(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពតនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទចុះចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ដោយសារគ្រោះធម្មជាតិ លោក ជាវ តាយ អភិបាលខេត្តកំពតប្រមាណ ៥០០គ្រួសារ មកពីក្រុងកំពត ស្រុកទឹកឈូ ស្រុកជុំគិរី ស្រុកឈូក និងស្រុកដងទង់។

បើតាមលោកស្រី ព្រំ សុភាព ប្រធានមន្ទីរ សង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឱ្យដឹងថា ប្រជាពលរដ្ឋទាំង ៥០០គ្រួសារ ដែលបានមកទទួលអំណោយពេលនេះ គឺក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូ មីម៉ាម៉ា១កេស ត្រីខ១យួរ ទឹកត្រី ១យួរ និងថវិកាចំនួន២ម៉ឺនរៀល។

លោក ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ថា ការនាំអំណោយយកមកចែកជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺបានស្ដែងឱ្យឃើញ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចថ្នាក់ដឹកនាំរបស់ខេត្ត ដែលតែងតែបានខិតខំកៀរគរជំនួយ ផ្សេងៗទាំងស្មារតី សម្ភារៈ និងថវិកា ពីសប្បុរសជនជាតិ អន្តរជាតិនានា ដើម្បីជួយសម្រួលដោះស្រាយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ពិសេសជនងាយរងគ្រោះ ស្របទៅនឹងអានុសាសន៍ផ្ដាំផ្ញើរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងសម្ដេចគតិបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយមិនត្រូវទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់រស់នៅ ដោយគ្មានអាជ្ញាធរបានជួយដោះស្រាយឡើយ។

លោកអភិបាលខេត្ត បានបន្តថា បើទោះបីអំណោយពេលនេះ មិនបានឆ្លើយតបតម្រូវការនៃទំហុំខ្វះខាតរបស់បងប្អូន តែក៏អាចជួយដោះស្រាយ សំរាលការលំបាករបស់បងប្អូនបានមួយរយៈផងដែរ។ ប៉ុន្តែបញ្ហាសំខាន់គឺបងប្អូនត្រូវបន្តយកចិត្តទុកដាក់ ប្រកបការងារមុខរបរចិញ្ចឹមជីវិត ពិសេសគឺការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដាំដំណាំរួមផ្សំ ដើម្បីបង្កើនសេដ្ឋកិច្ចជីវភាពគ្រួសារឱ្យបានកាន់តែប្រសើរឡើងថែមទៀត។

ពាក់ព័ន្ធនឹងបណ្ឌិត សម រង្ស៊ី ប្រកាសវិលចូលស្រុកវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ លោកអភិបាលខេត្ត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមហូបអំបុក ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ សូមកុំលង់ជឿតាមឧបាយកលរបស់ទណ្ឌិត សម រង្ស៊ី ក្នុងគោលបំណងបំផ្លាញស្ថិរភាព និងបង្កអសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងភាពរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋយើង។

លោក ជា តាយ បានបញ្ជាក់ថា ប្រទេសជាតិបើគ្មានសុខសន្តិភាពទេកុំថាឡើយ ការអភិវឌ្ឍមានភាពរីកចម្រើន សូម្បីតែសិទ្ធិសេរីភាព នៃការរស់នៅក៏គ្មានដែរ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើងកុំលង់ជឿ តាមឧបាយកលរបស់ទណ្ឌិត សម រង្ស៊ី ឱ្យសោះ។

ក្នុងឱកាសនោះដែរ លោក ជាវ តាយ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ អំពីបញ្ហាអនាម័យសុខភាព គឺត្រូវហូបទឹក ស្អាតរស់នៅស្អាតជាប្រចាំ នឹងត្រូវប្រុងប្រយ័ត្នពីគ្រោះអគ្គីភ័យកើតឡើងផ្សេងៗ។ លោកក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងញៀន សូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមអប់រំក្រុមគ្រួសារ និងកូនចៅឱ្យល្អដោយមានការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀនផងដែរ៕