(កណ្ដាល)៖ ក្នុងពិធីអបអរសាទរខួប២ឆ្នាំ នៃថ្ងៃបង្កើតកងអន្ដរាគមន៍ចល័ត៩៩៩ លោកឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស និងជាមេបញ្ជាការកងអន្តរាគមន៍ ចល័ត៩៩៩ បានប្រកាសត្រៀមអនុវត្តបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកម្ទេចក្រុមជនក្បត់ជាតិ ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារបំផ្លាញសុខសន្ដិភាព។
ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ឌៀង សារុន មេបញ្ជាការរង ប្រចាំការបញ្ជាការដ្ឋានអង្គរក្សតំណាង នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។
ក្នុងនាមមេបញ្ជាការតំណាងឲ្យកងអន្តរាគមន៍ចល័ត៩៩៩ លោកឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល បានស្បថសច្ចាស្មោះត្រង់ដាច់ខាត និងមានភក្ដីភាពសុខចិត្ត លះបង់កាយចិត្តជីវិត និងហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ឲ្យបានដាច់ខាត។
ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ឯក ឌៀង សារុន បានប្រាប់ឲ្យនាយ និងពលទាហាន នៃបញ្ជាការដ្ឋានអង្គរក្សចងចាំថា ថ្ងៃទី០៩ ខែវិច្ឆិកា ជាថ្ងៃបញ្ចប់ជីវិតនយោបាយ និងធ្វើអត្តឃាតនយោបាយរបស់ទណ្ឌិត សម រង្ស៉ី និងបក្ខពួក ខណៈដែលប្រជាពលរដ្ឋ និងអ្នកគាំទ្រមួយចំនួនរបស់ក្រុមឧក្រិដ្ឋជន បានសារភាពនូវកំហុសរបស់ខ្លួន និងលែងជឿនូវការឃោសនាការភូតភកុហសជាច្រើនដង ចំពោះការវិលត្រឡប់មកកម្ពុជារបស់ទណ្ឌិត សម រង្ស៉ី នោះហើយ។
លោកឧត្តមសេនីយ៍ឯក ឌៀង សារុន បានបញ្ជាក់ថា ការប្រកាសចូលស្រុករបស់ទណ្ឌិត សម រង្ស៊ី តាមរយៈក្រុមប្រឆាំង គឺដើម្បីប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយបើយោងតាមចរិតធម្មជាតិរបស់ សម រង្ស៊ី ទណ្ឌិតរូបនេះ ដែលមានភាពកំសាកនៅក្នុងខ្លួនតាំងពីដើមមកនោះ ពិតជាមិនហ៊ានវិលចូលស្រុកនោះឡើយ គ្រាន់តែប្រកាសភូតភរ មតិជាតិ និងអន្ដរជាតិ ដើម្បីបង្ហាញការចាប់អារម្មណ៍ទៅលើខ្លួន និងក្រុមខ្លួនតែប៉ុណ្ណោះដើម្បី គៀងគរប្រមូលថវិការពីខ្មែរនៅក្រៅប្រទេស និងកម្មករនៅប្រទេសថៃ និងកូរ៉េ ដាក់ហោប៉ៅផ្ទាល់ខ្លួន។ ប៉ុន្ដែសម្រាប់រាជរដ្ឋាភិបាលវិញ បានត្រៀមវិធានការរួចជាស្រេច គឺខ្នោះរង់ចាំទទួលជានិច្ច នៅពេលបង្ហាញវត្តមាននៅកម្ពុជា។
លោកឧត្ដមសេនីយ៍ឯក ឌៀង សារុន បានអំពាវនាវដល់នាយ និងពលទាហានទាំងអស់ កុំជឿកុំចាញ់បោកការឃោសនា និងកុំចូលរួមសកម្មភាពប៉ុនប៉ង ធ្វើរដ្ឋប្រហារផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ជាមួយទណ្ឌិត សម រង្ស៉ី ឲ្យសោះជាទង្វើខុសច្បាប់ និងបន្តចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម អភិវឌ្ឍន៍ជាតិ និងបន្តគាំទ្របេក្ខភាពរបស់សម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី នៅក្នុងអាណត្តិទី៦ និងនៅអាណត្តិជាបន្តបន្ទាប់ ដើម្បីដឹកនាំ ប្រទេសធ្វើការអភិវឌ្ឍឲ្យរីកចម្រើនបន្តទៅមុខទៀត៕