(ភ្នំពេញ)៖ គណបក្សខ្មែររួបរួមជាតិរបស់ លោក ញឹក ប៊ុនឆៃ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ បានបង្ហាញការគាំទ្រចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ ចលនាក្រៅច្បាប់ដែលដឹកនាំដោយ ទណ្ឌិត សម រង្ស៉ី ដើម្បីញុះញង់ បំផុស បំភាន់ ប្រជាពលរដ្ឋ ឲ្យធ្លាក់ក្នុងគ្រោះថ្នាក់ជាថ្មីម្តងទៀត។
តាមរយៈសេចក្តីប្រកាសរបស់ខ្លួន គណបក្សខ្មែររួបរួមជាតិ បានបញ្ជាក់៣ចំណុចដូចតទៅ៖
១៖ គណបក្សខ្មែររួបរួមជាតិវាយតម្លៃខ្ពស់ និងចាត់ទុកជាការត្រឹមត្រូវស្របច្បាប់ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងបង្ការបាតុភាពទាំងឡាយដែលបង្កដោយចលនាក្រៅច្បាប់ញុះញង់ បំផុស បំភាន់ ប្រជាពលរដ្ឋស្លូតត្រង់ឲ្យធ្លាក់ក្នុងគ្រោះថ្នាក់។ គណបក្សខ្មែររួបរួមជាតិ សូមគាំទ្រទាំងស្រុងនូវចំណាត់ការតាមផ្លូវច្បាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរក្សាសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ សន្តិភាព និងស្ថិរភាពនៅកម្ពុជា។
២៖ គណបក្សខ្មែររួបរួមជាតិ សូមអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋជនរួមជាតិ សូមកុំចាញ់កលឧបាយរបស់ក្រុមប្រឆាំងក្រៅច្បាប់ ដែលគ្មានអ្វីក្រៅពីនាំឲ្យប៉ះពាល់ដល់សុវត្ថិភាព និងជីវភាពផ្ទាល់ខ្លួន ដ៏ដូចជាធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សន្តិសុខ និងសង្គមជាតិ បង្កការរារាំងដល់ការអភិវឌ្ឍ។
៣៖ គណបក្សខ្មែររួបរួមជាតិ សូមចូលរួមជាមួយបងប្អូនជនរួមជាតិខ្មែរទាំងឡាយ ក្នុងការអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតព្រះទីប អកអំបុក សំពះព្រះខែ ដោយសេចក្តីសប្បាយរីករាយ តាមគន្លងប្រពៃណី ជាតិខ្មែរយើងតាំងពីបូរាណរៀងមក។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ស្ថាប័ន និងក្រសួងមានសមត្ថកិច្ច កំពុងមានចំណាត់ការលើ សមាជិកក្រុមឧទ្ទាមដែលដឹកនាំដោយ លោក សម រង្ស៉ី ដែលរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដោយក្នុងនោះ បានចាប់ខ្លួនជនពាក់ព័ន្ធជាបន្តបន្ទាប់។ ប៉ុន្តែទោះជាយ៉ាងនេះក្តីសម្រាប់អ្នកដែលសារភាព ក៏ត្រូវបានរួចផុតពីទោសផងដែរ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ គណបក្សខ្មែររួបរួមជាតិ៖