(តាកែវ)៖ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារចុះជួយស្រុកត្រាំកក់ លោក ច័ន្ទ សារុន បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់ ការនេសាទត្រីដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ ដើម្បីចូលរួមថែរក្សា និងអភិរក្សពូជត្រីក្នុងស្រុក ជាពិសេសប្រភេទត្រីកំពុងរងគ្រោះ។
ការអំពាវនាវយ៉ាងដូច្នេះរបស់លោក ច័ន្ទ សារុន បានធ្វើឡើងក្នុងឱកាសអញ្ចើញចូលរួមពិធីលែងកូនត្រីក្នុងទំនប់ទឹកស្តុកសាប ស្ថិតនៅក្នុងភូមិតាស្មន់ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសំណាក់ អ៊ូច ភា អភិបាលខេត្តតាកែវ, មន្ត្រីរាជការមកពីអង្គភាពពាក់ព័ន្ធនានា និងបងប្អូនប្រជាពលរដ្ឋជាច្រើន។
លោក ច័ន្ទ សារុន បានលើកឡើងថា ក្នុងស្ថានភាពនៃកំណើនតម្រូវការស្បៀងអាហារ ដោយរត់តាមកំណើនសេដ្ឋកិច្ច៧% ក្នុង១ឆ្នាំ និងកំណើនប្រជាជននាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្មជាវិស័យអទិភាពមួយ ដោយក្នុងនោះអនុវិស័យជលផលនៅតែដើរតួនាទីយ៉ាងសំខាន់ផងដែរ ក្នុងការចូលរួមចំណែករក្សានិរន្តរភាពនៃ កំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានាសុវត្ថិភាព សន្តិសុខស្បៀង និងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ ហើយក៏ជាបណ្តាញមួយ នៃសុវត្ថិភាពសង្គមដែលមានប្រជាជនជាច្រើន មានមុខរបរពាក់ព័ន្ធទៅនឹងអនុវិស័យនេះ។ ពិតណាស់ថានៅក្នុងតំណាក់កាល ដែលសេដ្ឋកិច្ចកម្ពុជាកំពុងអភិវឌ្ឍឈានឡើង តែត្រីនិងវារីជាតិផ្សេងៗទៀត នៅតែស្ថិតជាអាហារយ៉ាងសំខាន់មិនអាចខ្វះបានរបស់ប្រជាជនខ្មែរយើងបន្ទាប់ពីស្រូវ-អង្ករ។
លោកបានបន្តរថា ទិវាមច្ឆជាតិ បានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងន័យដើម្បីបំផុសចលនាបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប ឲ្យបានជ្រាបអំពីសារៈសំខាន់នៃធនធាន ជលផល ដើម្បីចូលរួមថែរក្សានិងអភិរក្សពូជត្រីក្នុងស្រុក ជាពិសេសប្រភេទត្រីកំពុងរងគ្រោះ។ ជាមួយនេះ វាក៏មានន័យសំខាន់ទៀតដែរនោះ គឺបំផុសឲ្យមានការចូលរួមទាំងអស់គ្នា លើការងារអភិរក្សជីវៈចម្រុះផ្សេងៗទៀតឲ្យបានគង់វង្ស ដើម្បីធានានិរន្តរភាពធនធានជលផល សម្រាប់ការផ្តង់ផ្គង់ជីវភាព ធានាសន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
លោកបានបញ្ចាក់ទៀតថា ប្រជាពលរដ្ឋទាំងអស់ ត្រូវតែចូលរួមទប់ស្កាត់ការនេសាទត្រីដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ កុំកាប់បំផ្លាញព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន និងសូមឲ្យបងប្អូនចូលរួម បង្ករបង្កើនផលដំណាំបន្លែបង្ការ ចិញ្ចឹមសត្វ នៅក្នុងមូលដ្ឋាន ដើម្បីដោះស្រាយជីវភាពគ្រួសារនិងសូមធ្វើឲ្យក្លាយជា ទម្លាប់នៃការចូលចិត្តដាំដុះដើម្បីជីវភាពល្អប្រសើរ។
ដោយឡែក អភិបាលខេត្តតាកែវលោក អ៊ូច ភា បានគូសបញ្ជាក់ថា ពិធីលែងកូនត្រីនេះ បានប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំនៅគ្រប់ទីកន្លែង ដើម្បីបង្កើនមច្ឆាជាតិ ទុកជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋយើង សម្រាប់បំពេញនូវសេចក្តីត្រូវការក្នុងការបរិភោគប្រចាំថ្ងៃ និងសម្រាប់នេសាទដើម្បីធ្វើការលក់ដូរនៅទីផ្សារ ក៏ដូចជាបង្កើនចំណូលសម្រាប់លើកស្ទួយជីវភាពគ្រួសារផងដែរ។
លោកអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងចូលរួមទាំងអស់គ្នា ក្នុងថែរក្សាកូនត្រីដែលបានលែងក្នុងថ្ងៃនេះឲ្យបានគ្រប់ៗគ្នា ធ្វើយ៉ាងណាដើម្បីឲ្យកូនត្រីទាំងអស់នេះ បានធំធាត់ទុកជាប្រយោជន៍សម្រាប់យើងទាំងអស់គ្នា។
ជាមួយគ្នានោះលោក អ៊ូច ភា ក៏បានស្នើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសន្តិភាពដែលមានស្រាប់នេះឲ្យបានគង់វង្ស ដោយមិនត្រូវជឿទៅតាមការ ភូតភរ កុហក និងការញោះញ៉ុងពីសំណាក់ជនអគតិមួយចំនួន ដែលមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមហូបអំបុកសាមគ្គីជាតិទាំងអស់គ្នានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងន័យការពារជាតិ សាសនា ព្រះមហាក្សត្រ៕