(កំពង់ចាម)៖ លោកស្រី ជា ច័ន្ទទេវី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា ព្រមពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត និងដង្ហែរនៃអង្គកឋិនទានសាមគ្គីទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ទុកជាគរុភណ្ឌក្នុងវត្តជេតពាន ដែលស្ថិតនៅឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ។
ក្នុងឱកាសនោះ លោកស្រី ជា ច័ន្ទទេវី សមាជិកាគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត និងដង្ហែរ នៃអង្គកឋិនទានសាមគ្គី ដែលបានប្រារពធ្វើឡើងចាប់ពីល្ងាចថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០១៩ ដោយមានពិធីថ្វាយបង្គំព្រះរតនត្រៃ សមាទានសីល ព្រះសង្ឃសំដែងព្រះបរិត ជយន្តោ ប្រោះព្រហ្មដល់ពុទ្ធពុទ្ធបរិស័ទនាំមកនូវសេចក្តីសុខចំរើន និងមានការសំដែងធម៌ទេសនា អប់រំទូន្មាន ដល់ពុទ្ធបរិស័ទជិតឆ្ងាយ។
ចំណែកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ក៏មានពិធីដង្ហែរអង្គកឋិនទាន និងវេរប្រគេនត្រៃចីវរ គ្រឿងបរិក្ខា និងបច្ច័យជូនដល់ព្រះភិក្ខុសង្ឃ ជាកិច្ចបង្ហើយបុណ្យ។ លោកស្រី ជា ច័ន្ទទេវី បានសម្តែងនូវសេចក្តីរីករាយ ដោយឃើញ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ បានស្រុះស្រួលមូលមតិគ្នា រៀបចំបុណ្យកឋិនទានសាមគ្គីនេះឡើង ដោយទឹកចិត្តសប្បាយរីករាយ និងស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ។
ជាមួយគ្នានេះដែរ លោកស្រី បាននាំយកបច្ច័យ និងទេយ្យវត្ថុ ដែលទទួបានពីអង្គកឋិនទានេះប្រគេនដល់ព្រះសង្ឃ ដែលគង់ព្រះវស្សាអស់ត្រីមាស នៅវត្តជេតពានសម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត និងប្រើប្រាស់តាមកន្លងប្រពៃណីព្រះពុទ្ធសាសនាដោយសទ្ធាជ្រះថ្លាជាទីបំផុត។
លោកស្រី ក៏បានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លាធ្វើបុណ្យកឋិនទានសាមគ្គីនេះ ជូនចំពោះជីដូនជីតា ញាតិកាទាំងប្រាំពីសណ្តានដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសលចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យ សូមបានសុខ ចំរ៉ុងចំរើនជារៀងរហូតទៅ។
សូមបញ្ជាក់ថា បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើម ធ្វើបន្ទាប់ពី បុណ្យចេញវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។ ហើយបើទីអារាមណាមិនមានកឋិនណាមួយ ហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ៕