(កំពង់ធំ)៖ រយៈពេល ២ថ្ងៃ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប ដែលរៀបចំឡើងដោយខេត្តកំពង់ធំចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដែលបានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា បានប្រព្រឹត្តទៅយ៉ាងរលូន ត្រចះត្រចង់ ពោរពេញទៅដោយសម្រែក ហ៊ោរកញ្ជ្រៀវ សប្បាយរីករាយ ញញឹមញញេមពីសំណាក់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន នៅតាមបណ្តោយដងស្ទឹងសែន រួមជាមួយនឹងក្រុមកីឡាករ កីឡាការនីចំណុះទូកទាំងអស់ និងនៅពេលរាត្រីមានការប្រគុំតន្ត្រី បណ្តែតប្រទីបរបស់រដ្ឋបាលខេត្ត និងប្រទីបរបស់អង្គភាពមន្ទីរ។
លោកបណ្ឌិត ងួន ញ៉ិល បានលើកឡើងថា ព្រឹត្តិការណ៍បុណ្យអុំទូកនៅពេលនេះ ប្រជាពលរដ្ឋដែលបានចូលរួមក៏បានសំដែងការសាទរសប្បាយរីករាយយ៉ាងក្លៀវក្លាផងដែរ ខណៈព្រឹត្តិការណ៍ដ៍ឱឡារឹកនេះ ញ៉ាំងឱ្យកក្រើកនៅក្រុងស្ទឹងសែនតែម្ដង។ ជាលទ្ធផលល្អ នៃតម្លៃសន្តិភាពជាតិយើងដែលរកបាន និងរក្សាដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ រួមនឹងប្រជាពលរដ្ឋនៅទូទាំងប្រទេស។
លោកបានបន្តថា ខេត្តកំពង់ធំ គឺជាខេត្តមួយដែលមានភាពល្បីល្បាញខាងវិស័យទូក-ង ជាងគេ តាំងពីសម័យសង្គមរាស្រ្តនិយមមកម៉្លេះ រហូតដល់មានខេត្តមួយចំនួនមកជួលជាងទូក-ងពីខេត្តកំពង់ធំ ទៅធ្វើទូកឱ្យគេ ឬក៏មកជាវទូក-ង ពីខេត្តកំពង់ធំយើងទៅតែម្តង។
បន្ទាប់ពីព្រះរាជាណាចក្រទី២ ចាប់បដិសន្ធិឡើងវិញភ្លាម ខេត្តកំពង់ធំ មានទូក-ងមួយ ដែលមានល្បឿនលឿនជាងគេ គឺទូកឈ្មោះ ស្រីស្រស់ស្ទឹងសែន ដែលស្ថិតនៅក្នុងវត្តបាក់ស្រី ឃុំគោល ស្រុកសណ្តាន់ ដែលកាលនោះបានធ្វើឱ្យគណៈកម្មការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ក៏ដូចជា ថ្នាក់ដឹកនាំមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង។
ទន្ទឹមនឹងការចូលរួមនេះលោកបណ្ឌិត ងួន ញ៉ិល ក៏សំណូមដល់ប្រជាពលរដ្ឋទាំងអស់ ដែលមកលេងកម្សាន្ត ត្រូវចូលរួមថែរក្សាបរិស្ថាន កុំចោលសម្រាមផ្ដេសផ្ដាស ពិសេសសូមរក្សាភាពថ្លៃថ្នូរ ទាំងការបើកបរ និងគេចឲ្យឆ្ងាយពីគ្រឿងញៀនទាំងអស់គ្នា។
ក្រៅពីធីប្រណាំងទូក បានយកចិត្តទុកដាក់ លើផ្នែកសន្តិសុខ សុវត្តិភាព សណ្ដាប់ធ្នាប់ អនាម័យបរិស្ថាន និងការធ្វើចរាចរណ៍ ឱ្យមានភាពងាយស្រួល ព្រមទាំងបានរៀបចំស្តង់តាំងពិពណ៌ ផលិតផលផ្សេងៗ មានការប្រគុំតន្ត្រី សម្ដែងដោយតារាល្បីៗជាច្រើន ដែលដឹកនាំដោយសមាគមសិល្បៈ ការបណ្ដែតប្រទីប បង្ហោះគោម និងបាញ់កាំជ្រួចអបអរសាទ ក្នុងពិធីប្រណាំងទូកនេះផងដែរ។
សូមបញ្ជាក់ថា ស្របពេលដែលថ្ងៃកំណត់ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ កាន់តែខិតជិតចូលមកដល់នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដប្រកាសថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០១៩នេះ នឹងមិនត្រូវអាក់ខានឡើយ បើទោះបីស្ថានភាពទឹកទាបកម្ពស់ត្រឹម១ម៉ែត្រក៏ដោយ។
គួរជម្រាបថា ក្នុងឆ្នាំនេះទូកដែលមកចូលរួមប្រកួតប្រជែងមានចំនួន ៤៣ទូក ក្នុងនោះមានទូកផ្កាចាចំនួន២៥ទូក ទូកនារី ១ទូក ទូកខ្នាតអន្តរជាតិ១០ទូក និងទូកងខ្នាតវែងចំនួន ៨ទូក។
ទោះជាយ៉ាងនេះក្តី ព្រះរាជពិធីបុណ្យ ដែលជាបុណ្យប្រពៃណីជាតិ ក៏ត្រូវបានរៀកម្មវិធីនៃការប្រកួតនេះជាលទ្ធផលលេខ១ផ្នែកទូក «ផ្កាចា» ផ្នែកនារី បានទៅលើទូកឈ្មោះ «បុប្ផាសេះសកំពង់ធំ», លេខ២ បានទៅលើទូកឈ្មោះ «៧ មករា មានជ័យ»។
សម្រាប់ទូក «ផ្កាចា» ផ្នែកបុរស លេខមួយបានទៅលើទូកឈ្មោះ ខ្លាខ្មៅមានរីទ្ធិ។ សម្រាប់ផ្នែកទូកប្រពៃណីអន្តរជាតិលេខ១ បានទៅលើទូកឈ្មោះ «ផ្កាចន្ធសរ សែនជ័យ»។ រីឯទូក ង ខ្នាតវែងលេខ១ បានទៅលើទូកឈ្មោះ «ព្រះច័ន្ទកុមារថេរ៉ាសែនជ័យ», លេខ២ បានទៅលើទូក «តាអោកតេជោសែនជ័យ បារមីកំពង់ស្បូវ» និងទូកឈ្មោះ «សែនសិរីមានជ័យ»៕