(កណ្ដាល)៖ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំអំពៅព្រៃ រួមជាមួយក្រុមប្រឹក្សាឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ១,២០០នាក់ មកពី៩ភូមិ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដើម្បីក្តាប់បាននូវកង្វល់ ក៏ដូចជាសំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា។
នៅក្នុងអង្គវេទិកានោះ បានធ្វើឡើងដើម្បីបង្ហាញអំពីការដឹកនាំរដ្ឋបាលកម្រិតថ្នាក់ឃុំ និងដើម្បីក្តាប់បានពីបញ្ហាកើតនៅក្នុងឃុំ ការអនុវត្តរបស់មន្ត្រីមូលដ្ឋាន និងការបម្រើសេវាសាធារណៈ។ ក្នុងនោះប្រជាពលរដ្ឋ យុវជនរបស់យើង បានលើកពីកង្វល់មួយចំនួន ពាក់ព័ន្ធលើបញ្ហាផ្លូវថ្នល់ ប្រព័ន្ធប្រឡាយលូ ការបង្កើនផល ទឹកស្អាត បរិស្ថានសំរាម បញ្ហាសន្តិសុខសង្គម និងគ្រឿងញៀនជាដើម។
លោក អ៊ូច សាវឿន អភិបាល សរុកកណ្តាលស្ទឹង ដែលបានចូលរួមក្នុងឪកាសនោះ បានបកស្រាយបញ្ហា២ ពាក់ព័ន្ធបញ្ហាសេវាសុខភាព និងការបម្រើសេវាសាធារណៈ នៅក្នុងឃុំ និងនៅថ្នាក់ស្រុក ដែលរាជរដ្ឋាភិបាលបានដាក់ចុះ។ ក្នុងនោះក៏បានលើកអំពីបញ្ហាបច្ចេកទេស លើការកាត់ប្លង់ដី និងផ្ទេរកម្មសិទ្ធិដីធ្លី ដែលលោកបានសំណូមពរឲ្យប្រជាពលរដ្ឋ ត្រូវធ្វើទៅតាមច្រកការិយាល័យសូរិយោដី និងពន្ទដាស្រុក កុំពឹងពាក់អ្នករត់ការ និងបានសុំឲ្យប្រជាពលរដ្ឋ ចូលរួមអភិវឌ្ឍន៍ភូមិឃុំរបស់ខ្លួន។
លោក សេង ស៊ីណារិន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំអំពៅព្រៃ តំណាងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់គណបក្សប្រជាជនកម្ពុជា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ដោយឡែកស្រុកកណ្តាលស្ទឹង ក្រោមការដឹកនាំ និងចុះជួយរបស់ក្រុមការងារថ្នាក់ជាតិប្រចាំស្រុក, នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ជាប្រធានក្រុមការងារថ្នាក់ជាតិស្រុក បានខិតខំចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៍ ក្នុងនោះ វិស័យសន្តិសុខ សេដ្ឋកិច្ចសង្គមកិច្ច សាសនា ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ សាលារៀន និងមណ្ឌលសុខភាព បានកសាងបន្តបន្ទាប់និងរីកចម្រើនឥតឈប់ឈរប្រកបដោយចិរភាព ដែលធ្វើឲ្យមានការផ្លាស់ប្តូរដ៏ជ្រាលជ្រៅនូវជីវភាពរបស់ប្រជាជនទាំងខាងសម្ភារ និងទាំងខាងស្មារតី។
លោក បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ឲ្យមន្ត្រីអាជ្ញាធរដែនដី ត្រូវដោះស្រាយសេវាសាធារណៈ ឲ្យប្រជាពលរដ្ឋបានល្អ និងទាន់ពេលវេលា។
លោក សេង ស៊ីណារិន ក៏បានទទួលយកសំណើររបស់ប្រជាពលរដ្ឋ ហើយបានប្រកាសឲ្យកងកម្លាំងមានសមត្ថកិច្ច មានកងនគរបាលប៉ុស្តិ៍ និងប្រជាការពារឃុំ ចាប់អ្នកលេងល្បែងស៊ីសងគ្រប់ប្រភេទ មកដាក់ពិន័យ ដើម្បីយកថវិកាមកកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធប្រឡាយ លូ នៅក្នុងឃុំ។
ជាមួយគ្នានេះ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងយុវជន ក៏ចាញ់ឧបាយកលរបស់ពួកទណ្ឌិត សម រង្ស៊ី មកបំផ្លិចបំផ្លាញសុខសន្តិភាពនៅកម្ពុជា ហើយចូលរួមទទួលទានអកអំបុកទាំងអស់គ្នា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ដែលក្រុមការងាររៀបចំធ្វើនៅវត្តគោកចេះ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រយៈពេលបីយប់ និងបីថ្ងៃនៅទីនោះ៕