(សៀមរាប)៖ ភ្នំគូលែន ត្រូវបានគេចាត់ថា ជាភ្នំដ៏ពិសិដ្ឋរបស់ប្រជាជាតិខ្មែរ តាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន ដោយសារនៅទីនោះជាទីបុរាណដ្ឋានប្រវត្តិសាស្ត្រ ពោរពេញដោយសម្បត្តិវប្បធម៌ សាសនា ធនធានធម្មជាតិ និងផលិតផលទេសចរណ៍យ៉ាងច្រើនសម្បូរបែប ដែលភ្ញៀវទេសចរនិយមទៅទស្សនាជាប់ឥតដាច់ ប៉ុន្តែកន្លែងមួយចំនួនមិនទាន់មានភ្ញៀវទៅទស្សនាច្រើននៅឡើយទេ។

ក្នុងពេលចុះបំពេញបេសកកម្មលើកទី៥ ឆ្ពោះទៅខេត្តសៀមរាប ក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» បានឡើងទៅដល់ខ្នងភ្នំគូលែន និងបានជួបសម្ភាសន៍ជាមួយលោក ងិន សារុន បុគ្គលិកផ្នែកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ពាក់ព័ន្ធនឹងកន្លែងគួរឱ្យចង់ទស្សនានៅលើភ្នំនេះ។

លោក ងិន សារុន បានឱ្យដឹងថា នៅលើភ្នំគូលែន បើរាប់ទាំងប្រាង្គប្រាសាទ បុរាណដ្ឋាន និងពើងធម្មជាតិមានប្រមាណជាង ៤០០កន្លែង ក្នុងនោះមានប្រាង្គប្រាសាទដែលត្រូវបានរកឃើញចំនួន ៤២ប្រាង្គ និងសង្ឃឹមថានឹងរកឃើញថ្មីៗទៀត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឡាយដា (Lidar)។ មានន័យថា បច្ចុប្បន្ន អាជ្ញាធរមិនទាន់បានរកឃើញបុរាណដ្ឋាន និងប្រាង្គប្រាសាទ ដែលកប់ក្នុងស្រទាំប់ដីនៃភ្នំគូលែនបានសព្វអស់នៅឡើយទេ។

លោកបានរៀបរាប់បន្តថា ទីកន្លែងដែលមានភ្ញៀវទេសចរទៅទស្សនាច្រើនជាងគេ មានដូចជា បរិវេណព្រះអង្គធំ ទឹកធ្លាក់ ក្បាលស្ពាន និងស្ទឹងលិង្គមួយពាន់។

ដោយឡែក ទីដែលមានប្រាសាទបុរាណ ដូចជា ស្រះដំរី ប្រាសាទអូរផ្អុង ប្រាសាទអូរតូប ប្រាសាទអារាមរងចិន ប្រាសាទគគីរ និងប្រាសាទជាច្រើនទៀតនោះ ភ្ញៀវទេសចរមួយចំនួនធំមិនទាន់បានចូលទៅដល់នោះទេ។ លក្ខណៈពិសេសមួយទៀត នៅពេលទៅដល់ស្រះដំរី ភ្ញៀវទេសចរអាចគយគន់ទេសភាពទៅដល់ភ្នំបូក ភ្នំដី និងទិដ្ឋភាពក្រុងសៀមរាបពីចម្ងាយបានផងដែរ។

ក្រៅពីនេះ ភ្នំគូលែននៅមានពើងធម្មជាតិជាច្រើនទៀត ដូចជា ពើងតារដ្ឋ ពើងជ្រួញ ពើងគំនូរ ក៏ជាទីគយគន់ទេសភាពនៅតាមជើងភ្នំយ៉ាងស្រស់បំព្រង។

កន្លែងដែលភ្ញៀវទេសចរអាចស្នាក់នៅ ឬចង់ទស្សនកិច្ចសិក្សាស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅលើភ្នំគូលែន គឺមាននៅសហគមន៍អន្លង់ធំ ទីដែលក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» បោះតង់សម្រាកនាពេលរាត្រី និងសហគមន៍ពពែលជាដើម។

លោក ងិន សារុន ក៏បានបង្ហាញភាពរីករាយដែរថា ដោយរាជរដ្ឋាភិបាលបាននិងកំពុងស្ថាបនាផ្លូវពីខាងលិចភ្នំដល់ខាងកើតភ្នំ បានបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងការធ្វើដំណើរទៅមក ឬទៅទស្សនាកន្លែងផ្សេងៗ។

លោកថា ភ្ញៀវទេសចរអាចឡើងមកទស្សនាភ្នំគូលែនយ៉ាងងាយស្រួល និងអាចបន្តដំណើរទៅទស្សនានៅតាមគោលដៅទេសចរណ៍មួយចំនួនទៀត ដូចជា បើចុះពីភ្នំគូលែនទៅកាន់ស្រុកស្វាយលើ ភ្ញៀវទេសចរអាចបន្តទៅទស្សនាប្រាសាទបេងមាលា ឬបឹងមាលា ហើយក៏អាចបន្តទៅទស្សនាក្រុមប្រាសាទកោះកេរ នៅខេត្តព្រះវិហារបានទៀតផង បើចុះទៅកាន់ស្រុកបន្ទាយស្រី ភ្ញៀវទេសចរក៏អាចទៅទស្សនាប្រាសាទបន្ទាយស្រីបានយ៉ាងស្រួលទៀតដែរ។

សូមជម្រាបថា ប្រជាពលរដ្ឋខ្មែរបានចាត់ទុកភ្នំគូលែនជាទីសក្ការបូជាដ៏សំខាន់ ហើយក៏ជាកន្លែងដ៏ពេញនិយមក្នុងការធ្វើធម្មយាត្រា។ នៅលើកំពូលភ្នំនេះ មានវត្តតូចមួយមានតម្កល់ព្រះពុទ្ធបដិមាមួយអង្គ ក្នុងទម្រង់បរិនិព្វាន ដែលឆ្លាក់ចេញពីផ្ទាំងថ្មភ្នំតែម្តង។

នៅក្បែរនោះដែរ មានទឹកធ្លាក់ដែលជាការទាក់ទាញមួយ សម្រាប់ទេសចរមុជទឹកកម្សាន្ត។ នៅជម្រាលភ្នំមានទីសក្ការៈតូចមួយ ដែលនៅទីនោះគេឱ្យឈ្មោះថា «ទឹកជប់» គឺជាកន្លែងដែលទឹកផុសចេញពីក្នុងថ្ម ហើយត្រូវចាត់ទុកថាជា «ទឹកព្រះ»។

ក្នុងសម័យអង្គរ ភ្នំគូលែនបានផ្ដល់ថ្មភ្នំ (ថ្មភក់) ដែលជាវត្ថុធាតុដើមក្នុងការសាងសង់ប្រាសាទជាច្រើន និងសំណង់ផ្សេងៗក្នុងតំបន់អង្គរ។ គេបានរកឃើញថា ប្រភពថ្មសំខាន់ជាងគេ គឺស្ថិតនៅប៉ែកអាគ្នេយ៍នៃភ្នំ៕