(ភ្នំពេញ)៖ ដើម្បីឆ្លងតបទៅនឹងការអភិវឌ្ឍឥតឈប់ឈរ នៃប្រព័ន្ធបច្ចេកវិទ្យានៅសម័យទំនើប ព្រមទាំងដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ របស់មនុស្សតាមបែបស៉ីវីល័យថ្មីនេះ មានក្រុមហ៊ុនឯកជនចំនួនពីរ បានចុះកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យា DAHUA ផ្នែកកាម៉េរាសុវត្ថិភាព ដើម្បីធ្វើឱ្យសង្គមមានសុវត្ថិភាព និងការរស់នៅឆ្លាតវៃ នៅប្រទេសកម្ពុជា។
កាលពីចុងសប្តាហ៍នេះ ក្រុមហ៊ុន គីម ហេង សិនធ័រ បានប្រកាសជាផ្លូវការ ក្លាយជាតំណាងចែកចាយផ្តាច់មុខក្នុងប្រទេសកម្ពុជា ពីក្រុមហ៊ុនបច្ចេកវិទ្យារ DAHUA ដែលជាក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ២ នៅលើផ្នែកកាម៉េរាសុវត្ថិភាព A&S នៅក្នុងឆ្នាំ២០១៨ និងជាអ្នកផ្ដល់សេវាកម្មផ្នែក video-centric smart IoT លំដាប់ពិភពលោក។
បន្ទាប់ពីចាប់បើកដំណើរការ កាលពីអំឡុងឆ្នាំ២០០១ បច្ចុប្បន្នក្រុមហ៊ុនបច្ចេកវិទ្យា DAHUA មានបុគ្គលិកចំនួន១៧,០០០នាក់ មានសាខានៅក្រៅប្រទេស ៥៤សាខា ដែលរួមមានផលិតផលដូចជា CCTV Camera, Access Control, Video Intercoms, LED/LCD Display, Video Conferencing to Machine Vision និង Drones ជាដើម។
ដោយឡែក ក្រុមហ៊ុន គីម ហេង បានចាប់ផ្ដើមធ្វើអាជីវកម្មតាំង ពីឆ្នាំ១៩៩៥ ដោយលោក លីម គ្រី ដែលជាតំណាងចែកចាយដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ក្រុមហ៊ុន គីម ហេង សិនធ័រ មានតំណាងចែកចាយពីក្រុមហ៊ុន HP, Panasonic, IBM, ICOM, SONY, TP Link and Dahua។
កិច្ចសហប្រតិបត្តិការជាដៃគូ រវាងក្រុមហ៊ុនបច្ចេកវិទ្យា DAHUA និងក្រុមហ៊ុន គីម ហេង សិនធ័រ គឺដើម្បីសម្រេចនូវចក្ខុវិស័យ «សង្គមមានសុវត្ថិភាព និងការរស់នៅឆ្លាតវៃ» នៅក្នុងប្រទេសកម្ពុជា។
គោលការណ៍ចម្បងមួយទៀត គឺផ្ដោតសំខាន់ទៅលើអតិថិជន ដែលផ្ដល់ជូននូវគុណភាព និងសេវាដ៏ល្អបំផុតជូនអតិថិជន ដើម្បីបង្កើនគុណតម្លៃកាន់តែខ្ពស់ សម្រាប់អតិថិជនតាមរយៈការខិតខំប្រឹងប្រែង ដើម្បីកសាងសង្គមប្រកបដោយសុវត្ថិភាព ឆ្លាតវៃ ងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់ប្រទេសកម្ពុជា៕