(ស្ទឹងត្រែង)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានចុះពិនិត្យស្ថានភាព វឌ្ឍនភាព និងធ្វើការសំណេះសំណាល ជាមួយប្រជាសហគមន៍នេសាទមកពី ១០សហគមន៍ នៃ៣៥សហគមន៍ ដែលកំពុងអនុវត្តគម្រោងនេះ នៅឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ការសំណេះសំណាលនេះ ដើម្បីពិនិត្យស្ថានភាព វឌ្ឍនភាព និងសមិទ្ធផលនានាទទួលបានពីការអនុវត្តគម្រោងស្តីពី ការគ្រប់គ្រងធនធានទឹក ជលផល និងវារីសត្វចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ សមាសភាគទី១ (M-IWRM-3) នៅខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី វេង សាខុន បានថ្លែងអំណរគុណ ដល់ធនាគារពិភពលោក ដែលបានសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំ និងអនុវត្តគម្រោងនេះឡើង ក្នុងខេត្តគោលដៅទាំង២ មានខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ទទួលបានលទ្ធផលគួរជាទីមោទនៈ។
លោកបន្ថែមថា លទ្ធផលជាផ្លែផ្កា ដែលសម្រេចបាន គឺមិនអាចកាត់ថ្លៃបានពីកិច្ចខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈមោះមុត ពុះពារគ្រប់ឧបសគ្គពីសមាជិក សមាជិកានៃសហគមន៍នេសាទទាំងអស់នោះបានទេ។ សមិទ្ធផលលេចធ្លោ ដែលសម្រេចបានគឺ សហគមន៍បានសហការ ជាមួយគ្រប់ភាគីពាក់ព័ន្ធបញ្ចប់ការរៀបចំប្លង់ស្ថានីយផលិតត្រីពូជនៅក្នុងខេត្ត ដែលសកម្មភាពនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គឺពិតជាសំខាន់ក្នុងការការពារ និងធានាដល់និរន្តរភាពនៃពូជត្រីធម្មជាតិរបស់យើង។
លោករដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីជំនាញបន្តផ្តល់ការគាំទ្រ និងកិច្ចសហការឲ្យអស់លទ្ធភាពទាំងផ្នែកបច្ចេកទេស និងវគ្គបណ្តុះបណ្តាល ដល់សហគមន៍ ទូទាំងខេត្ត ធ្វើយ៉ាងណាបង្កើនសមត្ថភាពពួកគាត់ក្នុងការការពារ គ្រប់គ្រង អភិរក្ស និងជាពិសេសអភិវឌ្ឍន៍ធនធានជលផលប្រកបដោយចីរភាព និងនិរន្តរភាព។ ហើយក៏ត្រូវលើកទឹកចិត្តដល់សមាជិក សមាជិកាសហគមន៍ ក្នុងការធ្វើវារីវប្បកម្ម កសិកម្មជម្រុះ ការចិញ្ចឹមសត្វ និងជាពិសេសការកែច្នៃ ដើម្បីបង្កើនតម្លៃ និងប្រាក់ចំណូលគ្រួសារ កាត់បន្ថយការពឹងអាស្រ័យ លើធនធានធម្មជាតិ។
លោក វេង សាខុន បានបន្ថែមទៀតថា ដោយឡែកសហគមន៍ទាំងអស់ ក៏ត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហការរវាងសហគមន៍ រួមគ្នាខិតខំប្រឹងប្រែងបន្តធ្វើយ៉ាងណា ពង្រឹងការចិញ្ចឹម ការការពារ និងអភិរក្សដែននេសាទរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាព។
សូមជម្រាប អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង M-IWRM-3 ដែលសម្រេចបាន នៅខេត្តស្ទឹងត្រែង បច្ចុប្បន្ន មានសហគមន៍នេសាទចំនួន ៣៥សហគមន៍ និងមានសមាជិក សមាជិកាសរុបចំនួន ៨,៦៥៦នាក់ ក្នុងនោះស្ត្រី ចំនួន៥,១៦១នាក់ កំពុងទទួលការឧបត្ថម្ភគាំទ្រ ដើម្បីជួយគាំទ្រដល់ការការពារ ទប់ស្កាត់បទល្មើសជលផល អភិរក្សធនធានជលផល ការបង្កើត គ្រប់គ្រងសហគមន៍នេសាទ ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារបរិក្ខារ បានបណ្តុះបណ្តាល ផ្សព្វផ្សាយ អប់រំ និងពង្រឹងច្បាប់ស្តីពីជលផល និងជាពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍នេសាទសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។
សមិទ្ធផលជាវិជ្ជមាន ដែលគម្រោង និងសហគមន៍នេសាទទាំងអស់សម្រេចបានរួមមាន៖ បានធ្វើការកែសម្រួល និងបច្ចុប្បន្នភាពនៃផែនការ គ្រប់គ្រងកន្លែងនេសាទរបស់ខ្លួន បានរៀបចំចងក្រងឯកសារ និងគោលការណ៍ ណែនាំសំខាន់ៗដូចជា ការគ្រប់គ្រងនិងលើកកម្ពស់ជីវភាពសហគមន៍នេសាទ សហគ្រប់គ្រងធនធានជលផល ការបោះបង្គោលព្រំប្រទល់កន្លែងនេសាទសហគមន៍ ការកសាងនិងថែទាំហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារបរិក្ខារ។ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តគម្រោង សហគមន៍នេសាទចំនួន២៥ នៃខេត្តស្ទឹងត្រែង បានទទួលសម្ភារល្បាត និងទូកម៉ាស៊ីនចំនួន ៥០គ្រឿង ហើយក៏កំពុងដំណើរការផ្តល់ការចំណាយប្រតិបត្តិការ និងការថែទាំដល់សហគមន៍ផងដែរ៕