(កណ្ដាល)៖ លោក គីម រីទ្ធី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកណ្ដាល បានថ្លែងថា ការចូលរួមក្នុងការងារសង្គម បានផ្ដល់ឱកាសឲ្យបានកសាងកិត្តិយស កេរ្តិ៍ឈ្មោះ មិត្តភាព ប្រជាប្រិយភាព និងឥទ្ធិពលដែលអាចធ្វើឲ្យទទួលបានភាពជោគជ័យច្រើននៅក្នុងមូលដ្ឋាន។
លោកបានថ្លែងបែបនេះ នៅក្នុងកម្មវិធីចែករំលែកបទពិសោធន៍ នៃការងារស្ម័គ្រចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកោះធំ ដោយមានការចូលរួមពី យុវជនស.ស.យ.កជាង ៥០០នាក់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩។
លោកបានបន្តថា ក្រៅពីការងារសង្គម យុវជនស.ស.យ.កស្រុកកោះធំ ត្រូវខិតខំបង្កើនមិត្តភក្តិ ដែលប្រកបដោយគុណភាព ជាមិត្តភាពពិតប្រាកដអាចពឹងពាក់គ្នាបានទៅវិញទៅមក ក្នុងគ្រាជួបការលំបាកនានា។
លោកក៏បានជំរុញឲ្យយុវជនស.ស.យ.កស្រុកកោះធំ ត្រូវខំកសាងបណ្ដាញយុវជន បណ្ដាញនារីបន្ថែមទៀត យ៉ាងហោចណាស់១ឃុំ ឲ្យបាន១០០នាក់ តាមរយៈការលេងកីឡាបាល់ទាត់ បាល់ទះ តាមរយៈការងារមនុស្សធម៌ ការងារអប់រំ និងបរិស្ថាន ដើម្បីប្រមូលផ្តុំកម្លាំងគ្នាចូលរួមបម្រើឲ្យផលប្រយោជន៍សង្គមជាតិ ដោយត្រូវខិតខំបង្កើនសមត្ថភាព ត្រូវមានសេចក្តីក្លាហានក្នុងការឡើងបញ្ចេញមតិយោបល់ ពង្រឹងរចនាសម្ព័ន្ធ តួនាទីភារកិច្ចដឹកនាំ របស់ស.ស.យ.កស្រុកឲ្យច្បាស់លាស់ និងរឹងមាំ។
ក្នុងឱកាសនោះ លោកក៏បានជំរុញដល់សមាជិកស.ស.យ.កស្រុកកោះធំទាំងអស់ ត្រូវចូលរួមផ្លាស់ប្ដូរនូវបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក ក្នុងកម្មវិធីនេះ ឲ្យបានផុសផុល ត្រូវលើកពីបញ្ហាប្រឈម កង្វះខាត ផែនការអនុវត្តបន្ត និងសំនូមពរនានា ដើម្បីរកដំណោះស្រាយឲ្យបានទាន់ពេលវេលា។
គួរញ្ជាក់ថា ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយ និងបង្កើនមិត្តភាព សាមគ្គីភាពឲ្យកាន់តែស្អិតរមួតបន្ថែមទៀតនោះ ក្នុងពិធីនេះក៏មានការឡើងច្រៀងលេងកម្សាន្ត ការចាប់ឆ្នោតផ្សងសំណាង យកវត្ថុអនុស្សាវរីយ៍មាន ទូរស័ព្ទដៃ Power Bank មួកសុវត្តិភាព ជូនដល់សមាជិកផងដែរ៕