(តាកែវ)៖ អតីតប្រធានគណបក្សសង្គ្រោះជាតិម្នាក់នៅឃុំអង្គកែវ ស្រុកទ្រាំង ខេត្តតាកែវ គឺលោក មូល ប៊យ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានសម្រេចចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានមើលឃើញទណ្ឌិត សម រង្ស៊ី និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ បាន និងកំពុងប្រព្រឹត្តទង្វើក្បត់ជាតិ តាមរយៈការប្រមាថព្រះមហាក្សត្រ បង្កចលាចលក្នុងសង្គម ជាពិសេសបានគៀងគរ និងប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋ។
លោក មូល ប៊យ បានថ្លែងថា ការដែលលោកចូលរួមជាមួយអតីតគណបក្សសង្គ្រោះជាតិ ពីពេលមុនគឺដោយសារតែចាញ់បោកគោលនយោបាយ ប្រជាភិថុត របស់គណបក្សនេះ ប៉ុន្តែក្រោយពីការសង្កេតមើលកន្លងមក គណបក្សមួយនេះ គ្មានបានធ្វើអ្វីក្រៅពីបង្កនូវភាពវឹកវរ ចលាចលក្នុងសង្គមនោះឡើយ ហើយតែងតែមានជម្លោះផ្ទៃក្នុងគណបក្សជាប្រចាំ។
ជាពិសេសនាពេលថ្មីៗនេះ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិមួយចំនួន បានប្រមាថយ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ ដែលប្រជាពលរដ្ឋទូទាំងប្រទេស គោរពជាទីបំផុត ហើយថែមទាំងអូសទាញ និងគៀងគរកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋឲ្យចូលរួមសកម្មភាពខុសច្បាប់ជាមួយក្រុមខ្លួន ដើម្បីប៉ុនប៉ងធ្វើរដ្ឋប្រហារទំលាក់រាជរដ្ឋាភិបាល ស្របច្បាប់ថែមទៀតផង។
អតីតប្រធានគណបក្សសង្រ្គោះជាតិឃុំអង្គកែវរូបនេះ បានបន្តថា ម្យ៉ាងទៀត ការសម្រេចចិត្តដើរចេញ ពីអតីតគណបក្សសង្រ្គោះជាតិ ហើយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមួយដែលតែងតែរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយបានដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍន៍រីកចម្រើនរុងរឿងហួសពីការរំពឹងទុកនាពេលបច្ចុប្បន្ននេះ។
សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៉ី បានប្រកាសវិលចូលប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលបំណងធ្វើរដ្ឋប្រហារខុសច្បាប់ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ក្រោយប្រកាសវិលចូលប្រទេស លោកបានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនពីរាជរដ្ឋាភិបាលទៅចុះចូលជាមួយខ្លួន ដោយប្រកាសថានឹងផ្តល់ថវិកាលើកទឹកចិត្តដល់ពួកគេ មិនតែប៉ុណ្ណោះ មេដឹកនាំក្រុមឧទ្ទាមថែមទាំងអំពាវនាវប្រឆាំងរដ្ឋធម្មនុញ្ញ ដោយបង្គាប់ឱ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។
សាររបស់ឧក្រិដ្ឋជន សម រង្ស៊ី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម។
ជាមួយគ្នានេះ ស្ថាប័នមានសមត្ថកិច្ច បានព្រមានថា អ្នកចូលរួម និងគាំទ្រ ដល់ផែនការរដ្ឋប្រហាររបស់ទណ្ឌិត សម រង្ស៉ី នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់ពីបទ «រួមគំនិតក្បត់» ដែលប្រឈមនឹងកា
រដាក់ពន្ធនាគារពី១៥ រហូតដល់៣០ឆ្នាំ។ ទោះជាយ៉ាងនេះក្តីសម្រាប់អ្នកដែលចូលសារភាព ទទួលស្គាល់កំហុស នឹងត្រូវអនុញ្ញាតឱ្យរួចទោសឡើងវិញ៕