(តាកែវ)៖ សិស្សឆ្នើមនិទ្ទេស A ក្នុងស្រុកទ្រាំង ខេត្តតាកែវ ទទួលបានរង្វាន់លើកទឹកចិត្តម៉ូតូ ០១គ្រឿង ព្រមទាំងថវិកាសម្ភារមួយចំនួន ពីលោកវេជ្ជបណ្ឌិត សុខ ផេង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង និងលោក សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០៩។
ថ្លែងក្នុងឱកាសនោះ លោក សុខ ផេង បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែបានរំដោះប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍នោះទេ តែថែមទាំងផ្តល់ឱកាសគ្រប់បែបយ៉ាង ឲ្យយើងទាំងអស់គ្នា មិនថាកូនអ្នកមាន ឬអ្នកក្រសុទ្ធតែមានឱកាស ក្នុងការរៀនសូត្រអភិវឌ្ឍន៍ខ្លួនទាំងអស់គ្នា ហើយទទួលបានរង្វាន់ថែមទៀតនៅពេលយើងរៀនបានពូកែ ទទួលបាននិទ្ទេសល្អ ដូចក្មួយប្រុស សួង សម្ភស្ស នាពេលនេះ។
នៅក្នុងឱកាសនោះលោក សុខ ពុទ្ធិវុធ ក៏បានផ្តាំផ្ញើសិស្សានុសិស្សដែលបានចូលរួមក្នុងកម្មវិធីនាពេលនេះ ត្រូវយកគំរូតាមសិស្សច្បង ហើយត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាព តាមរយៈការរៀនបន្ថែមដោយខ្លួនឯង នៅពេលទំនេរ ក៏ដូចជាចូលរួមវគ្គបំប៉ន ដែលបានរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ។
លោកសង្កត់ធ្ងន់ថា ការខឹតខំប្រឹងប្រែងរបស់ប្អូនៗ ដែលចូលរួមនៅទីនេះ នឹងមានឱកាសទទួលបាននិទ្ទេស A កាន់តែច្រើនបន្ថែមទៀត ជាពិសេស គឺពង្រឹងសមត្ថភាពខ្លួនដើម្បីអនាគតខ្លួនឯង ក្រមគ្រួសារ និងសង្គមជាតិ។
លោក សុខ ពុទ្ធិវុធ បានបន្ដថា នៅពេលដែលប្អូនៗ មានចំណេះដឹងហើយត្រូវចេះចែករំលែកចំណេះដឹងរបស់ខ្លួន ទៅអ្នកដទៃ ហើយខិតខំស្រាវជ្រាវបន្ថែមទៀត ដូចគេថាចេះដប់បង្រៀនទាំងដប់ ហើយស្រាវជ្រាវបន្ថែមដើម្បីបង្កើនចំណេះបន្ថែមទៀត៕