(សៀមរាប-បូរីរ៉ាំ)៖ នៅក្នុងគោលបំណង នៃការធ្វើដំណើរដោយរថយន្ដ តាមផ្លូវគោកនេះ គឺដើម្បីបង្កើនសម្ព័ន្ធភាពទេសចរណ៍ រវាងថ្នាក់ដឹកនាំ និងអាជ្ញាធរទេសចរណ៍ ខេត្តមួយចំនួនរបស់ថៃ និងខេត្តសៀមរាប ជាពិសេសបណ្ដាខេត្តនៅតាមព្រំដែនកម្ពុជា-ថៃ ឱ្យបានមកទស្សនាខេត្តសៀមរាប ជាមួយនឹងការធ្វើដំណើរដោយរថយន្ដផ្ទាល់ខ្លួន ឆ្លងកាត់ព្រំដែន ដោយគ្មានរបាំងរារាំង ឬការរំខានណាមួយ សមាគមក្លិបទេសចរណ៍ខេត្តសៀមរាប បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយភាគីខេត្តនគររាជសីម៉ា និងខេត្តបូរីរ៉ាំ ហើយសភាពាណិជ្ជកម្មខេត្តនគររាជសីម៉ា បានអះអាងថា នឹងមានជើងយន្តហោះ ហោះហើរដោយត្រង់មកកាន់ខេត្តសៀមរាប-កម្ពុជា។
ការធ្វើដំណើរជាលើកដំបូងនេះដឹកនាំដោយលោក ហោ សារុន អនុរដ្ឋលេខាពិការ ក្រសួងទេសចរណ៍, លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប, លោក ហ្វីលីព កៅ ប្រធានសមាគមក្លិបទេសចរណ៍ខេត្តសៀមរាប (STC) និងមានការចូលរួមពីប្រតិបត្តិករទេសចរ, មន្ត្រីរាជការពីក្រសួង/មន្ទីរទេសចរណ៍, រដ្ឋបាលសាលាខេត្តសៀមរាប, អាជ្ញាធរជាតិអប្សរា, និងអ្នកសារព័ត៌មាន ដែលមានចំនួន១០២នាក់ រួមនិងរថយន្ដចំនួន ១៨គ្រឿង និងមានការទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្ដៅជាទីបំផុត ពីរដ្ឋបាលខេត្តប្រទេសថៃ ដែលយើងបានធ្វើដំណើរឆ្លងកាត់ ហើយមន្ត្រីទេសចរណ៍ថៃ និងរថយន្ដប៉ូលីសថៃ បាននាំក្បួនប្រកបដោយសុវត្ថិភាពផងដែរ ។
ការធ្វើដំណើរនេះ គឺមានរយៈពេល ៤ថ្ងៃ និង៣យប់ ចាប់ពីថ្ងៃទី២៣-២៦ ខែតុលា ឆ្នាំ២០១៩ ដោយចេញដំណើរពីបរិវេណខាងមុខប្រាសាទអង្គរវត្ត ចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឆ្ពោះទៅកាន់ខេត្តស្រះកែវ ខេត្តប្រាជិនបូរី ខេត្តនគររាជសីម៉ា ខេត្តបូរីរ៉ាំ និងឆ្លងកាត់ខេត្តសុរិន្ទ ដោយប្រតិភូខ្មែរបានធ្វើដំណើរទៅទស្សនាតំបន់រមណីយដ្ឋាន ប្រាសាទ វត្តអារ៉ាម សារមន្ទីរ សួនផ្ការ ពហុកីឡាដ្ឋាន ជាដើម ហើយពេលចូលមកកម្ពុជា វិញតាមច្រកអន្តរជាតិស្មាច ខេត្តឧត្តរមានជ័យ។
បើតាមលោក ហ្វីលីព កៅ បានឱ្យដឹងថា ក្នុងការធ្វើដំណើរលើកដំបូងបែបនេះ គឺបានចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងសមាគមក្លិបទេសចរណ៍ខេត្តសៀមរាប (STC) ជាមួយសភាពាណិជ្ជកម្ម នៃខេត្តនគររាជសីម៉ា និងខេត្តបូរីរ៉ាំ ក្នុងគោលបំណង ដើម្បីបង្កើនសម្ព័ន្ធភាពទេសចរណ៍ រវាងថ្នាក់ដឹកនាំ និងអាជ្ញាធរទេសចរណ៍ និងដើម្បីភាពរីកចម្រើន ជាឧត្តមប្រយោជន៍គ្នាទៅវិញទៅមក ខាងវិស័យទេសចរណ៍ សម្រាប់ប្រទេសទាំងពីរ។
