Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តកំពង់ចាម មានរោងចក្រ១៧ ស្រូបយកកម្លាំងពលកម្មជាង ៣ម៉ឺននាក់ ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋនៅក្នុងខេត្ត

28-10-2019 13:38

(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា អាជ្ញាធរខេត្តបានទាក់ទាញអ្នកវិនិយោគធំ តូច និងបានសាងសង់រោងចក្រចំនួន ១៧រោងចក្រ ដែលអាចស្របយក កម្លាំងកម្មករ កម្មការនី សរុប៣១,៣៣៦នាក់ ដែលជាចំណែកមួយចូលរួម ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមក្នុងកំណើនសេដ្ឋកិច្ចរបស់ខេត្តផងដែរ។

ការលើកឡើងបែបនេះរបស់លោក អ៊ុន ចាន់ដា បានធ្វើឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផល ផលិតផលក្នុងស្រុកសរុប GDP ឆ្នាំ២០១៨ នៅមន្ទីរផែនការខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ថ្ងៃនេះក្រសួងផែនការបានបើកកិច្ចប្រជុំផ្សព្វផ្សាយ GDP ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តកំពង់ចាម រួមមាន វិស័យកសិកម្ម វិស័យឧស្សាហកម្មគណនេយ្យជាតិ នៃក្រសួងយកមកគណនា។ ការបានបើកប្រជុំផ្សព្វផ្សាយលទ្ធផល ផលិតផលក្នុងស្រុកសរុបរបស់រដ្ឋបាលខេត្តកំពង់ចាម ដែលទិន្នន័យនេះមាន វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម ដែលនាយកដ្ឋាន នៃក្រសួង ផែនការយកមកគណនា។

លោកថា ទិន្នន័យនេះមានសារៈសំខាន់ណាស់ ធ្វើជាមធ្យោបាយក្នុងការវាស់វែងអំពីកម្រិតនៃការរីកចម្រើនរបស់រដ្ឋបាលខេត្តតាមបណ្តាឆ្នាំនីមួយៗ និងចំណូលជាមធ្យមរបស់ប្រជាពលរដ្ឋម្នាក់ៗ តាមរយៈការវិភាគតាមបែបម៉ាក្រូ សេដ្ឋកិច្ច។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ទិន្នន័យនេះ វាមានសារៈសំខាន់ណាស់ សម្រាប់បង្ហាញដល់ភាគីពាក់ព័ន្ធនានា ជាពិសេសដៃគូអភិវឌ្ឍន៍ ដែលមានបំណងចង់មកវិនិយោគ នៅលើទឹកដី រដ្ឋបាលខេត្តកំពង់ចាម ហើយពួកគេអាចដឹងពីកំណើនសេដ្ឋកិច្ច និងការរីកចម្រើន
របស់រដ្ឋបាលខេត្ត តាមរយៈលទ្ធផលផលិតផលក្នុងស្រុកសរុប GDP នេះ។

លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា ក្នុងរយៈពេលប្រមាណពីរទស្សវត្សកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំ អភិវឌ្ឍប្រទេស ឱ្យមានការរីកចម្រើនឥតឈប់ឈរ។ ជាក់ស្តែងរដ្ឋបាលខេត្តកំពង់ចាម មានការរីកចម្រើនឥតឈប់ឈរ តាមរយៈការលើកកម្ពស់គុណភាព នៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍ជាតិ។

ជាក់ស្ដែងខេត្តបានទាក់ទាញ អ្នកវិនិយោគធំ តូច ដោយបានសាងសង់រោងចក្រ មានចំនួន១៧រោងចក្រ ស្ថិតក្នុងស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ និងស្រុកចំការលើ ដែលអាចស្រូបយកកម្លាំងកម្មករ កម្មការនី សរុប ៣១,៣៣៦នាក់ ដែលជាចំណែកមួយចូលរួម ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមក្នុងកំណើនសេដ្ឋកិច្ចរបស់ខេត្តផងដែរ៕