(តាកែវ)៖ លោកវេជ្ជបណ្ឌិត សុខ ផេង រដ្ឋលេខាធិកាក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ និងលោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទ្រាំង នៅចុងសប្ដាហ៍នេះ បានអញ្ជើញសំណេះសំណាល និងលើកទឹកចិត្តក្រុមកីឡាករទូកង តាកែវទ្រាំងសុខសែនជ័យ នាបរិវេណវត្តត្រពាំងសំបួរថ្មី ស្ថិតក្នុងឃុំសំបួរ ស្រុកទ្រាំង។
ឱកាសនោះលោកវិជ្ជបណ្ឌិត សុខ ផេង និងលោក សុខ ពុទ្ធិវុធ បានលើកឡើងពីកត្តាសន្តិភាព ស្ថេរភាពនៅក្នុងប្រទែសដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍ហើយក៏បានផ្តល់ឱកាសដល់យើង ទាំងអស់គ្នា ជួបជុំសប្បាយរីករាយក៏ដូចជាថែរក្សានូវវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដែលដូនតាយើងបន្សល់ទុក។ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាសន្តិភាពនេះឱ្យបាន ហៀយជៀសវាងដាច់ខាតជឿលើពាក្យញុះញង់បោកប្រាស់របស់ក្រុមក្បត់ជាតិដែលមានបំណងអូសទាញបងប្អូនចូលរួមធ្វើរដ្ឋប្រហាទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ ដែលសកម្មភាពនេះនឹងនាំឱ្យមានទោសដល់ខ្លួនយើង។
លោកក៏បានផ្តាំផ្ញើដល់បងប្អូនដែលនឹងត្រៀមចេញទៅប្រមូលផ្តុំហ្វឹកហាត់នៅរាជធានីត្រូវគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន រួបរួមសាមគ្គីគ្នាជាធ្លុងមួយយកចិត្តទុកដាក់ពង្រឹង សមត្ថភាពខិតខំយកជ័យលេភីជូនខេត្ត ហើយកុំធ្វើអ្វីឱ្យប៉ះពាល់ដល់មុខមាត់ខេត្តរបស់យើង។
សូមបញ្ជាក់ថា ទូក-ង តាកែវទ្រាំងសុខសែនជ័យ កសាងឡើងក្នុងខែកញ្ញា ឆ្នាំ២០០០ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ ថេង អាយអាន្នី សុខ អាន ជូនដល់ប្រជាជនស្រុកទ្រាំង៕