(ពោធិ៍សាត់)៖ លោក រ៉ូហ្វី អូស្មាន តំណាងរាស្ត្រខេត្តពោធិ៍សាត់ បានដឹកនាំគណៈប្រតិភូអញ្ជើញជាអធិបតី ក្នុងពិធីអប់រំសុខភាពមូលដ្ឋាន នៅភូមិរលាប ឃុំរលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ១០០នាក់។
ពិធីនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ រៀបចំឡើងដោយគណៈកម្មការសុខាបាល នៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសម៉ាឡេស៊ី ដែលធ្វើការវះកាត់សំអាតលើកុមារា (កាត់ស្បែកចុងប្រដាប់ភេទ) ចំនួន៥០នាក់ ដោយឥតគិតថ្លៃ។
ថ្លែងទៅកាន់អង្គពិធី លោកតំណាងរាស្រ្ត បានកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ក្នុងការចូលរួមដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឲ្យកម្មវិធីនេះប្រកបដោយជោគជ័យ និងផ្តល់ផលប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់។
លោក រ៉ូហ្វី អូស្មាន បានបន្តថា ការធ្វើអនាម័យលើកុមារនេះ វាមិនត្រឹមតែជាក្រឹត្យក្រមរបស់សាសនាឥស្លាមតែប៉ុណ្ណោះទេ តែវាគឺជាការសម្អាតដ៏មានប្រសិទ្ធភាព ក្នុងការការពារពីជំងឺកាចសាហាវទាំងឡាយ ដូចជាជំងឺកាមរោគជាដើម ។ល។
ក្នុងឱកាសនោះ លោកក៏បានថ្លែងអំណរគុណ ចំពោះពុកម៉ែ បងប្អូនផងដែរ ដែលបានជួយថែរក្សារសុខសន្តិភាព តាមរយៈការផ្តល់ទំនុកចិត្ត និងជំនឿជឿជាក់ មកលើគណបក្សប្រជាជនកម្ពុជា ជាពិសេសការផ្តល់ទំនុកចិត្តមកលើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយការបោះឆ្នោតជូន ជារៀងរាល់អាណត្តិ និងបានចូលរួមទប់ស្កាត់រាល់សកម្មភាពញុះញង់ របស់ក្រុមប្រឆាំងក្រៅច្បាប់មួយចំនួនតូច ដែលមានចេតនាអាក្រក់មកលើ រាជរដ្ឋាភិបាលកម្ពុជា។
លោកបន្តទៀតថា ជាក់ស្ដែងនៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនេះ គឺជាថ្ងៃដែលក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះ ប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាល ដូច្នេះសូមពុកម៉ែបងប្អូន កុំមានការថ្លោះធ្លោយចាញ់ឧបាយកលរបស់ពួកគេឲ្យសោះ យើងទាំងអស់គ្នា នឹងប្រែក្លាយថ្ងៃទី៩ វិច្ឆិកាខាងមុខនេះ ជាថ្ងៃហូបអំបុករួមគ្នា ដែលជាអំបុកថែជាតិ សាសនា និងព្រះមហាក្សត្រ។ មុននឹងបញ្ចប់ លោកបាននាំសាឡាម ផ្ដាំផ្ញើសាកសួរសុខទុក្ខពីលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងថ្នាក់ដឹកនាំដទៃទៀត ជូនចំពោះពុកម៉ែបងប្អូន ដោយក្តីនឹករលឹកជាទីបំផុត។
បន្ទាប់ពីមតិសំណេះសំណាល លោក រ៉ូហ្វី អូស្មាន ក៏បានប្រគល់អំណោយ ដល់បងប្អូនប្រជាពលរដ្ឋប្រមាណ១០០គ្រួសារ ដែលអំណោយនេះ បានមកពីសមាគម Muslim care Malaysia របស់ប្រទេសម៉ាឡេស៊ី ចែកជូនក្នុងមួយគ្រួសាររួមមាន អង្ករ៣០គីឡូក្រាម, មីខ្លាឃ្មុំ១កេស, ស្ករស១គីឡូក្រាម, ប្រេងឆា១ដប, និងទឹកក្រូចដបធំចំនួន១ដប។ ក្នុងនោះក៏បានឧបត្ថម្ភគោមួយក្បាល សម្រាប់អាហារសាមគ្គីរួមគ្នាមួយពេលផងដែរ។ ជាមួយគ្នានោះ លោកបានឧបត្ថម្ភទូកង តេជះសែនជ័យ បារមីក្រុងពោធិ៍សាត់២០ម៉ឺនរៀល និងទូកង ចៅសែនជ័យបារមីឃ្លាំមឿង របស់សាលាខេត្តពោធិ៍សាត់ ២០ម៉ឺនរៀល។
នៅព្រឹកថ្ងៃដដែល លោកតំណាងរាស្ត្រវ័យក្មេងរូបនេះ ក៏មានជំនួបសំណេះសំណាលសាកសួរសុខទុក្ខដាច់ដោយឡែកផ្សេងទៀត ជាមួយប្រជាពលរដ្ឋ នៅភូមិស្វាយប៉ាកតូច ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងបានប្រគល់គម្ពីរគួរអាន ចំនួន៦០ក្បាល ជូនតំណាងព្រះវិហារឥស្លាមចំណុះ ៤ភូមិ រួមមានភូមិស្វាយប៉ាកធំ ២៥ក្បាល ស្វាយប៉ាកតូច ១៥ក្បាល ភូមិអង្រ្កង ១០ក្បាល និងភូមិបោះពួយចំនួន ១០ក្បាល ស្មើនឹង ៦៦០ ដុល្លារ ឧបត្ថម្ភដល់វិហារភូមិស្វាយប៉ាកតូច ២០០,០០០រៀល សាលាឃុំព្រងិល ១០០,០០០រៀល៕