(កោះកុង)៖ រដ្ឋបាលសាលាខេត្តកោះកុង បានទទួលអំណោយរថយន្តចំនួន ២គ្រឿង គឺរថយន្តសង្រ្គោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យ ពីគណៈកម្មាធិការសន្តិសុខសុវត្ថិភាព និងជាក្រុមប្រឹក្សាខេត្តក្យុងគីដូ ប្រទេសកូរ៉េខាងត្បូង ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងថ្លែងថា លោកស្រីមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានមិត្តកូរ៉េ បានផ្តល់ជាជំនួយឥតសំណងជារថយន្តពន្លត់អគ្គិភ័យ និងរថយន្តពេទ្យសង្រ្គោះបន្ទាន់ ជាការងារចម្បងបំផុត សម្រាប់ខេត្តកោះកុងទាំងមូល ពិសេសប្រជាពលរដ្ឋតែម្តង នៅពេលដែលពួកគាត់ជួបគ្រោះអាសន្នអគ្គិភ័យ គ្រោះធម្មជាតិឆេះព្រៃ មានអគ្គីភ័យផ្សេងៗខ្វះទឹកប្រើប្រាស់ និងមានជំងឺធ្ងន់ធ្ងរ គឺក្រុមការងារជំនាញចុះអន្តរាគមន៍បានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់ ហើយបានជាជំនួយមួយដល់ស្នងការ និងមន្ទីរពេទ្យផងដែរ។
លោកស្រីអភិបាលខេត្ត បានថ្លែងបន្តថា លោកស្រី និងពលរដ្ឋខេត្តកោះកុង រំពឹងទុកថា មិត្តកូរ៉េ នឹងបន្តជួយទូកសង្រ្គោះបន្ទាន់ រថយន្តសម្អាតបរិស្ថាន និងបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបច្ចេកទេសបន្ថែម តាមសក្តានុពលដែលខេត្តកំពុងមាន។
លោក គីម ប៊ំមជីន ប្រធានអង្គភាពពន្លាត់អគ្គិភ័យខេត្តក្យុងគីដូ បានថ្លែងថា មុននឹងពិធីប្រគល់រថយន្តអគ្គីភ័យ និងរថយន្តសង្រ្គោះបន្ទាន់នេះ ក្នុងរយៈពេល១ថ្ងៃ ក្រុមការងាររបស់លោក បានបណ្តុះបណ្តាលជំនាញបច្ចេកទេសបន្ថែម ពីការប្រើប្រាស់ថែទាំរថយន្តពន្លត់អគ្គិភ័យ និងរបៀបសង្រ្គោះបន្ទាន់ អាយុជីវិតមនុស្សពេលមានជំងឺ ឬបញ្ហាផ្សេងៗដល់កម្លាំងនគរបាលស្នងការ ខេត្តកោះកុងរួចរាល់ហើយ ដើម្បីឲ្យដំណើរការ អន្តរាគមន៍ជួយសង្រ្គោះមានគុណភាព និងទាន់ពេលវេលា ជៀសវាងបញ្ហាកាន់តែរីករាលដានខ្លាំង។
លោកបានថ្លែងបញ្ជាក់ថា ការសំណូមផ្សេងៗទៀតលោក និងពាំនាំទៅអាជ្ញាធរប្រទេសលោក ដើម្បីធ្វើការស្នើដើម្បីជំនួយបន្តបន្ថែមក្នុងជួយខេត្តកោះកុង៕