(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវជាតិលេខ៣ ចំនួន២០គីឡូម៉ែត្រ ចេញពីកំពត-ភ្នំពេញ និងធ្វើបណ្តោះអាសន្នសិនដោយចាក់កៅស៊ូតែមួយស្រទាប់តែប៉ុណ្ណោះ សម្រាប់ត្រៀមសម្រួលចររាចណ៍ នាឱកាសបុណ្យសមុទ្រខាងមុខនេះ ហើយផ្លូវ២០គីឡូម៉ែត្រនេះ ជាការជួយរបស់ក្រុមហ៊ុនសាងសង់ចិន មិនបានប្រើប្រាស់ថវិការដ្ឋនោះទេ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យមើលការសាងសង់ផ្លូវបណ្តោះអាសន្នរបស់ក្រុមហ៊ុនសាងសង់ចិន នៅខេត្តកំពត ដោយមានការចូលរួមពីលោក ជាវ តាយ អភិបាលខេត្តកំពត រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោក ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ការធ្វើបណ្តោះអាសន្ននេះ គឺមិនបានចាក់កៅស៊ូឱ្យបានគ្រប់នោះទេ គឺដាក់តែមួយស្រទាប់ទេ ដើម្បីកុំឱ្យហុយដី ក្នុងឱកាសបុណ្យសមុទ្រ ហើយក្រុមហ៊ុនសាងសង់ចិនក៏បានព្រមជួយធ្វើផ្លូវបណ្តោះអាសន្ន ផ្លូវក្រវាត់ក្រុង៣គីឡូម៉ែត្រទៀត ដោយក្រុមហ៊ុនចិន នឹងធ្វើឱ្យហើយរួចរាល់ មុននឹងរៀបចំព្រឹត្តិការណ៍ធំៗចំនួន២ គឺពិធីបុណ្យសមុទ្រជុំទី៣ នៅខេត្តកំពត ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ និងពិធីប្រណាំងកង់អន្តរជាតិ ចាប់ពីខេត្តកោះកុង ឆ្ពោះមកខេត្តកែប ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែមករា ឆ្នាំ២០២០។

លោក ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ទៀតថា ដូចនេះហើយសូមបងប្អូនដឹងជាមុន បើផ្លូវធ្វើបណ្តោះអាសន្នឆាប់ខូតសូមកុំបន្តោស ព្រោះវាមិនទាន់ធ្វើតាមស្តង់ដារនោះទេ គឺធ្វើបណ្តោះអាសន្នដើម្បីឱ្យប្រើប្រាស់សិន រហូតដល់ផ្លូវស្តង់ដារបានធ្វើរួចរាល់។

លោកទេសរដ្ឋមន្ដ្រី ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋមានការយោគយល់អធ្យាស្រ័យ ចំពោះការហុយធូលី ការកកស្ទះចរាចរណ៍ និងពិបាកធ្វើដំណើរក្នុងពេលសាងសង់ និងសូមកុំបន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបណ្ដាលឱ្យផ្លូវរបស់យើងឆាប់ខូច នាំឱ្យខាតបង់ថវិកាជាតិ ជាពិសេសចូលរួមថែរក្សាផ្លូវឱ្យរឹងមាំជាប់បានយូរអង្វែង។

នៅក្នុងឱកាសនោះផងដែរលោក ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ទៀតថា ផ្លូវថ្នល់មួយចំនួននៅកម្ពុជាកំពុងត្រូវបានបន្តអភិវឌ្ឍជាបន្តបន្ទាប់ពី កៅស៊ូ២ស្រទាប់ (DBST) ទៅជាបេតុងកៅស៊ូ (AC) និងផ្លូវមួយចំនួនទៅជាបេតុងស៊ីម៉ងត៍ ដូចជា៖ ផ្លូវកោះកុង- ស្រែអំបិល កំពង់ធ្វើជា AC ២គន្លង និងមាន៤កន្លែង ពង្រីកទៅជា ៤គន្លងផងដែរ។

សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ (ភ្នំពេញ-កំពត) មានប្រវែងសរុប១៣៤,៧៩៦គីឡូម៉ែត្រ ដោយក្នុងនោះប្រវែង៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅ ដល់បែកគុស ត្រូវសាងសង់ជាផ្លូវ ៤គន្លង និងចាប់ពីបែកគុស ដល់ទីរួមខេត្តកំពត ប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ ២គន្លង។ គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២១៩,៩១១ លានដុល្លារសហអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន ថ្នល់ចិន ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន និងប្រើរយៈពេល៤៨ខែ៕