(កំពត)៖ សមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន គឺលោក ឃុន ស៊ីម៉ន និងលោកស្រី ព្រមទាំងបុត្រ កាលពីចុងសប្តាហ៍ បានចូលរួមធ្វើបុណ្យឋិនទានសាមគ្គី ដែលបានប្រព្រឹត្តិទៅយ៉ាង អធឹកអធម និងមានការអញ្ជើញចូលរួមជាមួយសប្បុរសជន និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បីប្រមូលបច្ច័យវេរប្រគេនដល់ព្រះសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់ត្រីមាស នៅក្នុងវត្ត ឧត្តមសិរីរតន៍ (ហៅវត្តថ្មី) នាភូមិតាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត។
នៅក្នុងឱកាសមហានក្ខត្តឫក្សនោះ ក៏មានរៀបចំធ្វើពិធីប្រគេនយាគូព្រះសង្ឃ ពិធីវេរភត្តាហារប្រគេនដល់ព្រះសង្ឃ ពិធីលំអានតាមប្រពៃណីបែបព្រះពុទ្ធសាសនា និងពិធីដង្ហែអង្គកឋិនទានសាមគ្គី ព័ទ្ធជុំវិញព្រះវិហារចំនួនបីជុំ។
បន្ទាប់ពីអង្គកឋិនទាន ត្រូវបានដង្ហែចូលក្នុងព្រះវិហារ ក៏មានរៀបចំពិធីនមស្សការ ថ្វាយបង្គំព្រះ និងវេរអង្គកឋិនទាន ប្រគេនដល់ព្រះចៅអធិការវត្ត ជាកិច្ចឆ្លងបង្ហើយនៃកម្មវិធីបុណ្យផងដែរ។
សូមជម្រាបថា គោលបំណងសំខាន់ នៃការរៀបចំអង្គកឋិនទានសាមគ្គី គឺដើម្បីប្រមូលបច្ច័យសម្រាប់កសាងសមិទ្ធផលផ្សេងៗ និងកសាងសាលាឆាន់មួយខ្នង នៅក្នុងវត្ត ឧត្តមសិរីរតន៍ (ហៅវត្តថ្មី) នាភូមិតាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត ។
សូមបញ្ជាក់ថា បច្ច័យអង្គកឋិនសាមគ្គីចំនួន ដែលប្រមូលបានយកទៅប្រគេនព្រះសង្ឃមានចំនួន ៣២.១៩៦.០០០រៀល និង៦១០ដុល្លារ សម្រាប់កសាងសមិទ្ធផលនានានៅក្នុងវត្ត៕