Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរទេសចរណ៍ខេត្តក្រចេះ៖ ទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩ ទទួលបានភ្ញៀវជាង៣ម៉ឺន៥ពាន់នាក់

28-10-2019 12:55

(ក្រចេះ)៖ ប្រធានមន្ទីរទសចរណ៍ខេត្តក្រចេះ លោក ជួប រតនា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី២៨នេះថា ទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩ ដែលបានប្រារព្ធឡើងនៅខេត្តក្រចេះ ចាប់ពីថ្ងៃទី២៥-២៧ ខែតុលា ទទួលបានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជាង ៣៥,០០០នាក់។

លោកប្រធានមន្ទីរបានអះអាងថា ទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩ ក្រោមប្រធានបទ «កើនផ្សោត កើនទេសចរ កើនជីវភាព» បានប្រព្រឹត្តទៅដោយរលូនហួសការរំពឹងទុក។

លោកថា ភាគីពាក់ព័ន្ធទទួលបានចំណេះដឹងថ្មីៗពីជីវសាស្ត្រ និងការអភិរក្សសត្វផ្សោត ព្រមទាំងចូលរួមកម្មវិធីនានា រួមមាន៖ ដេីរក្បួន រត់ប្រណាំង ប្រណាំងកង់ តាំងពិព័រណ៍ផលិតផលក្នុងស្រុក ដាំកូនឈេី បោះតង់ ប្រគុំតន្ត្រី គូរគំនូរ ប្រកួតញ៉ាំក្រូចថ្លុង ក្រឡាន និងណែមជាដើម និងមានបើកសិក្ខាសាលាស្តីពី ការអភិរក្សសត្វផ្សោត ដេីម្បីកំណេីនទេសចរប្រកបដោយនិរន្តរភាព។

ជាលទ្ធផល កម្មវិធីបានដាក់ចុះទិសដៅចម្បងៗ រួមមាន៖ ពង្រឹងកិច្ចការការពារ និងអភិរក្សសត្វផ្សោតបន្ថែមទៀត អភិវឌ្ឍន៍រមណីយដ្ឋានអន្លង់ផ្សោតកាំពី ឲ្យក្លាយជារមណីដ្ឋានស្តង់ដា និងយកចិត្តទុកដាក់លើកកម្ពស់ជីវភាពប្រជាជន តាមរយៈសហគមន៍អេកូទេសចរណ៍នានា។

លោក ជួប រតនា បានបន្តទៀតថា ទិវាសត្វផ្សោតទន្លេមេគង្គនេះ ទទួលបានការពេញចិត្ត និងកោតសរសេីរពីភាគីពាក់ព័ន្ធ និងសាធារណជននានា ដោយបានសំពូមពរឲ្យមានរៀបចំព្រឹត្តិការណ៍នេះឲ្យបានអធិកអធមបន្ថែមទៀត នៅឆ្នាំក្រោយៗ និងរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដេីម្បីទាក់ទាញទេសចរមកខេត្តក្រចេះឲ្យបានកុះករបន្ថែមទៀត៕