(ភ្នំពេញ)៖ អគ្គនាយិកាក្រុមហ៊ុន ធារ៉ា លាង ឯ.ក របស់ផលិតផលគ្រឿងសំអាងម៉ាកយីហោខ្មែរ T&L Natural ទទួលពានរង្វាន់ជាសហគ្រិនស្ត្រីឆ្នើមលេខ១ប្រចាំឆ្នាំ ពីលោក ហ៊ុន ម៉ាណែត ក្នុងកម្មវិធី CEO AWARD 2019 ដែលមានម្ចាស់សហគ្រិនចូលរួមប្រមាណ១០០នាក់ ជាមួយនិងរង្វាន់ជ័យលាភី៦៦រូបផងដែរ។
លោកស្រី លាង ធារ៉ា អគ្គនាយិការក្រុមហ៊ុន ធារ៉ា លាង ឯ.កបានទទួលរង្វាន់ជាសហគ្រិនស្ត្រីឆ្នើមលេខ១ប្រចាំឆ្នាំ ពីលោក ហ៊ុន ម៉ាណែត ដោយផ្ទាល់ក្នុងកម្មវិធីរាត្រីស្រមោលសរជួបជុំម្ចាស់អាជីវកម្មកម្ពុជា CEO Award 2019 ដែលរៀបចំឡើងដោយ ក្លឹបបង្វឹកអាជីវកម្ម CEO Master Club នាថ្ងៃទី២៦ ខែតុលានេះ នៅសណ្ឋាគារសុខាភ្នំពេញ។
នៅក្នុងកម្មវិធីប្រគល់រង្វាន់នេះ ត្រូវបានបែងចែករង្វាន់ជា៤ប្រភេទ ក្នុងនោះរួមមាន៖
១៖ គឺរង្វាន់ Master CEO Award (ពាន ស៊ីអ៊ីអូ ម៉ាស្ទ័រ) ជាពានជ័យលាភីសម្រាប់ទទួលស្គាល់ និងលើកទឹកចិត្តសហគ្រិនដែលបានតស៊ូខិតខំប្រឹងប្រែងកសាងសមត្ថភាពរបស់ខ្លួនឲ្យក្លាយជាអ្នកដឹកនាំធុរកិច្ចកំពូលជាមួយ CEO Master Club ចាប់ពី ៨កម្មវិធីឡើងទៅ ដើម្បីមានសមត្ថភាព ក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារ និងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ក្នុងស្រុកឲ្យកាន់តែមានភាពរឹងមាំ។
២៖ Outstanding Entrepreneur Medal (មេដាយសហគ្រិនឆ្នើម) ជាមេដាយសម្រាប់ទទួលស្គាល់ស្នាដៃសហគ្រិនលេចធ្លោរបស់ CEO Master Club ដែលបង្ហាញពីលទ្ធផលនៃការរីកចម្រើនអាជីវកម្មរបស់ខ្លួនគួរឲ្យកត់សម្គាល់ បន្ទាប់ពីបានអនុវត្តនូវរបៀបរបបក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារទៅស្តង់ដារបន្ទាប់ពីបានចូលរួមជាសមាជិកគ្រួសារ CEO Master Club។
៣៖ Outstanding Accounting Award (ពានគណនេយ្យឆ្នើម) ជាពានសម្រាប់ទទួលស្គាល់ និងលើកទឹកចិត្តដល់សហគ្រិនឆ្នើមរបស់ CEO Master Club ដែលបានរៀបចំរបៀបរបប និងស្តង់ដារគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុបានល្អ រឹងមាំ សម្រាប់ក្រុមហ៊ុនរបស់ខ្លួន។
៤៖ Outstanding CEO Award (ពាន ស៊ីអ៊ីអូ ឆ្នើម) ជាពានជ័យលាភីសម្រាប់ទទួលស្គាល់ស្នាដៃសហគ្រិនឆ្នើមរបស់សមាជិក CEO Master Club ដែលបានជ្រើសរើសដោយគណៈកម្មការ CEO Award ថាជាបេក្ខភាពដែលបានបង្ហាញលទ្ធផល និងការអនុវត្តនូវរបៀបរបបក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារទៅស្តង់ដារ ឲ្យមានការចម្រើនខ្លាំងទាំងលក្ខណៈជាបុគ្គល ជាគ្រួសារ ជាស្ថាប័ន និងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការសង្គម បន្ទាប់ពីបានចូលរួមជាសមាជិកគ្រួសារ CEO Master Club។
បើតាមការបញ្ជាក់ពីលោកស្រី ធារ៉ា លាង បានឲ្យដឹងថា ក្នុងចំណោមពានរង្វាន់របស់ CEO Master Club ខាងលើនេះ គឺក្រុមហ៊ុនT&L Natural ទទួលបានចំនួនបីក្នុងពេលតែមួយ រួមជាមួយនិងចំណាត់ថ្នាក់កិត្តិយស ជ័យលាភីសហគ្រិនឆ្នើមលេខ១ប្រចាំឆ្នាំបន្ថែមទៀតផងដែរ។
ក្នុងពិធីនោះដែលលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានសង្កត់ធ្ងន់ថា «ប្រទេសកម្ពុជារីកចម្រើន ក្រុមហ៊ុនត្រូវតែរីកចម្រើន សក្តានុពលរបស់យើងគឺត្រូវរីកចម្រើន។ ខ្មែរខ្លាំងមិនអាស្រ័យទៅលើក្រុមហ៊ុនបរទេស ខ្លាំងនោះទេ គឺអាស្រ័យលើក្រុមហ៊ុនខ្មែរខ្លាំង»។
លោកបានគូសបញ្ជាក់ថា «ត្រង់ចំណុចនេះខ្ញុំកត់សម្គាល់ចំពោះ តួនាទីរបស់សហគ្រិន ក្នុងការចូលរួមចំណែកការកសាងស្ថាបនាសេដ្ឋកិច្ចជាតិ ឲ្យមានភាពរឹងមាំរីកចម្រើន និងសូមឯកភាពទស្សនៈ របស់លោក អោម សេងបូរ៉ា ក្នុងអត្ថន័យថា សហគ្រិនជាបុគ្គលស្នេហាជាតិ ដែលមានបេសកកម្មឧត្តុង្គឧត្តមក្នុងការកសាង និងអភិវឌ្ឍជាតិលើគ្រប់វិស័យ តាមរយ:ការចូលរួមផ្គត់ផ្គង់ផលិតផល និងសេវាកម្មតាមសេចក្តីត្រូវការរបស់សង្គម ការបង្កើតការងារជូនប្រជាពលរដ្ឋ ការចូលរួមកសាងធនធានមនុស្ស និងការចូលរួមបង្កើនចំណូលថវិកាជាតិ»។
គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ប្រគល់ពានជ័យលាភីនេះ មានម្ចាស់អាជីវកម្មចំនួន ៦៦រូប ទទួលបានពានជ័យលាភី Master CEO Award (ពាន ស៊ីអ៊ីអូ ម៉ាស្ទ័រ), ២០រូបទទួលបាន Outstanding Entrepreneur Medal (មេដាយសហគ្រិនឆ្នើម), ០៥រូប ទទួលបានពាន Outstanding Accounting Award (ពានគណនេយ្យឆ្នើម) និង១១រូបទៀតទទួលបានពានជ័យលាភី Outstanding CEO Award (ពាន ស៊ីអ៊ីអូ ឆ្នើម)៕