លោកបន្តឱ្យដឹងថា ក្នុងការចុះអនុស្សារណៈយោគយល់គ្នានេះ គឺយើងបានព្រមព្រៀងគ្នាលើ៥ចំណុចសំខាន់ ដែលមានការអញ្ជើញចូលរួម ជាសាក្សីពីលោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងអាជ្ញាធរថ្នាក់តំបន់/ថ្នាក់ខេត្តរបស់ភាគីទាំងពីរ និងប្រតិភូរួមដំណើ ដែលបានព្រមព្រៀងគ្នាលើ៖
ទី១៖ ធ្វើឱ្យមានការរីកចម្រើន និងពង្រឹងសម្ព័ន្ធភាពលើវិស័ទេសចរណ៍ ប្រកបដោយភាពយោគយល់ និងស្មើសិទ្ធិគ្នា ហើយដើម្បីរក្សា នូវឧត្តមប្រយោជន៍ រវាងគ្នាទៅវិញទៅមក។
ទី២៖ ភាគីទាំងពីរ នឹងផ្សព្វផ្សាយអំពីសក្ដានុពល នៃវិស័យទេសចរណ៍ប្រទេសជាតិរបស់ខ្លួន, ចូលរួមសិក្ខាសាលា, កិច្ចប្រជុំ, សន្និសីទ, ពិព័ណ៌, និងសកម្មភាពនានា ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។
ទី៣៖ ភាគីទាំងពីរ នឹងមានការគាំទ្រ លើកទឹកចិត្ត បង្ហាញមធ្យោបាយ ក្នុងការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ច និងគោលដៅទេសចរណ៍ របស់ប្រទេសនិមួយៗ ដល់គ្នាទៅវិញទៅមក។
ទី៤៖ ជួយសម្របសម្រួល និងរៀបចំនូវឯកសាររដ្ឋបាល និងឯកសារពាក់ព័ន្ធនានា ក្នុងការធ្វើដំណើរឆ្លងដែន និងឯកសារពាក់ព័ន្ធ នឹងវិស័យទេសចរណ៍ ដល់គ្នាទៅវិញទៅមក។
ទី៥៖ នឹងមានការផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍ ចំណេះដឹងការប្រតិបត្តិល្អ និងនវានុវត្តន៍ រួមនឹងកម្មវិធីសិក្សា ឬទស្សនកិច្ចសិក្សា ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ដល់គ្នាទៅវិញទៅមក។
លោក ហោ សារុន បានឱ្យដឹងថា បន្ទាប់ពីដំណើរទស្សនកិច្ច ៤ថ្ងៃនោះថា លទ្ធផលជាវិជ្ជមានដែលយើង ទទួលបានពីដំណើរទស្សនាចរនេះ គឺមានការទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្ដៅជាទីបំផុត ពីរដ្ឋបាលខេត្តរបស់ប្រទេសថៃ ដែលយើងបានធ្វើដំណើរឆ្លងកាត់ ដូចជាខេត្តស្រះកែវ ខេត្តប្រាជិនបូរី ខេត្តនគររាជសីម៉ា ខេត្តបូរីរ៉ាំ និងខេត្តសុរិន្ទ ។
លោកបានគូសបញ្ជាក់ថា ទីពីរ គឺយើងបានទទួលចុះអនុស្សារណៈនៃការយោគយល់គ្នា រវាងសមាគមក្លិបទេសចរណ៍ខេត្តសៀមរាប បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ជាមួយភាគីសភាពាណិជ្ជកម្ម នៃខេត្តនគររាជសីម៉ា និងខេត្តបូរីរ៉ាំ ផងដែរ។
