(រតនគិរី)៖ រដ្ឋបាលសាលាខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ បានរៀបចំពិធីអបអរសាទរខួបលើកទី១៥ នៃព្រះរាជពិធីបុណ្យគ្រងរាជសម្បត្តិខួបលើកទី១៥ (២៩ តុលា ២០០៤- ២៩ តុលា ២០១៩) របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាសកម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី។
ពីធីនេះបានប្រព្រឹត្តទៅនៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន ក្រោមអធិបតីភាពលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គិត ទ្រី អភិបាលរងខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធាន-អនុប្រធានមន្ទីរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជុំវិញខេត្តសិស្សានុសិស្ស ប្រជាពលរដ្ឋសរុបប្រមាណជាង២០០នាក់ និងមានព្រះសង្ឈសូត្រមន្តជយោនតោថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។
លោក គិត ទ្រី តំណាងឲ្យព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្ត បានអានសារលិខិតថ្វាយព្រះពរសព្វសារធុការ និងបានសម្តែងភក្ដីភាពកតញ្ញូធម៌ ចំពោះព្រះមហាករុណាទិគុណដ៏ជ្រាលជ្រៅបំផុត និងបានលំឱនកាយបួងសួង ដល់គុណបុណ្យព្រះរតនត្រៃយ៍ គុណបុណ្យដល់វត្ថុសក្ដិសិទ្ធិក្នុងលោក និងបារមីទេវតារក្សាស្វេតច្ឆត្រ សូមជួយប្រសិទ្ធពរជ័យបវរសួស្ដីសិរីមង្គល មហាប្រសើរថ្វាយដល់ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង សូមឲ្យមានព្រះរាជសុខុមាលភាពល្អ បរិបូណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងមានជន្មាយុយឺនយូរជាងរយព្រះវស្សា ដែលព្រះអង្គកំពុងគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរ ទូទាំងព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្តតរៀងទៅ៕