រុមហ៊ុន ភ័ញធើប្រផឹធី បានថ្លែងថា «គោលគំនិតនៃការបង្កើតជាសហគមន៍រស់នៅឲ្យមានភាពរស់រវើកឡើងវិញ ការប្រាស្រ័យទាក់ទងគ្នារវាងអ្នកជិតខាង ការជួបជុំគ្នាក្នុងមជ្ឍដ្ឋាន រស់នៅប្រកបដោយផាសុកភាព និងសន្តិភាព គឺជាអ្វីដែលមនុស្សគ្រប់គ្នាឲ្យតម្លៃ ហើយពួកយើងកំពុងរួមចំណែកកសាងការរស់នៅបែបផែន នៃក្តីស្រម៉ៃរបស់ប្រជាជនឲ្យក្លាយជាការពិត»។
ទន្ទឹមនឹងនេះដែរ លោក Martin Aerne ជាស្ថាបត្យករជនជាតិស្វីសដ៏ល្បីល្បាញ បានរួមចំណែកក្នុងការគូសប្លង់គម្រោងមេ និងផ្តល់សេវាស្ថាបត្យកម្មលើបទដ្ឋានរស់នៅបែបខ្មែរនៃ សំណង់ភូមិបាគងនេះផងដែរ។
លោក Martin Aerne មានទស្សនវិស័យជឿជាក់ថា គម្រោងដែលល្អ មិនត្រឹមតែផ្តោតទៅលើទីតាំង និងការសាងសង់ប៉ុណ្ណោះទេ ប៉ុន្តែគឺការកែច្នៃតំបន់រស់នៅនោះ ឲ្យមានជីវិតស្របជាមួយធម្មជាតិ កាត់បន្ថយផ្សែងពុល ទៅវិញទេដែលជាការរស់នៅពិតប្រាកដ និងសក្តិសមបំផុតសម្រាប់មនុស្សជំនាន់ថ្មី។
ជាកិច្ចបញ្ចប់នៃកម្មវិធីនេះ វាគ្មិនទាំងអស់ បានផ្ដល់អនុសាសន៍ថា ដើម្បីទទួលបានភាពគាំទ្រ និងជោគជ័យ ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាន គួរតែផ្តោតលើការរៀបចំ គម្រោងដែលគាំទ្រឲ្យមានវប្បធម៌ប្រាស្រ័យទាក់ទងស្និទ្ធស្នាល បរិយាកាសដែលមានដើមឈើសួនច្បារច្រើន និងការរស់នៅដែលប្រាកបដោយផាសុកភាព។
លើសពីនេះទៅទៀត វាគ្មិនទាំងអស់ ក៏បានជឿជាក់ថា គម្រោងអភិវឌ្ឍន៍សៀមរាបខាងកើត ពិតជាមានលទ្ធភាព និងសក្ដានុភាពខ្ពស់ ក្នុងការលើកស្ទួយវិស័យអចលនទ្រព្យ ក៏ដូចជាវិស័យទេសចរណ៍ របស់ខេត្តសៀមរាបផងដែរ៕