ការចុះ MoU នេះ គឺចុះហត្ថលេខា ស្ដីពី ការពង្រឹងទំនាក់ទំនង រវាងវិស័យទេសចរណ៍ និងវិស័យពាណិជ្ជកម្ម ហើយក្នុងនេះ គឺយើងបាន ធ្វើការផ្សព្វផ្សាយ និងការសម្រួលនូវការធ្វើដំណើរដឹកជញ្ជូនភ្ញៀវទេសចរ តាមច្រកព្រំដែនអន្តរជាតិ ក្នុងគោលបំណងជំរុញនូវភ្ញៀវទេសចរ នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ឱ្យធ្វើដំណើរតាមផ្លូវគោក ព្រោះបច្ចុប្បន្ននេះ យើងបានសម្រួលនូវការធ្វើដំណើរ បានច្រើនណាស់ ហើយទាំងខាងសមត្ថកិច្ច ទាំងខាងនគរបាលអន្ដោប្រវេសន៍ បានកាត់បន្ថយនូវសាល័ក្ខប័ត្រ ដូចជាការបំពេញហ្នឹង គឺបំពេញតែពេលចូលម្ដង ហើយនៅពេលចេញគឺមិនចាំបាច់បំពេញ និងមិនមានត្រូវការរូបថតនោះទេ។
លោកបានបន្ថែមឱ្យដឹងថា ហើយចំពោះមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន ដែលត្រូវយកចូលមក គឺមិនចាំបាច់សុំទៅខាងសមត្ថកិច្ចគយ នៅឯក្រសួងនោះទេ គឺរថយន្ដដែលខាងថៃយកចូលមក គាត់អាចត្រឹមតែបំពេញព័ត៌មានគយដោយសង្ខេប ជាមួយមន្ត្រីគយ នៅច្រកទ្វារព្រំដែលតែម្ដង ហើយពេលយើងចេញទៅប្រទេសថៃ គឺធ្វើដូចគ្នាដែរ។
ភាពវិជ្ជមានមួយទៀត គឺយើងបានទទួលដំណឹងពីសភាពាណិជ្ជកម្មថៃ ប្រចាំខេត្តនគររាជសីម៉ា លោកថានឹងមានការហោះហើរត្រង់ ពីខេត្តនគររាជសីម៉ា មកកាន់ខេត្តសៀមរាប ហើយអាចទៅរាជធានាភ្នំពេញ និងខេត្តព្រះសីហនុ ផងដែរ ហើយក្នុងពេលខាងមុខ កំឡុងខែធ្នូ ឆ្នាំ២០១៩នេះ ពួកគាត់នៅខេត្តបូរីរ៉ាំ និងខេត្តសុរិន្ទ ថាភ្ញៀវទេសចរពួកគាត់នឹងមកទស្សនាកម្ពុជា ខេត្តសៀមរាប ជាមួយនឹងរថយន្ដ ៥០គ្រឿង។
លោកបន្តឱ្យដឹងថា នៅដើមឆ្នាំ២០២០នេះ យើងនឹងមានរៀបចំឱ្យមានការរត់ម៉ារ៉ាតុនសប្បុរសធម៌ ក្នុងការប្រមូលនូវថវិការ សម្រាប់ជួយ ដល់មន្ទីរពេទ្យកុមារ។ លោក ក៏បានធ្វើសុំណូមពរដល់ផ្នែកឯកជន និងវិស័យទេសចរណ៍ នៅក្នុងខេត្តសៀមរាប ក៏ដូចជាខេត្តផ្សេងៗ សូមពិនិត្យ ឬសម្រួលនូវកញ្ចប់ តម្លៃទស្សនកិច្ចបន្តិចទៅ ដើម្បីអាចទាក់ទាញភ្ញៀវទេសចរ ឱ្យមកទស្សនាកម្ពុជា បន្ថែមទៀត។
លោក ក៏បានសុំណូមពរដល់សមត្ថកិច្ច នៅតាមគ្រប់ច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ មេត្តាជួយសម្រួលរាល់បែបបទ ក្នុងការធ្វើដំណើរចូលរបស់ប្រជាជនថៃ និងរាល់ការធ្វើដំណើរចេញរបស់ប្រជាជនកម្ពុជា ដោយកុំឱ្យមានបញ្ហាលំបាក និងបញ្ហាស្មុគស្មាញអ្វីទាំងអស់ ដើម្បីយើងបង្កើននូវលំហូរចូល នៃភ្ញៀងទេសចរថៃ ក៏ដូចជា ការលំហូរចេញនូវភ្ញៀវទេសចរខ្មែរ ផងដែរ៕